en     km
en     km

នាយករដ្ឋមន្រ្តីជំរុញឱ្យស្ថាប័នព័ត៌មានហ៊ានបញ្ចេញព័ត៌មានពិតដើម្បីជំរុញកំណែទម្រង់រដ្ឋ

Share

ភ្នំពេញ៖ ក្នុងសារលិខិតរបស់នាយករដ្ឋមន្រ្តីផ្ញើទៅកាន់អ្នកសារព័ត៌មាន សម្តេច ហ៊ុន សែន បានជំរុញឱ្យអ្នកសារព័ត៌មានហ៊ានបញ្ចេញព័ត៌មានពិត មិនក្លែងបន្លំ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណែទម្រង់រដ្ឋ។ នេះបើតាមសារលិខិតរបស់រាជរដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដែលនាយករដ្ឋមន្រ្តីបង្ហោះលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ក្នុងសារលិខិតរបស់រាជរដ្ឋាភិបាលផ្ញើមកកាន់អ្នកសារព័ត៌មាន សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ចំនួន ៧ ចំណុច ដោយជំរុញឱ្យអ្នកសារព័ត៌មានចូលរួមផលិតព័ត៌មានប្រកបដោយស្មារតីទទួលខុសត្រូវ ធានាស្ថិរភាពនយោបាយ និងរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់។ មួយទៀតអ្នកសារព័ត៌មានត្រូវចូលរួមរាយការណ៍ពីភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌ក្នុងសង្គមជាដើម។

ជាងនេះ អ្នកសារព័ត៌មានត្រូវចូលរួមជាមួយរដ្ឋាភិបាលជំរុញឱ្យមានការកែទម្រង់រដ្ឋ តាមរយៈការហ៊ានបញ្ចេញព័ត៌មានពិត មិនក្លែងបន្លំ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលតែងតែបង្កភាពចលាចល អស្ថិរភាពក្នុងសង្គម។

ក្នុងសារលិខិតកម្រាស់ ៤ ទំព័រសម្តេច ហ៊ុន សែន បានចាត់ទុកអ្នកសារព័ត៌មានប្រៀបដូចជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកស្ថាប័នរដ្ឋវិញ ដើម្បីទទួលបានដំណឹងបានឆាប់រហ័សឈានទៅរកការដោះស្រាយទាន់ពេលវេលា។

ទាក់ទិនក្នុងរឿងនេះដែរលោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) សង្កេតឃើញថា ការបំពេញភារកិច្ចរបស់អ្នកសារព័ត៌មានកន្លងមកតែងរងការគម្រាមកំហែង ការបំភិតបំភ័យ ឬការហាមឃាត់ពីសំណាក់អាជ្ញាធរមូលដ្ឋានទៅវិញ ដែលបញ្ហានេះបង្កការលំបាកដល់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មានឱ្យបានជាក់លាក់ និងត្រឹមត្រូវ។ លោក ណុប វី បន្ថែមថា ដើម្បីធានាដល់អ្នកសារព័ត៌មានហ៊ានធ្វើសេចក្តីរាយការណ៍ពិតត្រឹមត្រូវ គឺទាមទារឱ្យអាជ្ញាធររដ្ឋផ្តល់កិច្ចការពារសុវត្ថិភាព និងសន្តិសុខដល់អ្នកសារព័ត៌មានពេលពួកគេចុះបំពេញការងារ។

លោក ណុប វី ៖«ព្រោះយើងឃើញថា កន្លងមកក្នុងករណីអ្នកសារព័ត៌មានហ៊ានទៅរាយការណ៍រឿងបទល្មើសព្រៃឈើ ហ៊ានរាយការណ៍ការបើកល្បែងស៊ីសងខុសច្បាប់អីហ្នឹងគឺត្រូវរងការវាយដំពីសំណាក់ជនល្មើសដែលបើកកន្លែងស៊ីសង តែជាក់ស្តែងមិនឃើញមានសមត្ថកិច្ច ឬក៏អាជ្ញាធរចាប់ខ្លួនយកទៅផ្តន្ទាទោសទេ ចំណុចហ្នឹងជាភាពអសកម្មរបស់មន្រ្តីសាធារណៈដែលត្រូវផ្តល់កិច្ចការពារដល់សុវត្ថិភាព សន្តិសុខដល់អ្នកសារព័ត៌មាន»។

លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)

 

កំណត់ត្រារបស់ស្ថាប័នខេមបូចា ចាប់តាំងពីខែមករា ដល់ដើម ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានករណីបៀតបៀនមកលើអ្នកសារព័ត៌មានចំនួន ៣៨ ករណី សរុបមានចំនួន ៥៦នាក់។ ក្នុងនោះមានស្រ្តីចំនួន ៤នាក់ផងដែរ ដែលភាគច្រើនជាករណីចាប់ឃុំខ្លួន និងការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច៕

Share

Image
Image
Image