កាលពីថ្ងៃចន្ទម្សិលមិញ សង្គមស៊ីវិលចំនួន ៥៩ អង្គការ បានបញ្ចេញសេចក្ដីថ្លែងការណ៍រួមមួយ ដើម្បីរម្លឹកដល់អំពើហិង្សានៅលើមហាវិថីវេងស្រេង ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤ ដែលបានបណ្ដាលឱ្យកូដករយ៉ាងតិច ៤ នាក់ ស្លាប់ និងយ៉ាងហោចណាស់ ៣៨ នាក់ របួស និងបាត់ខ្លួនម្នាក់។
ដោយដាក់ចំណងជើងថា «ការចងចាំនៅផ្លូវវេងស្រេង៖ ៨ឆ្នាំក្នុងភាពស្ងប់ស្ងាត់ ប៉ុន្តែគ្មានយុត្តិធម៌», សេចក្ដីថ្លែងការណ៍នោះបានលើកឡើងតាមសំណេរដើមថា «កូដកម្មរបស់កម្មករ-កម្មការិនីកាត់ដេរ ដែលអំពាវនាវឱ្យមានប្រាក់ឈ្នួលអប្បរមាសមរម្យ ត្រូវបានរងការបង្ក្រាបយ៉ាងឃោរឃៅ និងមិនសមស្រប។ ការស៊ើបអង្កេតក្រោយមកទៅលើការបាញ់ប្រហារនេះ គឺត្រូវបានរាយការណ៍ថា ធ្វើឡើងត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ ហើយពុំមាននរណាម្នាក់ត្រូវបានយកមកផ្ដន្ទាទោសចំពោះការស្លាប់របស់ លោក គឹម ផាលាប, លោក សាម រ៉ាវី, លោក យាន រឹទ្ធី, និងលោក ផេង កុសល នោះទេ។ ផ្ទុយទៅវិញ កម្មករនយោជិត និងអ្នកការពារសិទ្ធិមនុស្សចំនួន ២៣ នាក់ ត្រូវបានចាប់ខ្លួន និងក្រោយមកត្រូវបានផ្ដន្ទាទោសនៅក្នុងសវនាការមួយ ជុំវិញការចោទប្រកាន់ពី បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស បទរារាំងចរាចរណ៍សាធារណៈ និងបទប្រមាថ ពាក់ព័ន្ធនឹងការតវ៉ានេះ។»
កូដកម្មនៅដើមខែមករា ឆ្នាំ ២០១៤ ប៉ុន្តែបានប្រែក្លាយជាកុប្បកម្ម ដោយសារកូដករបានចោលដបសាំង ដំបង និងដុំថ្ម ទៅអាជ្ញាធរមានសមត្ថកិច្ច បានធ្វើឱ្យក្មេងប្រុសម្នាក់ឈ្មោះ ខឹម សុផាត កាលណោះ អាយុ ១៥ ឆ្នាំ នៅតែបន្តបាត់ខ្លួនរហូតដល់បច្ចុប្បន្ន។ អង្គការសង្គមស៊ីវិលបានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា «សុផាត ត្រូវបានគេប្រទះឃើញលើកចុងក្រោយដោយដេកផ្កាប់មុខនៅក្នុងថ្លុកឈាម បន្ទាប់ពីរងការបាញ់ប្រហារដោយគ្រាប់កាំភ្លើងចំទ្រូង ដែលបង្ខំឱ្យអ្នកដទៃរត់យករួចខ្លួន ដើម្បីសុវត្ថិភាពរបស់ពួកគេ ខណៈដែលកម្លាំងសមត្ថកិច្ចនៅតែបន្តបាញ់ប្រហារទៅលើអ្នកតវ៉ា។ នៅពេលដែលអ្នកតវ៉ាត្រលប់ទៅទីតាំងដើមវិញបន្ទាប់ពីការបាញ់ប្រហារត្រូវបានបញ្ឈប់ សុផាត ត្រូវបានបាត់ពីកន្លែងកើតហេតុដែរ។»
បណ្ដុំអង្គការសង្គមស៊ីវិលបានបន្តស្នើសុំឱ្យមានការទទួលខុសត្រូវចំពោះការបាញ់ប្រហារកាលពី៨ឆ្នាំមុន ក៏ដូចជាចំពោះការបាត់ខ្លួនក្មេងប្រុស ខឹម សុផាត៕