en     km
en     km

អង្គការ ២ សហការកៀរគរកុមារឱ្យចូលរៀនវិញក្រោយវិបត្តិជំងឺកូវីដ-១៩

Share

ភ្នំពេញ៖ អង្គការចំនួន ២ បានសហការគ្នាជំរុញគាំទ្រឱ្យកុមារចុះឈ្មោះចូលរៀន និងវិលត្រឡប់ទៅសាលារៀនវិញ បន្ទាប់ពីសាលាបានបិទដោយសារការរាតត្បិតជំងឺកូវីដ-១៩។ ការសហការប្រមូលសិស្សឱ្យចូលរៀនវិញនេះ អង្គការខាងលើបានសហការជាមួយខាងសាលារៀន និងប្រើវិធីសាស្រ្តបត់បែនមួយចំនួនដើម្បីឱ្យសិស្សមានចំណាប់អារម្មណ៍ចង់ត្រឡប់ចូលសាលារៀនវិញ។

លោក កែវ​ សុខា រាយការណ៍ពីព័ត៌មាននេះ

 

អង្គការ Save the Children និងអង្គការ CARE International ប្រចាំនៅកម្ពុជាដែលបានសហការជាមួយក្រសួងអប់រំ និងអង្គការ UNICEF​ បានបើកកិច្ចប្រជុំបង្ហាញនូវសមិទ្ធិផល និងការអនុវត្តល្អៗ ក្នុងការគាំទ្រការចុះឈ្មោះចូលរៀន ការបន្តការសិក្សា និងការវិលត្រឡប់មកសាលារៀនវិញរបស់កុមារ បន្ទាប់សាលារៀនត្រូវបានបិទដោយសារការឆ្លងរាលដាលនៃជម្ងឺ កូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការពីរខាងលើចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្នុងការអនុវត្តគម្រោងរយៈមួយឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២១នេះ អង្គការទាំងពីរបានអនុវត្តគម្រោងគ្របដណ្តប់លើខេត្តចំនួន ៦ ដោយជ្រើសរើសសាលាដែលមានសិស្សប្រឈមបោះបង់ការសិក្សាខ្ពស់។ការធ្វើបែបនេះ បំណងដើម្បីអនុវត្តយុទ្ធសាស្រ្តមួយចំនួនធានាឱ្យកុមារបានរៀនក្នុងអំឡុងពេលបិទសាលារៀន និងការបង្កើតចំណាប់អាម្មរណ៍ឱ្យសិស្សចង់ចូលសិក្សាក្រោយបើកសាលាឡើងវិញ។

យុទ្ធនាការប្រមូលសិស្សចូលសាលាក្រោយវិបត្តិកូវីដ១៩ របស់អង្គការSave the Children និងអង្គការ CARE International ប្រចាំនៅកម្ពុជា។រូបភាពពីក្រុមការងារSave the Children។

 

ការផ្តល់ការសិក្សាដល់សិស្សអំឡុងពេលបិទសាលា គម្រោងបានប្រើប្រាស់វិធីផ្តល់ការសិក្សាពីចំងាយដោយបានតភ្ជាប់អ៊ីនធើណែត និងលទ្ធភាពប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទដៃដល់គ្រូបង្រៀនដើម្បីបង្រៀនដល់សិស្ស។ វិធីសាស្រ្តមួយទៀត គឺដំណើរការ និងការចែកចាយសន្លឹកកិច្ចការសិស្សជាទម្រង់ក្រដាស ការសម្របសម្រួលនូវការសិក្សាជាក្រុមតូចៗនៅក្នុងសហគមន៍។

ដោយឡែកការបង្កើនចំណាប់អាម្មរណ៍ជំរុញឱ្យកុមារចូលរៀនវិញ​ គម្រោងបានបង្កើតនូវសម្ភារៈផ្សព្វ ផ្សាយអប់រំ ប្រកបដោយភាពច្នៃប្រឌិតមួយចំនួន មានដូចជាការបង្ហាញ វីដេអូ ផ្ទាំងរូបភាព ឬកាបូបរៀន ដែលមានជាភាសាខ្មែរ និងបួនភាសាផ្សេងទៀត ដើម្បីធានាថាកុមារ និងក្រុមគ្រួសារមកពីជនជាតិដើមភាគតិចត្រូវបានជូនដំណឹង។ លើសពីនេះ ក៏មានការផ្តល់អាហារូបករណ៍ដល់កុមារដែលងាយរងគ្រោះ ផ្តល់សម្ភារៈសិក្សាដូចជា សៀវភៅកត់ត្រា ខ្មៅដៃ កាបូប និងបន្ទាត់ជាដើមដល់សិស្សក្នុងខេត្តមួយចំនួនផងដែរ។

សកម្មភាពនៃយុទ្ធនាការកៀកគរសិស្សចូលសាលាវិញរបស់អង្គការ Save the Children និងអង្គការ CARE International ប្រចាំនៅកម្ពុជា។រូបភាពពីក្រុមការងារអង្គការSave the Children។

 

ជាលទ្ធផលនៃសកម្មភាពទាំងនេះ ការវាយតម្លៃ បានរកឃើញថា តួអង្គសំខាន់ៗទាំងអស់ រួមទាំងគ្រូបង្រៀនសាលាគោលដៅ និងមន្រ្តីអប់រំពាក់ព័ន្ធ អាចប្រើប្រាស់នូវកម្មវិធីសិក្សាពីចម្ងាយ ក្នុងកម្រិតមូលដ្ឋានក្នុងការបន្តសេវាកម្មអប់រំរបស់ពួកគេសម្រាប់កុមារ។

លោកស្រី អេលីហ្សាបេត ភៀស នាយិកាអង្គការ Save the Children ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ភាពជាដៃគូពហុភាគីជាកត្តាជំរុញក្នុងការបង្កើតសមិទ្ធផលល្អៗឡើង ដែលអ្នកពាក់ព័ន្ធអាចចូលរួមលើកកម្ពស់ការរៀនសូត្រជាបន្តរបស់កុមារក្នុងអំឡុងពេលជំងឺរាតត្បាត។

ចំណែកលោកស្រី នៅ សុវត្ថា នាយិកាប្រត្តិបត្តិនៃអង្គការ CARE Cambodia បានលើកឡើងដែលថា គម្រោងនេះ គឺដើម្បីទាញការចូលរួមរបស់តួអង្គសំខាន់ៗ រួមអាជ្ញាធរមូលដ្ឋាន ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ នាយកសាលា ដើម្បីប្រមូលកុមារបឋមសិក្សាត្រឡប់ទៅសាលារៀនវិញ នៅក្នុងសហគមន៍របស់ពួកគេ។ លោកស្រីកត់សម្គាល់ឃើញថា ឪពុកម្តាយ បានយល់ដឹងអំពីផលប៉ះពាល់នៃការអប់រំ បន្ទាប់មកពួកគេបានផ្លាស់ប្តូរអាកប្បកិរិយា ដោយគាំទ្រកុមារឱ្យទៅសាលារៀនវិញ។

សូមបញ្ជាក់ថា អង្គការ យូនីសេហ្វ ដែលជាផ្នែកមួយនៃភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) របស់កម្ពុជា បានផ្តល់ថវិកាដល់អង្គការ Save the Children និងមូលនិធិ CARE International នៅកម្ពុជា ដើម្បីអនុវត្តគម្រោង «ការផ្សព្វ ផ្សាយអប់រំ – ការត្រលប់ទៅសាលារៀនវិញ» ចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១។

គម្រោងនេះ បានជួយដល់ក្រសួងអប់រំ ក្នុងដំណើរការបើកសាលារៀនឡើងវិញ បន្ទាប់ពីមានការបិទពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងអន្តរាគមន៍ទៅកាន់គ្រួសារដែលងាយរងគ្រោះបំផុត និងកូនៗរបស់ពួកគេ ដើម្បីធានាបាននូវការបន្តការសិក្សារបស់ពួកគេ ក្នុងអំឡុងពេលរងការរំខាន។

គម្រោងនេះ ត្រូវបានអនុវត្តនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង និងកោះកុង ដោយគ្របដណ្ដប់លើសាលារៀនចំនួនជាងមួយពាន់(១,១៨៥) ក្នុងភូមិចំនួនជាងមួយពាន់(១,១៨៥) ក្នុងស្រុកចំនួន ៣៧ផ្សេងៗគ្នា។ គម្រោងនេះ មានបំណងអន្តរាគមន៍ទៅកាន់អ្នកទទួលផលចំនួនជាង៤ពាន់នាក់(៣,៩៤២នាក់) ដែលក្នុងនោះ ៥០% ជាស្រ្តី និងក្មេងស្រី៕

Share

Image
Image
Image