en     km
en     km

បុគ្គលិកណាហ្គាវើលដ៍ជាង៧០០នាក់បានផ្តិតមេដៃគ្រោងដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីស្ថានទូតនានា

Share

ភ្នំពេញ៖ យ៉ាងហោចណាស់បុគ្គលិកណាហ្គាវើលដ៍ចំនួនជាង ៧០០ នាក់បានផ្តិតមេដៃក្នុងញត្តិ ដែលពួកគេគ្រោងប្រគល់ញត្តិនោះទៅតាមស្ថានទូតនានា ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទ និងដោះលែងតំណាងសហជីពបុគ្គលិកចំនួន ៨ នាក់កំពុងជាប់ឃុំឃាំងត្រឡប់មកវិញ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

រយៈពេលពីរថ្ងៃគឺពីថ្ងៃទី១១ និងទី១២ ខែមករា ឆ្នាំ២០២២ សមាជិកសហជីពនិងបុគ្គលិកនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួនជាង ៧០០នាក់ បានផ្តិតមេដៃក្នុងញត្តិរបស់ពួកគេដែលមានសំណើចំនួនបីចំណុច ដែលប្រគល់ទៅស្ថានទូតនានា ជាអ្វីដែលពួកគេដាក់ការរំពឹងទុកថា អាចទទួលបានដំណោះស្រាយនិងការដោះលែងតំណាងរបស់ពួកគេមកវិញ។

នេះជាការបញ្ជាក់របស់អ្នកស្រី ណុប ទិត្យបូរ៉ាវី បុគ្គលិកផ្នែកចុងភៅនៃក្រុមហ៊ុនណាហ្គាវើលដ៍ជាកាស៊ីណូល្បែងស៊ីសងធំជាងគេមួយក្នុងរាជធានីភ្នំពេញក្បែរវិមានរដ្ឋសភាពជាតិ។

អ្នកស្រី ណុប ទិត្យបូរ៉ាវី ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះថា រយៈពេលពីរថ្ងៃនេះក្រុមកូដករជាង ៧០០នាក់បានផ្តិលមេដៃលើញត្តិ ដែលចំនួននេះនៅមិនទាន់គ្រប់ចំនួនអតិបរមាដែលគ្រោងឱ្យបានយ៉ាងហោចណាស់ជាងមួយពាន់នាក់នោះ។ អ្នកស្រីបញ្ជាក់ថា ការរៀបចំញត្តិក៏ទាន់បានរៀបរយនៅឡើយ ដោយត្រូវរៀបចំញត្តិជាច្រើនច្បាប់ព្រោះត្រូវប្រគល់ជូនស្ថានទូតជាង១៤ប្រទេសឯណ្ណោះ។

យ៉ាងណាអ្នកស្រីបញ្ជាក់ថា ចំនួនស្នាមមេដៃទំនងអាចប្រមូលគ្រប់នៅថ្ងៃនេះឬថ្ងៃស្អែក បន្ទាប់មកក្រុមកូដករនឹងចាប់ផ្តើមប្រមូលផ្តុំគ្នាដើរដាក់ញត្តិទៅស្ថានទូតនានាប្រមាណ ១៤ នៅរាជធានីភ្នំពេញឱ្យទូតជាអន្តរាគមន៍ដោះស្រាយ។

ខ្លឹមសារក្នុងញត្តិដែលក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ត្រៀមប្រគល់ជូនស្ថានទូតនានាមានចំនួនបីចំណុច ក្នុងនោះស្នើឱ្យទូតនានាជួយលើកឡើងនូវការចាប់ខ្លួនតំណាងសហជីពទាំង ៨ នាក់ដល់រដ្ឋាភិបាល ដើម្បីឱ្យមានការដោះលែងតំណាងពួកគេមកវិញ។ មួយទៀតសុំឱ្យស្ថានទូតនានាជួយចូលរួមឃ្លាំមើលការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ និងខ្លឹមសារចុងក្រោយចង់ឱ្យមានកិច្ចអន្តរាគមន៍ធ្វើយ៉ាងណាឱ្យភាគីក្រុមហ៊ុនគោរពច្បាប់និងសន្ធិសញ្ញាអង្គការ ILO និងសិទ្ធិកម្មករ បុគ្គលិកនយោជិត។

ក្រុមកូដករដាក់ការរំពឹងទុកថា ស្ថានទូតនានាពិសេសទូតនៃប្រទេសមហាអំណាចនឹងអាចអន្តរាគមន៍ឬដាក់សម្ពាធទៅកាន់រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធដើម្បីរកដំណោះស្រាយសមរម្យជូនដល់បុគ្គលិកណាហ្គាវើលដ៍ និងផ្តល់ភាពយុត្តិធម៌ដោះលែងតំណាងសហជីពរបស់ពួកគេមកវិញ។

ជាការតក់សម្គាល់ ការគ្រោងដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីស្ថានទូតនានានេះ បន្ទាប់ពីការចរចាដោះស្រាយវិវាទរវាងបុគ្គលិកនិងភាគីក្រុមហ៊ុន នៅសាលារាជធានីភ្នំពេញ នៅក្រសួងការងារ និងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលសុទ្ធតែត្រូវបរាជ័យ។ មួយវិញទៀត ការចេញធ្វើកូដកម្មរបស់បុគ្គលិកក៏រងការចាប់ខ្លួនពីសមត្ថកិច្ចផងដែរ ដែលតំណាងសហជីពពួកគេចំនួន ៨ នាក់នៅកំពុងជាប់ឃុំឃាំងនៅឡើយ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ថា ការអូសបន្លាយពេលកាន់តែយូរដោយមិនមានឆន្ទៈដោះស្រាយពីស្ថាប័នពាក់ព័ន្ធ និងការចាប់ឃុំឃាំងតំណាងសហជីពណាហ្គាវើលដ៍ បានបង្ហាញរូបភាពរំលោភសិទ្ធិមនុស្ស សិទ្ធិកម្មករសហជីពកាន់តែធ្ងន់ធ្ងរ។

តែយ៉ាងណា ក្រសួងការងារបានចេញសេចក្តីប្រកាសព័ត៌មាន និងបានដាក់មន្រ្តីរបស់ខ្លួនផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានតាមរយៈឧបករណ៍ឃោសនស័ព្ទនៅមុខក្បួនកូដកម្មតែម្តង ដោយបង្គាប់ឱ្យបុគ្គលិកដែលមិនស្ថិតក្នុងផែនការកាត់ចេញរបស់ក្រុមហ៊ុន ឱ្យទៅផ្ទៀងផ្ទាត់ប្រាក់បំណាច់ការងារនិងដោះស្រាយសំណងផ្សេងៗ។ មួយវិញទៀត ភាគីក្រុមហ៊ុនបានប្រើប្រាស់មធ្យោបាយហៅទូរស័ព្ទទៅកាន់បុគ្គលិកម្នាក់តែម្តង ដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យមកទូទាត់សំណងនិងទទួលយកពួកគេចូលធ្វើការវិញ។

អាជ្ញាធរមានសមត្ថកិច្ចប្រកាសឱ្យបុគ្គលិកណាហ្គាវើលដ៍ទៅទទួលយកការដោះស្រាយដើម្បីបញ្ចប់ការធ្វើកូដកម្ម។រូបភាពពីហ្វេសប៊ុកCCHR

 

តែសម្រាប់ក្រុមកូដករយល់ថា ការប្រើរូបភាពបែបនេះជាវិធីសាស្រ្តបំបែកបំបាក់សាមគ្គីនិងធ្វើឱ្យពួកគេទន់ខ្សោយតែប៉ុណ្ណោះ បន្ទាប់ពីសមត្ថកិច្ចចាប់តំណាងពួកគេដែលជារូបភាពបំភិតបំភ័យ និងគម្រាមកំហែងពួកគេ។

សូមរំលឹកថា បុគ្គលិកកម្មករណាហ្គាវើលដ៍ជាង ១ពាន់នាក់ បានចាប់ផ្តើមធ្វើកូដកម្មចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដើម្បីទាមទារដំណោះស្រាយលក្ខខណ្ឌការងារចំនួន ៩ បន្ទាប់ពីស្ថាប័នពាក់ព័ន្ធរួមមានសាលារាជធានីភ្នំពេញ ក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបរាជ័យក្នុងការដោះស្រាយវិវាទមួយនេះ។

លក្ខខណ្ឌ ៩​ ចំណុចដែលបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ទាមទាររួមមាន ទាមទារឱ្យក្រុមហ៊ុនទទួលបុគ្គលិកចំនួន៣៦៥នាក់ចូលធ្វើការវិញ។ មួយទៀតត្រូវគិតប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាដល់បុគ្គលិកដែលត្រូវកាត់ចេញពីក្រុមហ៊ុន។ និងទាមទារឱ្យក្រុមហ៊ុនអនុវត្តសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលបានបង្គាប់ឱ្យក្រុមហ៊ុនគិតប្រាក់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឱ្យបានត្រឹមត្រូវ៕

Share

Image
Image
Image