en     km
en     km

សិក្សាស្រាវជ្រាវ៖តើអ្វីជាអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងបញ្ហាប្រឈម?

Share

ភ្នំពេញ៖ អំពើហិង្សាយេនឌ័រ​និងអំពើហិង្សាផ្លូវភេទ​នៅតែជាពាក្យមួយធ្វើឱ្យមានការភ័ន្តច្រលំគ្នានៅឡើយ ហើយនៅតែមានការប្រើប្រាស់ពាក្យទាំងពីរនេះជំនួសគ្នាទៅវិញទៅមកដោយយល់ថា ពាក្យទាំងពីនេះមានន័យដូចគ្នា។ ក្នុងនាទីសិក្សាស្រាវជ្រាវនៅថ្ងៃនេះលោក កែវ សុខា បានស្រាវជ្រាវឯកសារមួយចំនួនដើម្បីព្យាយាមបកស្រាយពាក្យទាំងពីរនេះ។ បន្ថែមលើពីនេះបញ្ហាប្រឈមនានាដែលបង្កការរាំងស្ទះដល់កិច្ចប្រឹងប្រែងកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រក៏ត្រូវបានបង្ហាញក្នុងអត្ថបទសិក្សាស្រាវជ្រាវនេះផងដែរ។

តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសិក្សាស្រាវជ្រាវរបស់លោក កែវ សុខា ដូចតទៅ!

 

អំពើហិង្សាយេនឌ័រគឺជាអំពើហិង្សាដែលបង្កឡើងលើជនណាម្នាក់ ដោយសារតែយេនឌ័ររបស់ពួកគេ។ ពាក្យយេនឌ័រមិនមែនសំដៅលើភេទរបស់មនុស្សទេ មានន័យថាមិនសំដៅលើតែភេទស្រីនោះទេ ពោលគឺសំដៅទាំងភេទស្រី និងប្រុស និងអ្នកស្រលាញ់ភេទដូចផងដែរ។

អំពើហិង្សាយេនឌ័រ គឺជាពាក្យមួយដែលរួមបញ្ចូលទង្វើហិង្សាដែលបង្កឲ្យជនរងគ្រោះទទួលគ្រោះថ្នាក់ ផ្នែករាងកាយ ផ្លូវភេទ និងផ្លូវចិត្ត។ ហិង្សាទាំងនេះរួមមាន ការគំរាមកំហែង ការវាយដំ ការរំលោភសេពសន្ថវៈ ការបំពារបំពានផ្លូវភេទ អំពើហិង្សាផ្លូវចិត្ត និងហិង្សាសេដ្ឋកិច្ចជាដើម។ ក្នុងនោះផងដែរក៏រាប់បញ្ចូលអំពើហិង្សាទាក់ទិននឹងការកេងប្រវ័ញ្ច ការបៀតបៀនកេរ្តិ៍ខ្មាស និងការគំរាមកំហែងនៅទីកន្លែងធ្វើការ ឬសាលារៀន ការជួញដូរស្ត្រី ការធ្វើអាជីវកម្មផ្លូវភេទ ការបង្ខំឲ្យរៀបការ ការបង្ខំឲ្យមានផ្ទៃពោះ និងការបង្ខំឲ្យធ្វើពេស្យាចារ។

ពាក្យអំពើហិង្សាយេនឌ័រមានអត្ថន័យខុសពីពាក្យអំពើហិង្សាលើស្ត្រី ហើយអំពើហិង្សាយេនឌ័រ ក៏អាចរួមបញ្ចូលទាំងអំពើហិង្សាលើបុរសផងដែរ។ ពាក្យអំពើហិង្សាយេនឌ័រត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាពីអំពើហិង្សាដែលកើតឡើងចេញពីភាពមិនស្មើគ្នាខាងអំណាច។ ចំណែកយេនឌ័រស្ត្រីកាន់តែងាយក្លាយជាកម្មវត្ថុនៃអំពើហិង្សាយេនឌ័រជាងបុរសថែមទៀត ព្រោះដោយសារតែស្ត្រីមានអំណាចតិចជាងបុរសក្នុងសង្គមភាគច្រើន។

ដោយឡែកពាក្យអំពើហិង្សាផ្លូវភេទ គឺជាពាក្យមួយដែលជាញឹកញាប់ត្រូវបានប្រើប្រាស់ផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយពាក្យ អំពើហិង្សាយេនឌ័រ។ ប៉ុន្តែ ពាក្យអំពើហិង្សាផ្លូវភេទមាននិយមន័យតូចចង្អៀតជាងពាក្យ អំពើហិង្សាយេនឌ័រ។ អំពើហិង្សាផ្លូវភេទគឺជាអំពើហិង្សាដែលមានចរិតលក្ខណៈផ្លូវភេទ។ ឧទាហរណ៍ ការបង្ខំឲ្យរៀបការ គឺអាចពន្យល់ចង្អុលបង្ហាញអំពីភាពខុសគ្នារវាងពាក្យ អំពើហិង្សាយេនឌ័រ និងអំពើហិង្សាផ្លូវភេទ។ ការបង្ខំឲ្យរៀបការ ស្ថិតក្រោមពាក្យរបស់អំពើហិង្សាយេនឌ័រ។ ការត្រូវបានបង្ខំឲ្យរៀបការ ឲ្យរួមដំណេក ឲ្យបង្កើតកូន និងឲ្យដើរតួនាទីជាប្តី និង ប្រពន្ធ ការបង្ខំទាំងនេះគឺជាទម្រង់ទាំងអស់នៃអំពើហិង្សាយេនឌ័រ។

ចំណែកការរំលោភសេពសន្ថវៈពាក់ព័ន្ធនឹងការបង្ខំឲ្យរៀបការវិញ ទោះបីជាជាប់ទាក់ទិន នឹងយេនឌ័រក៏ដោយតែការរំលោភសេពសន្ថវៈនេះ គឺស្ថិតក្នុងប្រភេទនៃអំពើហិង្សាផ្លូវភេទ។

អំពើហិង្សាយេនឌ័រគឺមិនមែនកំណត់ត្រឹមតែទង្វើឯកជននោះទេ ប៉ុន្តែវាអាចជាគោលនយោបាយមួយរបស់រដ្ឋ ឬ អង្គការហើយត្រូវបានមើលឃើញជាញឹកញាប់ក្នុងបរិបទនៃជម្លោះប្រដាប់អាវុធអន្តរជាតិដែលជាយុទ្ធវិធីនៃសង្គ្រាម។ ដោយសារតែចរិត លក្ខណៈសង្គ្រាមស្ត្រីងាយនឹងទទួលរងអំពើហិង្សាយេនឌ័រ ជាពិសេសការរំលោភសេពសន្ថវៈអំឡុងពេលជម្លោះប្រដាប់អាវុធ។

នេះជាការពន្យល់ត្រួសៗនៃពាក្យអំពើហិង្សាយេនឌ័រ ដែលបានស្រង់ចេញពីគេហទំព័រ«វេទិកាព័ត៌មានស្តីពីអំពើហិង្សាយេនឌ័រក្នុងរបបខ្មែរក្រហម» និងរបាយការណ៍ក្នុងខិត្តប័ណ្ណព័ត៌មានស្តីពីជនរងគ្រោះពីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងតុលាការកម្ពុជារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

ងាកចេញពីការពន្យល់ន័យនៃពាក្យអំពើហិង្សាយេនឌ័រ យើងមកមើលសន្ទុះនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រវិញម្តង។​ ផ្អែកតាមការស្ទង់មតិថ្នាក់ជាតិ ស្តីពីសុខភាពស្រ្តី និងបទពិសោធន៍ជីវិតនៅកម្ពុជា របស់ក្រសួងកិច្ចការនារីឆ្នាំ២០១៥ និងរបាយការណ៍រប​ស់ UN Women ស្តីពី ការពិត និងតួលេខ នៃការបញ្ចប់អំពើហិង្សាប្រឆាំងនឹងស្រ្តីនិងអំពើហិង្សាលើស្រ្តីអំឡុងពេលកូវីដ-១៩ បានឱ្យដឹងថា នៅលើពិភពលោក យ៉ាងហោចណាស់មានស្រ្តីម្នាក់ក្នុងចំណោមបីនាក់ទទួលរងអំពើហិង្សាលើរូបរាងកាយ ឬផ្លូវចិត្ត ជាពិសេសពីសំណាក់ដៃគូរបស់ពួកគេ។ ដោយឡែកនៅកម្ពុជាវិញ បើតាមរបាយការណ៍ មានស្រ្តីលើសពីពីរនាក់ក្នុងចំណោមស្រ្តីប្រាំនាក់បានរងគ្រោះដោយសារអំពើហិង្សាពីដៃគូរបស់ពួកគេ។ អ្វីជាពិសេស គឺក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យអំពើហិង្សាទាក់ទងនឹងយេនឌ័រមានសភាពធ្ងន់ធ្ងរទៅៗទូទាំងពិភពលោករួមទាំងកម្ពុជា។

នៅកម្ពុជាអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅតែបន្តកើតមានព្រោះដោយ​មូលហេតុនៃរចនាសម្ព័ន្ធបិតាធិបតេយ្យ និងបទដ្ឋានសង្គមនៅតែបានចាក់ឫសយ៉ាងមាំនៅកម្ពុជា ដូចជាតួនាទីយេនឌ័រដែលត្រូវបានកំណត់ ឬផ្នត់គំនិតដែលស្រ្តីត្រូវបានស្តាប់បង្គាប់។ បញ្ហានេះហើយ ជំរុញឱ្យមានអំពើហិង្សាទាក់ទងនឹងយេនឌ័រកើតមានក្នុងដំណើរជីវិតទាំងនៅក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ ឬនៅកន្លែងការងារ។

ជាងនេះទៅទៀត នៅកម្ពុជា អំពើហិង្សាលើយេនឌ័រអាចត្រូវបានប្រព្រឹត្តពីសំណាក់ដៃគូសមាជិកគ្រួសារ សហការី អ្នកស្គាល់គ្នា ឬមន្រ្តីសាធារណៈឬលើសពីនេះទៀត។

គេសង្កេតឃើញរដ្ឋាភិបាលបានបង្កើតច្បាប់និងផ្តល់សច្ចាប័នលើអនុសញ្ញាក៏ដូចជាកតិកាសញ្ញាអន្តរជាតិនានាក្នុងក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងការការពារអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ក្នុងក្របខ័ណ្ឌច្បាប់ជាតិមាន រដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ដោយឡែកច្បាប់អន្តរជាតិវិញ កម្ពុជាបានទទួលយកលិខិតបទដ្ឋានគតិយុត្ថិមួយចំនួនផងដែរ ក្នុងនោះមានសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញអន្តរជាតិស្តីពីសិទ្ធិសង្គម សេដ្ឋកិច្ច និងវប្បធម៌។ មួយទៀតគឺអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ និងពិធីសារបន្ថែម។

បើទោះបីក្របខ័ណ្ឌច្បាប់ មានគោលដៅឱ្យជនរងគ្រោះនៃអំពើហិង្សាទាក់ទងយេនឌ័រត្រូវទទួលបានយុត្តិធម៌ និងមានសិទ្ធិទទួលបានសំណងក្នុងពេលឆាប់រហ័ស និងមានប្រសិទ្ធភាព រួមទាំងទទួលបានការស៊ើបអង្កេត និងការផ្តន្ទាទោសលើអ្នកប្រព្រឹត្តយ៉ាងណាក្តី តែនៅកម្ពុជាជនរងគ្រោះជួបការប្រឈមផ្សេងៗគ្នាក្នុងការទទួលបានយុត្តិធម៌។

ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រដោយបង្កើតឱ្យមានគោលនយោបាយមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនិងអំពើហិង្សាលើយេនឌ័រនេះ ប៉ុន្តែការអនុវត្តបានជួបបញ្ហាប្រឈមមួយចំនួន។ បញ្ហាប្រឈមនោះរួមមាន បទដ្ឋានសង្គមនិងវប្បធម៌ដែលមានផលជៈអាក្រក់ និងផ្នត់គំនិតយេនឌ័របែបអវិជ្ជមាន ពិសេសវប្បធម៌បន្ទោសជនរងគ្រោះ ដែលបានចាក់ឫសយ៉ាងជ្រៅ។ មួយទៀតគឺក្របខ័ណ្ឌច្បាប់មិនទាន់គ្រប់គ្រាន់ក្នុងការការពារ និងការវិនិច្ឆ័យក្តីក្នុងសំណុំរឿងទាក់ទងអំពើហិង្សាលើយេនឌ័រ។ ដោយឡែកការដំណើរការក្តី និងការទទួលបានជំនួយផ្នែកច្បាប់ក៏នៅមានកម្រិតពិសេសសម្រាប់ស្រ្តីនិងកុមារ។ ហើយការទទួលបានព័ត៌មានផ្នែកច្បាប់នៅមានកម្រិត ដូចជា ច្បាប់បទប្បញ្ញត្តិ​ សេចក្តីសម្រេចរបស់តុលាការ ព្រមទាំងយន្តការនិងនីតិវិធីស្វែងរកដំណោះស្រាយ។

​បញ្ហាប្រឈមមួយទៀតដែរ គឺមិនសូវមានតំណាងស្រ្តីសំខាន់ៗក្នុងវិស័យយុត្តិធម៌ដែលចៅក្រមស្រ្តីមានតេ១៥% ព្រះរាជអាជ្ញាមានតែ១៤% និងមេធាវីជាស្រ្តីមានតែ២២%។

សម្រាប់កម្ពុជា ដើម្បឱ្យអំពើហិង្សាទាក់ទងនឹងយេនឌ័រថយចុះ រដ្ឋាភិបាលត្រូវបន្តកិច្ចប្រឹងប្រែង ដោយបំបាត់នូវឧបសគ្គនានាដែលរារាំងដល់ការទទួលបានយុត្តិធម៌របស់ជនរងគ្រោះ។ ត្រូវពង្រឹងកិច្ចការពារជនរងគ្រោះនៅក្នុងសវនាការនៃអំពើហិង្សាទាក់ទងយេនឌ័រ។ និងត្រូវសម្រួលច្បាប់ និងគោលនយោបាយសំខាន់ៗដើម្បីឈានទៅលុបបំបាត់អំពើហិង្សាទាក់ទងនិងយេនឌ័រ និងការទទួលបានសមភាពយេនឌ័រក្នុងសង្គម៕

 

Share

Image
Image
Image