en     km
en     km

រដ្ឋមន្ត្រីការបរទេសថៃធ្វើទស្សនកិច្ចនៅកម្ពុជា និងធ្វើសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគី

Share

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងកាលពីថ្ងៃពុធថា លោក ដន ប្រាមុតវីណៃ ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ត្រូវធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១១នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងថៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៦ ដល់ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។​

ប្រភពដដែលបន្តថា លោក ប្រាមុតវីណៃ នឹងធ្វើការជាមួយឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន​ អំឡុងទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជា ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុប្រជុំលើកទី១០ ក្នុងឆ្នាំ២០១៦ នៃគណៈកម្មការចម្រុះនោះ និងដើម្បីពិភាក្សាលើទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ក្រៅពីធ្វើជាសហប្រធាននៃកិច្ចប្រជុំក្រោមមូលបទ«សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា» សេចក្ដីប្រកាសព័ត៌មានប្រាប់ទៀតថា រដ្ឋមន្ត្រីការបរទេសថៃក៏គ្រោងជួបសម្ដែងការគួរសមចំពោះនាយករដ្ឋមន្ត្រី ហ៊ុន សែន និងពិភាក្សាជាមួយសមភាគីកម្ពុជា ដើម្បីផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាកង្វល់រួម ក៏ដូចជាលើតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ដែរ៕

Share

Image
Image
Image