en     km
en     km

សមាជិកសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ ៩នាក់ត្រូវបញ្ជូនមកតុលាការនៅព្រឹកនេះ

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ សមាជិកសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ចំនួន ៩នាក់ត្រូវបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ពីលោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា(CATU)នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់វិទ្យុស្រ្តីថា នៅព្រឹកនេះមានកម្មករបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើននាក់បានមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមដានឃ្លាំមើលសាវនាការតំណាងរបស់ពួកគេទាំង ៩នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនពេលធ្វើកូដកម្មទាមទារឱ្យកុ្រមហ៊ុនណាហ្គាវើលដ៍ដោះស្រាយលក្ខខ័ណ្ឌចំនួន៩ចំណុច​។

លោកស្រី យ៉ាង សុភ័ណ្ឌ បន្តថា បុគ្គលិកនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍នៅតែរក្សាជំហរធ្វើកូដកម្មទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេ និងទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនិងសិទ្ធិកម្មករ ពិសេសពន្លឿនការដោះស្រាយវិវាទជូនពួកគេ។

ទាក់ទងការចាប់ខ្លួននិងចោទថាសមាជិកសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ ៩នាក់​ធ្វើកូដកម្មខុសច្បាប់ លោកស្រី យ៉ាង សុភ័ណ្ឌ យល់ថា គឺមានភាពមិនត្រឹមត្រូវនោះទេ ព្រោះកម្មករណាហ្គាវើសដ៍បានឆ្លងកាត់នីតិដោះស្រាយជាច្រើន និងបានជូនដំណឹងក្នុងការធ្វើកូដកម្មដោយអហិង្សា។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU)។រូបភាពពីហ្វេសប៊ុក CaTu

 

សូមស្តាប់ប្រសាសន៍លោកស្រី យ៉ាង សុភ័ណ្ឌ៖

 

កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមាជិកសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ ៩នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះមានឈ្មោះ ទូច សិរីមាស,ហៃ សុភាព, រី សុវណ្ណឌី, ឈឹម សុខន, ឃ្លាំង សុបិន្ត, សុន ស្រីពេជ្រ និងអ្នកផ្សេងទៀតក្នុងចំណោមអ្នកទាំង ៩ នាក់នោះ។

នៅមុនការចាប់ខ្លួននេះ ពោលគឺនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដល់បុគ្គលិកកម្មករណាហ្គាវើលដ៍ឱ្យបញ្ឈប់ជាបន្ទាន់សកម្មភាពធ្វើកូដកម្មដោយខុសច្បាប់របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍។ ក្នុងសេចជូនដំណឹងនោះចង្គុលចំឈ្មោះ ឈឹម ស៊ីថរ, ឈឹម សុខន, សុន ស្រីពេជ្រ,ហៃ សុភាព, រី សុវណ្ណឌី​,ប៉េង សោភា,សុខ គង្គា ដែលជាតំណាងសហជីព ឱ្យបញ្ឈប់សកម្មភាពសម្តែងមតិនិងធ្វើបាតុកម្មខុសច្បាប់ ព្រោះមិនបានបំពេញតាមនីតិវិធីស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។

សូមរំលឹកថា ​បុគ្គលិកកម្មករ​ណាហ្គាវើលដ៍​ជាង​ ១ពាន់​នាក់​ បាន​ចាប់ផ្តើម​​ធ្វើ​កូដកម្ម​ចាប់តាំង​ពីខែធ្នូ ​ឆ្នាំ២០២១មក ​ដើម្បី​ទាម​ទារ​ដំណោះ​ស្រាយ​លក្ខខណ្ឌការងារចំនួន ៩ ចំណុច​ពី​ថៅកែ​ក្រុមហ៊ុន។ ការចេញធ្វើកូដកម្មនេះ បន្ទាប់ពីស្ថាប័នពាក់ព័ន្ធរួមមានសាលារាជធានីភ្នំពេញ ក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបរាជ័យក្នុងការដោះស្រាយវិវាទមួយនេះ៕

 

 

Share

Image
Image
Image