en     km
en     km

ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានជាប់ឆ្នោតជាបេក្ខភាពនាយករដ្ឋមន្ត្រី

Share

ឯកឧត្ដម ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូនេះ បានជាប់ឆ្នោតជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគតហើយ។ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានអ្នកប្រឆាំងមើលឃើញថារៀបចំដោយសម្ដេច ហ៊ុន សែន និងមានលក្ខណៈគ្រួសារនិយម។

ឯកឧត្ដម ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានជាប់ឆ្នោតជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគតហើយ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលផ្សាយដំណឹងនេះមិនយូរប៉ុន្មាន បន្ទាប់ពីការបោះឆ្នោតផ្ទៃក្នុងគណបក្សនេះ។

លទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣នៃគណបក្សប្រជាជនកម្ពុជា ដែលផ្សាយតាមវេបសាយត៍គណបក្សនេះនាពេលក្រោយមក បង្ហាញថា សមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាលគណបក្សកាន់អំណាច ចំនួន៧៧៥រូប ដែលមានវត្តមាន បានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ បេក្ខភាពរបស់កូនប្រុសច្បងសម្ដេច ហ៊ុន សែន ដែលជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។

ការបោះឆ្នោតនោះបានប្រព្រឹត្តទៅដោយអវត្តមានសមាជិក សមាជិកាចំនួន ៩០ រូប។ នេះបើផ្អែកតាមសេចក្ដីជូនដំណឹងអំពីលទ្ធផលផ្លូវការនៃសន្និបាតខាងលើ ដែលបញ្ជាក់ប្រាប់ថា គណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា មានសមាជិកសរុប ៨៦៥ រូប។

កន្លងទៅ ការស្នើបេក្ខភាពរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា បន្តវេនពីឪពុករបស់លោក បានទទួលការរិះគន់យ៉ាងច្រើន ពីអ្នកគាំទ្រគណបក្សប្រឆាំង និងពីអ្នកវិភាគបញ្ហាសង្គមនិងនយោបាយ ដោយពួកគេចាត់ទុកថា ជាការពង្រឹងអំណាចក្រុមគ្រួសារត្រកូលហ៊ុននៅកម្ពុជា។

ឯកឧត្ដម សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរសារមួយ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ពីទីក្រុងប៉ារីស ប្រទេសបារាំង ដោយអំពាវនាវកុំឱ្យសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ទាំង៨៦៥រូប បោះឆ្នោតគាំទ្រផែនការបន្តវេននេះ។

ដោយចាត់ទុកផែនការនេះជាការរៀបចំដោយ សម្ដេច ហ៊ុន សែន និងមានលក្ខណៈគ្រួសារនិយម អតីតបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រឆាំងដ៏ធំបំផុត ដែលត្រូវបានតុលាការប្រកាសរំលាយកាលពីឆ្នាំ២០១៧ បានបញ្ចប់សាររបស់ខ្លួនថា ការបោះឆ្នោតគាំទ្របេក្ខភាពរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត «ជាការប្រមាថមើលងាយដល់ប្រជាពលរដ្ឋខ្មែរទាំង១៧លាននាក់»។

ទោះបីជាយ៉ាងណាក៏ដោយ មុនពេលមានការបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកា និងសាខាគណបក្សនេះ ស្ទើរគ្រប់ជាន់ថ្នាក់ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស បានផ្ញើសារបង្ហាញការគាំទ្របេក្ខភាពរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត យ៉ាងភ្លូកទឹក ភ្លូកដី ដូចទឹកបាក់ទំនប់។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានតួនាទីច្រើន ទាំងនៅក្នុងក្របខ័ណ្ឌរដ្ឋ ទាំងនៅក្នុងក្របខ័ណ្ឌបក្ស ក្នុងចំណោមនោះមានជាអាទិ៍ ជាអគ្គមេបញ្ជាការរងកងទ័ពជាតិ ជាមេបញ្ជាការកងទ័ពជើងគោក ជាប្រធានចលនាយុវជនថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។

អំឡុងពេលសន្និបាត សមាជិក សមាជិកានៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចបន្តគាំទ្រសម្ដេច ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតជ្រើសតាំងសម្ដេច ទៀ បាញ់ និងលោកជំទាវ ម៉ែន សំអន ជាអនុប្រធានគណបក្សកំពុងកាន់អំណាចនេះ បន្ថែមពីលើអនុប្រធានដែលមានស្រាប់ចំនួន២រូប គឺសម្ដេច ស ខេង និងសម្ដេច សាយ ឈុំ។

គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន បានសរសេរថា សន្និបាតក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន ប្រធាន, សម្ដេច ហេង សំរិន ប្រធានកិត្តិយស, សម្ដេច ស ខេង អនុប្រធាន, សម្ដេច សាយ ឈុំ អនុប្រធាន បានប្រព្រឹត្តទៅ«ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់បំផុត ចំពោះបុព្វហេតុជាតិ និងប្រជាជន»៕

Share

ព័ត៌មានទាក់ទង

Image