en     km
en     km

តុលាការបន្តសួរដេញដោលសកម្មជនអតីតបក្សប្រឆាំងជុំវិញដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី

Share

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តសាវនាការសួរដេញដោលសកម្មជនអតីតគណបក្សសង្គ្រោះជាតិជុំវិញការរៀបចំផែនការទៅទទួលដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី​ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩។

អ្នកស្រី ព្រុំ ចាន់ថា ភរិយាសកម្មជនបក្សប្រឆាំងដែលបានចូលរួមសាវនាការនៅព្រឹកនេះ បានប្រាប់វិទ្យុស្ត្រីក្រោយចេញពីសាវនាការថា នៅព្រឹកនេះតុលាការបានបន្តហៅសកម្មជនអតីតបក្សប្រឆាំងចំនួន៥នាក់ ក្នុងនោះមានលោក កាក់ កុម្ភារ  លោក ហេង ចាន់សុធី និងលោក ទុំ ប៊ុនថន ដែលអ្នកទាំងបីកំពុងនៅជាប់ឃុំឃាំងនៅឡើយ។ និងអ្នកពីរនាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងសំនុំរឿងនេះដែរ គឺអ្នកស្រី យក់ នាង និងអ្នកស្រី ហង្ស សុផារី។

អ្នកស្រី ព្រុំ ចាន់ថា ភរិយាសកម្មជនបក្សប្រឆាំងលោក កាក់ កុម្ភារ។

 

អ្នកស្រី ព្រុំ ចាន់ថា ជាភរិយាលោក កាក់ កុម្ភារ បន្តថា តុលាការបានសួរដេញដោលលើរឿងជុំវិញដំណើរមាតុនិវត្តន៍របស់លោក សម រង្ស៊ី ដែលការសួរនោះផ្តោតលើផែនការរៀបចំទទួលការវិលចូលស្រុករបស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រឆាំង។

អ្នកស្រី ព្រុំ ចាន់ថា បន្តថា តុលាការនឹងបន្តសាវនាការសកម្មជនបក្សប្រឆាំងជាច្រើនរូបទៀតនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ យ៉ាងណាអ្នកស្រី ព្រុំ ចាន់ថា រំពឹងថា តុលាការនឹងដោះលែងសកម្មជនទាំងអស់នៅដើមឆ្នាំ២០២២នេះ។

សូមស្តាប់ការលើកឡើងរបស់អ្នកស្រី ព្រុំ ចាន់ថា បន្ថែម

 

សូមបញ្ជាក់ថា ក្នុងសំណុំរឿងទាក់ទងនឹងដំណើរមាតុនិវត្តន៍របស់លោក សម រង្ស៊ី នេះ សកម្មជនបក្សប្រឆាំងយ៉ាងយោចណាស់ចំនួន ១៤នាក់ ត្រូវបានចាប់ខ្លួននឹងកំពុងជាប់ក្នុងពន្ធធនាគារនៅឡើយ។ សកម្មជនទាំងនោះត្រូវបានចោទពីបទ«រួមគំនិតក្បត់ និងញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនទាំងនោះឱ្យមានសេរីភាពឡើងវិញ។ ជាងនេះត្រូវបញ្ឈប់ជាបន្ទាន់នូវការ​ប្រើប្រាស់ប្រព័ន្ធតុលាការ​​​កាត់​ទោស​លើអ្នកហ៊ាន​ក្រោក​ឈរ ដើម្បីសិទ្ធិមនុស្សនិងសេរីភាពបញ្ចេញមតិនៅកម្ពុជាបន្តទៀត៕

Share

Image
Image
Image