en     km
en     km

ជប៉ុនផ្តល់ប្រាក់កម្ចីដល់កម្ពុជាប្រមាណ ១៨៥ លានដុល្លារឆ្លើយតបវិបត្តិជំងឺកូវីដ-១៩

Share

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បន្តផ្តល់ប្រាក់កម្ចីដល់កម្ពុជាប្រមាណ ១៨៥លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ក្នុងដំណាក់កាលទី២។ នេះបើតាមទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ដែលបានបង្ហាញឃ្លីបវីដេអូនៃពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចី នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ។

បើតាមទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី កម្ចីនេះប្រើប្រាស់សម្រាប់គាំទ្រដល់ជនងាយរងគ្រោះនិងជនដែលរងផលប៉ះពាល់ក្នុងវិបត្តិកូវីដ១៩ ក្នុងនោះមានប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្រ្តី កុមារ និងជនជាតិដើមភាគតិចជាដើម។

កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុនបានផ្តល់កម្ចីជាង ២៣៧លានដុល្លារ ដែលសរុបទាំងពីរលើកមានទឹកប្រាក់ជាង ៤២០លានដុល្លារ។ ក្រៅពីការផ្តល់កម្ចីជាសាច់ប្រាក់ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងសម្ភារបរិក្ខារពេទ្យផងដែរ សរុបជាថវិកាមានជាង ៦០លានដុល្លារអាមេរិក។

ជុំវិញព្រឹត្តិការណ៍ឆ្លងរាតត្បាតជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៥០០លានដុល្លារអាមេរិក ជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរប្រមាណ ២.៩ លាននាក់ចាប់ពីខែកក្កដា ដល់ដំណាច់ឆ្នាំ ២០២១។ នាយករដ្ឋមន្រ្តីធ្លាប់គូសបញ្ជាក់ថា កម្ពុជាបានចាយវាយថវិកាដែលសន្សំទុកអស់ប្រមាណ ២,៣០០លានដុល្លារអាមេរិកក្នុងវិបត្តិជំងឺកូវីដ១៩នេះ៕

 

Share

Image
Image
Image