ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូនេះ បានបង្ហាញបំណងចង់បង្កើតច្បាប់មួយកំណត់អាយុធ្វើនាយករដ្ឋមន្រ្តីត្រឹមអាយុ ៧០ ឬ ៧២ ឆ្នាំតែប៉ុណ្ណោះ ខណៈអ្នកនយោបាយនិងអ្នកធ្វើការងារលើកិច្ចការបោះឆ្នោតយល់ឃើញថា ច្បាប់នេះនឹងប៉ះពាល់ដល់បេក្ខភាពអ្នកនយោបាយផ្សេងៗទៀត ក្នុងការចូលរួមប្រកួតប្រជែងជាមួយបក្សកាន់អំណាច។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិនៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងបង្ហើបបំណងបង្កើតច្បាប់ស្តីពីការកំណត់អាយុធ្វើនាយករដ្ឋមន្រ្តីត្រឹម៧០ ឬ៧២ឆ្នាំ តែប៉ុណ្ណោះ ក្រោយពេលសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តី។ ការបង្ហាញចេតនាធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តីនេះ សម្តេចធ្វើឡើងដើម្បីឆ្លើយតបទៅកាន់មជ្ឈដ្ឋានមួយចំនួនដែលសំដៅដល់អ្នកនយោបាយអតីតគណបក្សប្រឆាំងដែលត្រូវបានរំលាយ។
ទាក់ទងរឿងនេះលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាយល់ថា ជាទិចនិចនយោបាយរបស់នាយករដ្ឋមន្រ្តីដែលខ្លាចបេក្ខភាពកូនប្រុសរបស់សម្តេចពិបាកប្រកួតប្រជែងជាមួយអ្នកនយោបាយចាស់វស្សារបស់អតីតបក្សប្រឆាំង ខណៈមួយរយៈចុងក្រោយនេះសម្តេច ហ៊ុន សែន មានបំណងឱ្យកូនឡើងធ្វើជានាយករដ្ឋមន្រ្តីបន្ត។ សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន មិនយល់ស្របឡើយចំពោះការកំណត់អាយុធ្វើនាយករដ្ឋមន្រ្តី តែលោកគាំទ្រឱ្យមានការកំណត់អាណត្តិនាយករដ្ឋមន្រ្តីទើបជាការប្រសើរ។
ដោយឡើយលោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិច(Nicfec) និយាយថា នៅតាមបណ្តាលប្រទេសជាច្រើនលើពិភពលោកគេមិនកំណត់អាយុនាយករដ្ឋមន្រ្តីនោះទេ។ជាងនេះទៀតការកំណត់អាយុនាយករដ្ឋមន្រ្តីនឹងធ្វើឱ្យប៉ះពាល់ដល់បេក្ខភាពឈរឈ្មោះធ្វើនាយករដ្ឋមន្រ្តីរបស់គណបក្សផ្សេងៗទៀត ដែលកំពុងចូលប្រឡូកប្រកួតប្រជែងតំណែងនាយករដ្ឋមន្រី្ត ខណៈអ្នកនយោបាយខ្លះមានអាយុកាន់តែច្រើន។
ជុំវិញរឿងនេះដែរ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)យល់នេះបញ្ហានេះជារឿងរបស់អ្នកនយោបាយដែលស្ថាប័ន គ.ជ.ប មិនមានតួនាទីឆ្លើយបំភ្លឺនោះទេ។ យ៉ាងណាលោក ហង្ស ពុទ្ធា តបថា ស្ថាប័ន គ.ជ.ប បំពេញតួនាទីការងារតាមច្បាប់កំណត់តែប៉ុណ្ណោះ ពិសេសការចែងច្បាប់ក្នុងរដ្ឋធម្មនុញ្ញ។
ជាការកំណត់សម្គាល់ នៅរយៈពេលចុងក្រោយនេះសម្តេច ហ៊ុន សែន បានខិតខំជំរុញកូនប្រុសរបស់ខ្លួនគឺលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជាបានសម្រេចបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជ្រើសតាំង លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ជាអនុប្រធានគណបក្សថ្មីផងដែរ។ សម្រាប់អ្នកនយោបាយដែលចូលរួមប្រកួតប្រជែងយល់ថា ការកំណត់អាយុនាយករដ្ឋមន្រ្តីគ្រាន់តែជាការធ្វើឡើងសម្របតាមបក្សកាន់អំណាចតែប៉ុណ្ណោះដែលមិនសំដៅដល់ផលប្រយោជន៍រួមនោះទេ៕