en     km
en     km

លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសជួបភាគីផ្សេងៗគ្នានៅកម្ពុជា

Share

ដោយបានមកដល់កម្ពុជាតាំងពីថ្ងៃអាទិត្យ ទី ០៩ ខែមករា លោកស្រី អាម៉ាន់ដា មីល្លីង អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកតំបន់អាស៊ី បានចំណាយពេល ៤ ថ្ងៃ របស់លោកស្រីនៅកម្ពុជា ជួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មេដឹកនាំគណបក្សប្រឆាំង មេដឹកនាំអង្គការមិនមែនរដ្ឋាភិបាល និងតំណាងវិស័យឯកជន។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …

 

 

លោកស្រី អាម៉ាន់ដា មីល្លីង អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ី ដែលទើបបានបញ្ចប់ទស្សនកិច្ចនៅកម្ពុជានាព្រឹកថ្ងៃពុធ ទី១២ ខែមករានេះ បានទៅដល់ប្រទេសថៃហើយនៅព្រឹកថ្ងៃដដែល។

ដោយបានមកដល់កម្ពុជាតាំងពីថ្ងៃអាទិត្យ ទី០៩ ខែមករា លោកស្រី អាម៉ាន់ដា មីល្លីង បានចំណាយពេល៤ថ្ងៃរបស់លោកស្រីនៅកម្ពុជា ជួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មេដឹកនាំគណបក្សប្រឆាំង មេដឹកនាំអង្គការមិនមែនរដ្ឋាភិបាល និងតំណាងវិស័យឯកជនមួយចំនួនទៀត។

នៅថ្ងៃដែលលោកស្រីបានមកដល់កម្ពុជា អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសបានជួបមេដឹកនាំនិងសហគ្រិនជាស្ត្រីជាច្រើននាក់។ លោកស្រីបានគូសបញ្ជាក់តាមទ្វីតធើថា៖ «ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រដ៏រឹងមាំ ចំពោះសមភាពយែនឌើរ និងចំពោះការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដើម្បីឱ្យអង់គ្លេសជួយបំផុសគំនិតឱ្យស្ត្រីពូកែៗក្នុងជំនាន់ថ្មីនៅតំបន់អាស៊ីអាគ្នេយ៍ អាចឆ្លងកាត់ អាចប្រឈមមុខនឹងគំរូមិនល្អ និងអាចបង្កើតផលប៉ះពាល់ជាវិជ្ជមានបាន»។

លោកស្រី អាម៉ាន់ដា មីល្លីង បានប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺឯកឧត្ដម ហង់ ជួន ណារ៉ុន នៅថ្ងៃអង្គារ ទី១១ ខែមករា ដើម្បីពិភាក្សាអំពីរបៀបដែលប្រទេសអង់គ្លេសអាចជួយកម្ពុជាបានក្នុងវិស័យអប់រំ រួមទាំងការបង្កើនឱកាសសម្រាប់នារីវ័យក្មេងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាផង។ លោកស្រីបានលើកឡើងតាមសំណេរលើទ្វីតធើថា៖ «លើកស្ទួយការអប់រំកុមារីជាអាទិភាពមួយរបស់រដ្ឋាភិបាលអង់គ្លេស»។

ក្នុងវិស័យបរិស្ថានវិញ អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសបានលើកឡើងថា​ លោកស្រីបានជជែកជាមួយឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃអង្គារដដែល អំពី«កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធស្អាត ទៀងត្រង់ និងគួរឱ្យជឿជាក់បាន»។

ក្នុងសំណេរតាមទ្វីតធើនោះ លោកស្រី អាម៉ាន់ដា មីល្លីង មិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចពិភាក្សានេះទេ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា វាជាជំនួបដ៏ល្អជាមួយរដ្ឋមន្ត្រី សាយ សំអាល់ ដើម្បីពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ និងអំពីការបន្តការងារដោយផ្អែកលើវឌ្ឍនភាពដែលសម្រេចបានអំឡុងសន្និសិទអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុលើកទី២៦។

លោកស្រី អាម៉ាន់ដា មីល្លីង បានជួបពិភាក្សាជាមួយឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃអង្គារដែរ។ អំឡុងកិច្ចប្រជុំដែលក្រសួងការបរទេសកម្ពុជាផ្សព្វផ្សាយតិចតួចតាមហ្វេសប៊ុកនោះ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសបានសរសេរតាមទ្វីតធើថា៖ «ក្នុងនាមជាដៃគូសន្ទនាថ្មី យើងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីដោះស្រាយបញ្ហាប្រឈមចម្បងៗនៅក្នុងតំបន់ លើកកម្ពស់ពាណិជ្ជកម្ម និងជួយផ្ដល់ជំនាញរបស់អង់គ្លេសក្នុងការកសាងសង្គមឱ្យកាន់តែប្រសើរឡើងវិញ»។

ចេញពីកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោកស្រី អាម៉ាន់ដា មីល្លីង បានសន្ទនាដោយផ្ទាល់ជាមួយឯកឧត្ដម កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃអង្គារ ទី១១ ខែមករាដដែល។ តាមរយៈហ្វេសប៊ុក ឯកឧត្ដម កឹម សុខា បានសរសេរអំពីការប្រជុំដែលរៀបចំដោយស្ថានទូតអង់គ្លេសនៅកម្ពុជាថា៖ «លោកជំទាវរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព គឺជាគុណតម្លៃ និងក៏ជាគោលកាណ៍ស្នូលនៃគោលនយោបាយបរទេស ដែលចក្រភពអង់គ្លេសត្រូវធ្វើនិងផ្សារភ្ជាប់ជាមួយ»។

មេដឹកនាំអតីតគណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជាបានសរសេរបន្តថា៖ «លោកជំទាវរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តតាមដានដោយយកចិត្តទុកដាក់ អំពីដំណើរការនិងលទ្ធផលនៃសវនាការនាពេលខាងមុខ ដែលពាក់ព័ន្ធនឹងសេរីភាពរបស់ខ្ញុំ ក្នុងការចូលរួមដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលខាងមុខផងដែរ»។

លោកស្រី អាម៉ាន់ដា មីល្លីង បានសរសេរផ្សាយតាមទ្វីតធើ អំពីជំនួបជាមួយឯកឧត្ដម កឹម សុខា ដោយលើកឡើងថា៖ «ជាសេចក្ដីរីករាយដែលជួប កឹម សុខា នៅភ្នំពេញ ដើម្បីជជែកអំពីស្ថានភាពនយោបាយបច្ចុប្បន្ន»។

«យើងទាំង ២ នាក់ ចង់ឃើញកម្ពុជាមានសន្តិភាព វឌ្ឍនភាព និងប្រជាធិបតេយ្យ។ យើងបានពិភាក្សាអំពីសេចក្ដីត្រូវការ ដើម្បីឱ្យមានការគោរពសិទ្ធិមនុស្ស និងឱ្យប្រជាជនកម្ពុជាជំនាន់ក្រោយមានឥទ្ធិពលនៅក្នុងសង្គម»។ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសបានសរសេរបន្តយ៉ាងដូច្នេះ អំពីជំនួបជាមួយប្រមុខអតីតគណបក្សសង្គ្រោះជាតិ។

កាលពីថ្ងៃចន្ទ ទី១០ ខែមករា លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ី អាម៉ាន់ដា មីល្លីង បានប្រជុំជាមួយបណ្ដាមេដឹកនាំអង្គការសិទ្ធិមនុស្សដែលឈានមុខគេនៅកម្ពុជា និងបាននិយាយអំពីសារៈសំខាន់នៃការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ លោកស្រីបានអះអាងតាមទ្វីតធើថា៖ «យើងនឹងគាំទ្រសេរីភាពសម្ដែងមតិនិងសេរីភាពសារព័ត៌មានជាដរាប»។

នៅថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ លោកស្រី អាម៉ាន់ដា មីល្លីង បានពិភាក្សាជាមួយប្រធានរាជបណ្ឌិតសភាកម្ពុជា គឺបណ្ឌិត សុខ ទូច អំពីទំនាក់ទំនងរវាងប្រទេសអង់គ្លេសនិងប្រទេសកម្ពុជា ព្រមទាំងអំពីអាទិភាពរបស់កម្ពុជាចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសបានពិភាក្សាជាមួយអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា នៅថ្ងៃចន្ទដដែល អំពីការពង្រឹងទំនាក់ទំនងអង់គ្លេស-កម្ពុជាក្នុងការអភិវឌ្ឍនិងការវិនិយោគទុន អំពីកាលានុវត្តភាពសម្រាប់ឱ្យអង់គ្លេសប្រើជំនាញរបស់ខ្លួនជួយកម្ពុជាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុស្អាតស្អំនិងគួរឱ្យទុកចិត្តបាន អំពីការស្ដារប្រទេសកម្ពុជាពីវិបត្តិកូវីដ-១៩ ព្រមទាំងអំពីសារៈសំខាន់នៃការអប់រំ។

នៅថ្ងៃចន្ទនោះ លោកស្រី អាម៉ាន់ដា មីល្លីង ក៏បានជួបជាមួយតំណាងក្រុមហ៊ុនអង់គ្លេសនៅក្នុងប្រទេសកម្ពុជាដែរ ដើម្បីជជែកអំពីឱកាសសម្រាប់កំណើន ការងារ និងពាណិជ្ជកម្មនៅកម្ពុជា។ អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកតំបន់អាស៊ីរូបនេះបានអះអាងតាមទ្វីតធើថា លោកស្រីបានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញារបស់អង់គ្លេស ដើម្បីបង្កើនពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដើម្បីគាំទ្រក្រុមហ៊ុននានាឱ្យបង្កើតការងារនិងវឌ្ឍនភាពនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅអង់គ្លេស៕

Share

Image
Image
Image