រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនថូនី ប្លីងខិន និយាយថា រដ្ឋបាលរបស់លោក បៃឌិន កំពុងថ្លឹងថ្លែងទណ្ឌកម្មថ្មីដ៏តឹងរ៉ឹង សម្រាប់ដាក់លើប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសម៉ាឡេស៊ីស្នើឱ្យពិនិត្យមើលគោលការណ៍មិនព្រងើយកន្តើយ ក្រៅពីគោលការណ៍មិនជ្រៀតជ្រែក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនថូនី ប្លីងខិន និយាយថា រដ្ឋបាលរបស់លោក បៃឌិន កំពុងថ្លឹងថ្លែងទណ្ឌកម្មថ្មីដ៏តឹងរ៉ឹង សម្រាប់ដាក់លើប្រទេសមីយ៉ាន់ម៉ា។
លោក ប្លីងខិន ពន្យល់ថា ចេតនារបស់សហរដ្ឋអាមេរិក គឺដើម្បីកៀបសង្កត់មេដឹកនាំយោធាមីយ៉ាន់ម៉ា ឱ្យស្តារមាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីមាគ៌ានេះត្រូវបានកាត់ផ្តាច់ដោយរដ្ឋប្រហារខែកុម្ភៈ។
ប្រមុខការទូតសហរដ្ឋអាមេរិកបានអះអាងថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល១០ខែកន្លងទៅ ពោលគឺចាប់តាំងពីការធ្វើរដ្ឋប្រហារ រហូតមកដល់បច្ចុប្បន្ន គឺ«កាន់តែអាក្រក់ឡើងៗ» ព្រោះតែការចាប់ខ្លួនមនុស្សជាច្រើននាក់ និងការប្រើអំពើហិង្សាលើពួកអ្នកតវ៉ា។
ទន្ទឹមនឹងនេះ លោក ប្លីងខិន បានថ្លែងទៀតថា រដ្ឋបាលលោក បៃឌិន ក៏កំពុងសម្លឹងមើល«យ៉ាងសកម្ម» ទៅលើការបង្ក្រាបប្រជាជនមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីកំណត់ថាតើជា«អំពើប្រល័យពូជសាសន៍»ឬយ៉ាងណា។
«ខ្ញុំគិតថា វានឹងមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងបណ្ដាសប្តាហ៍និងខែខាងមុខៗ ដែលត្រូវពិនិត្យមើលថា តើជំហាននិងវិធានការបន្ថែមអ្វីខ្លះ ដែលយើងអាចធ្វើបាន ជាលក្ខណៈបុគ្គល ជាលក្ខណៈសមូហភាព ដើម្បីដាក់សម្ពាធលើរបបយោធានេះ ឱ្យបង្វិលប្រទេសមីយ៉ាន់ម៉ាទៅរកគន្លងប្រជាធិបតេយ្យឡើងវិញ»។
លោក ប្លីងខិន បានថ្លែងដូច្នេះនៅថ្ងៃពុធ ក្នុងប្រទេសម៉ាឡេស៊ី ជាប្រទេសទី២ដែលគាត់បំពេញទស្សនកិច្ចផ្លូវការ ក្នុងដំណើរមកកាន់៣ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
សមភាគីម៉ាឡេស៊ីរបស់លោក ប្លីងខិន គឺលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី សេហ្វ៊ូឌីន អាប់ឌុល្លាហ៍ បានថ្លែងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏ត្រូវតែធ្វើសកម្មភាពដែរ។
លោក អាប់ឌុល្លាហ៍ លើកឡើងទៀតថា អាស៊ានត្រូវតែ«គិតពិចារណាឱ្យបានល្អិតល្អន់» អំពីគោលនយោបាយរបស់ខ្លួន ចំពោះប្រទេសសមាជិកមីយ៉ាន់ម៉ា។
លោក ប្លីងខិន ត្រូវបានគេសួរជាពិសេស ទាក់ទងនឹងទណ្ឌកម្មនានា ដែលអាចដាក់លើវិស័យប្រេងនិងឧស្ម័នក្រោមការគ្រប់គ្រងរបស់រដ្ឋមីយ៉ាន់ម៉ា ប៉ុន្តែប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ មិនបានលើកឡើងពីលទ្ធភាពធ្វើដូច្នេះទេ ក្នុងការឆ្លើយតបរបស់គាត់។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏លោក ប្លីងខិន បាននិយាយអំពីលទ្ធភាពកំណត់ថាជាអំពើប្រល័យពូជសាសន៍ ចំពោះការបង្ក្រាបលើជនជាតិរ៉ូហ៊ីងយ៉ា ដោយរបបយោធាមីយ៉ាន់ម៉ាដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានស្នើម្តងហើយម្តងទៀត ឱ្យមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទាំងឡាយ ដែលលោកនិយាយថា ត្រូវបាន«ឃុំឃាំងដោយអយុត្តិធម៌» រួមទាំងមេដឹកនាំចលនាប្រជាធិបតេយ្យ គឺលោកស្រី អោង សាន ស៊ូ ជី ផង។
លោក ប្លីងខិន ក៏មិនភ្លេចស្នើឱ្យរបបយោធាមីយ៉ាន់ម៉ាសម្រួលដល់ការនាំជំនួយមនុស្សធម៌ចូលទៅតំបន់ដែលត្រូវការជំនួយ ដោយគ្មានការរារាំង ព្រមទាំងស្នើឱ្យបញ្ឈប់អំពើហិង្សាលើក្រុមអ្នកតវ៉ា ហើយស្ដារប្រទេសមីយ៉ាន់ម៉ាឱ្យដើរលើ«មាគ៌ាប្រជាធិបតេយ្យរបស់ខ្លួន»ឡើងវិញ។
ជាការឆ្លើយតបទៅនឹងសំណួរដដែលនេះ លោក អាប់ឌុល្លាហ៍ បានថ្លែងថា ប្រទេសម៉ាឡេស៊ីជឿជាក់ថា អាស៊ានត្រូវតែប្រកាន់យកនូវគោលជំហរមួយ ដែលស៊ីសង្វាក់គ្នាជាងមុន នៅពេលនិយាយអំពីប្រទេសមីយ៉ាន់ម៉ា។
សមាគមដែលមានសមាជិក១០ប្រទេសនេះ បានប្រកាន់ភ្ជាប់ជាយូរមកហើយ នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សមាជិកនីមួយៗ ហើយជាញឹកញាប់ៗ សមាគមនេះមិនព្រមធ្វើសកម្មភាពប្រឆាំងនឹងកិច្ចការផ្ទៃក្នុងទាំងនោះទេ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានសង្កត់ធ្ងន់ថា៖ «ខ្ញុំយល់ថា យើងអបអរសាទរគោលការណ៍មិនជ្រៀតជ្រែក ប៉ុន្តែ…អាស៊ានក៏គួរតែពិនិត្យមើលគោលការណ៍មិនព្រងើយកន្តើយដែរ ពីព្រោះអ្វីដែលកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានហៀរចេញពីប្រទេសមីយ៉ាន់ម៉ាហើយ»។
លោក អាប់ឌុល្លាហ៍ បានគូសបញ្ជាក់ថា ឥឡូវនេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត២សែននាក់ កំពុងស្នាក់នៅក្នងុប្រទេសម៉ាឡេស៊ី៕
—
យោង៖ https://apnews.com/article/business-religion-asia-myanmar-global-trade-2dd50e6d8e55b99afd4480953001a8f1