en     km
en     km

ក្រុងហុងកុងបដិសេធរឿងសេរីភាពសារព័ត៌មានប្រឈមនឹងការផុតរលត់

Share

បន្ទាប់ពីការបិទសារព័ត៌មានអនឡាញសេរីមួយចំនួននាពេលថ្មីៗ, មេដឹកនាំក្រុងហុងកុង គឺលោកស្រី ខារី ឡាំ បាននិយាយនៅថ្ងៃអង្គារនេះថា លោកស្រីមិនអាចទទួលយកបានទេ ចំពោះការអះអាងថា សេរីភាពសារព័ត៌មាននៅក្នុងទីក្រុងនេះប្រឈមមុខនឹង«ការផុតរលត់»។

កញ្ញា មាស គឹម ធួន ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

មេដឹកនាំក្រុងហុងកុង គឺលោកស្រីខារី ឡាំ បាននិយាយនៅថ្ងៃអង្គារនេះថា លោកស្រីមិនអាចទទួលយកបានទេ ចំពោះការអះអាងថា សេរីភាពសារព័ត៌មាននៅក្នុងទីក្រុងនេះ ប្រឈមមុខនឹង«ការផុតរលត់»។

ការថ្លែងរបស់លោកស្រីអភិបាលក្រុង បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនគរបាលបានឆ្មក់ចូលអង្គភាពប្រព័ន្ធផ្សព្វផ្សាយអនឡាញមួយ និងបានចាប់ខ្លួនមនុស្ស ៧ នាក់ រួមទាំងបុគ្គលិកជាន់ខ្ពស់ផង។

លោកស្រី ឡាំ បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅពេលដែលសារព័ត៌មានអនឡាញឯករាជ្យមួយផ្សេងទៀត ឈ្មោះ ស៊ីធីហ្សិន ញូស៍ បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន នៅចំពោះមុខអ្វីដែលអង្គភាពនេះបានពិពណ៌នាថា ជាបរិយាកាស«កាន់តែយ៉ាប់យ៉ឺន»សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងដែនដីអាណានិគមអង់គ្លេសពីមុន ក្រោមការគ្រប់គ្រងរបស់ចិនបច្ចុប្បន្ន។

លោកស្រី ឡាំ បានថ្លែងថា៖ «ព្រឹកនេះ ខ្ញុំបានអានព័ត៌មានអំពីរឿងដែលថា សេរីភាពសារព័ត៌មានក្នុងទីក្រុងហុងកុង ប្រឈមនឹងការផុតរលត់ ដោយសារតែការបិទប្រព័ន្ធផ្សព្វផ្សាយអនឡាញ …។ ខ្ញុំពិតជាមិនអាចទទួលយកការចោទប្រកាន់បែបនេះបានទេ»។ លោកស្រីបានបន្ថែមទៀតថា គ្មានអ្វីសំខាន់ជាងនីតិរដ្ឋឡើយ។

ទីក្រុងហុងកុងបានវិលត្រលប់ទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនវិញនៅឆ្នាំ ១៩៩៧ ជាមួយនឹងការសន្យាថា សិទ្ធិបុគ្គលដ៏ទូលំទូលាយ រួមទាំងសារព័ត៌មានសេរីផង នឹងត្រូវគេការពារ។

ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្ស និងរដ្ឋាភិបាលលោកខាងលិចមួយចំនួន បាននិយាយថា សេរីភាពទាំងនេះបានរេចរឹល ជាពិសេសចាប់តាំងពីរដ្ឋាភិបាលចិនបានដាក់ឱ្យប្រើច្បាប់សន្តិសុខជាតិនៅទីក្រុងហុងកុងក្នុងឆ្នាំ ២០២០។

រដ្ឋាភិបាលចិនបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនបានយកប្រព័ន្ធផ្សព្វផ្សាយជាគោលដៅទេ ហើយថា ខ្លួនក៏មិនបានរារាំងសេរីភាពនានានៅក្នុងទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកនេះដែរ។

ប្រទេសចិនបាននិយាយថា ការតស៊ូមតិអំពីរឿងសិទ្ធិ កំពុងត្រូវបានប្រើប្រាស់ ក្នុងការប៉ុនប៉ងបង្អាក់ដំណើរលូតលាស់របស់ទីក្រុងហុងកុង បន្ទាប់ពីច្បាប់សន្តិសុខជាតិបានស្ដារស្ថិរភាពនៅទីនោះឡើងវិញ។

សូមរម្លឹកថា ក្នុងសប្តាហ៍មុន មន្ត្រីនានាបានឆ្មក់ចូលការិយាល័យសារព័ត៌មានអនឡាញ ស្តែន ញូស៍, បានបង្កកទ្រព្យសម្បត្តិសារព័ត៌មាននេះ និងបានចាប់បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក ចំនួនសរុប ៧ នាក់ រួមទាំងអតីតសមាជិកក្រុមប្រឹក្សាភិបាលផង។ បុគ្គលិកជាន់ខ្ពស់ ២ ​នាក់ ​ត្រូវ​បាន​ចោទ​ពី​បទ​បំបះបំបោរ។

បន្ទាប់មក នៅថ្ងៃចន្ទម្សិលមិញ សារព័ត៌មានអនឡាញមួយទៀត ឈ្មោះ ស៊ីធីហ្សិន ញូស៍ បាននិយាយថាការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ឈប់ប្រតិបត្តិការចាប់ពីថ្ងៃអង្គារនេះតទៅ គឺបណ្ដាលមកពីការបិទនិងការចាប់ខ្លួនមនុស្សនៅអង្គភាពសារព័ត៌មាន ស្តែន ញូស៍ ហើយក៏ដើម្បីធានាសុវត្ថិភាពបុគ្គលិកខ្លួនដែរ៕

យោង៖ https://www.reuters.com/world/asia-pacific/hong-kong-leader-says-she-cannot-accept-claims-press-freedom-faces-extinction-2022-01-04/

Share

ព័ត៌មានទាក់ទង

Image