ភាគច្រើននៃការឆ្លងកូវីដ-១៩ ចំនួន៤៣ករណី បង្កឡើងដោយមេរោគបំប្លែងខ្លួន អូមីក្រុង នៅសហរដ្ឋអាមេរិករហូតមកដល់ពេលនេះ គឺជាមនុស្សដែលបានចាក់វ៉ាក់សាំងពី២ទៅ៣ដងរួចហើយ។
ភាគច្រើននៃការឆ្លងកូវីដ-១៩ ចំនួន៤៣ករណី បង្កឡើងដោយមេរោគបំប្លែងខ្លួនអូមីក្រុង ដែលគេរកឃើញនៅក្នុងសហរដ្ឋអាមេរិករហូតមកដល់ពេលនេះ គឺស្ថិតលើមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញហើយ។
នេះបើយោងតាមរបាយការណ៍មួយរបស់សហរដ្ឋអាមេរិក ដែលផ្សាយចេញនៅថ្ងៃសុក្រ សប្ដាហ៍មុន។
របាយការណ៍នោះឱ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ទាំងនោះ មាន១ភាគ៣ បានចាក់ថ្នាំបង្ការជាលើកទី៣ ឬដូសជំរុញ រួចហើយដែរ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (ស៊ីឌីស៊ី) របស់សហរដ្ឋអាមេរិក បាននិយាយថា ក្នុងចំណោមមនុស្ស៤៣ នាក់ ដែលគេកំណត់ថា បានឆ្លងមេរោគប្រភេទអូមីក្រុង មានមនុស្ស៣៤នាក់ ដែលបានចាក់វ៉ាក់សាំងពេញលេញហើយ ពោលគឺ២ដង។
ពួកគេ១៤នាក់ ក៏បានចាក់ដូសជំរុញ ឬដូសទី៣ ហើយដែរ បើទោះបីជាមាន៥ករណី ក្នុងចំណោម១៤ករណីនោះ បានឆ្លងកូវីដ-១៩ ក្នុងរយៈពេលតិចជាង១៤ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី៣រួចក៏ដោយ។
ធម្មតា គេត្រូវការរយៈពេលយ៉ាងតិច២សប្ដាហ៍ ដើម្បីឱ្យវ៉ាក់សាំងចាប់ផ្តើមធ្វើការការពារបានពេញលេញ។
ទោះបីជាចំនួនអ្នកឆ្លងមានតិចខ្លាំងដូច្នេះក្ដី ការឆ្លងកូវីដ-១៩ ក្នុងចំណោមអ្នកទាំងនោះ បង្កើនការព្រួយបារម្ភថា ថ្នាំបង្ការកូវីដ-១៩បច្ចុប្បន្ន អាចផ្តល់ការការពារតិចជាងមុន ទល់នឹងប្រភេទមេរោគបំប្លែងខ្លួនដែលអាចឆ្លងលឿន។
ប្រភេទបំប្លែងខ្លួនអូមីក្រុង នៃមេរោគកូរ៉ូណា ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក តាមរយៈការធ្វើតេស្តនៅក្នុង២២រដ្ឋ រហូតមកដល់ពេលនេះ។
មេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ ត្រូវបានគេរកឃើញជាលើកដំបូងនៅទ្វីបអាហ្វ្រិក ភាគខាងត្បូង និងនៅទីក្រុងហុងកុងរបស់ចិនកាលពីចុងខែវិច្ឆិកា។
ក្នុងចំណោមករណីឆ្លងមេរោគប្រភេទអូមីក្រុង មាន២៥ករណី ជាមនុស្សដែលមានអាយុពី ១៨ឆ្នាំ ទៅ៣៩ឆ្នាំ, ១៤ករណីជាអ្នកដែលបានធ្វើដំណើរទៅក្រៅប្រទេស, ហើយ៦ករណីទៀត ជាអ្នកដែលធ្លាប់បានកើតកូវីដ-១៩ពីមុន។
របាយការណ៍ខាងលើបញ្ជាក់ថា ភាគច្រើននៃអ្នកឆ្លងទាំង៤៣ករណី គ្រាន់តែមានរោគសញ្ញាស្រាលៗ ដូចជាក្អក ពិបាកដកដង្ហើម និងអស់កម្លាំង ហើយមនុស្សម្នាក់ត្រូវបានបញ្ជូនឱ្យទៅស្នាក់នៅមន្ទីរពេទ្យរយៈពេល២ថ្ងៃ។
រោគសញ្ញាផ្សេងៗទៀត ដែលត្រូវបានគេរាយការណ៍តិចតួច រួមមានចង់ក្អួតឬក្អួត, ដកដង្ហើមញាប់ឬពិបាកដកដង្ហើម, រាគ, និងលែងដឹងរសជាតិឬក្លិន។
ករណីឆ្លងមេរោគបំប្លែងខ្លួនអូមីក្រុង នៅសហរដ្ឋអាមេរិក ត្រូវបានគេរកឃើញដំបូង នៅថ្ងៃទី១ ខែធ្នូ ក្នុងចំណោមមនុស្សដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញរួចហើយ ហើយជាអ្នកដែលបានធ្វើដំណើរទៅប្រទេសអាហ្វ្រិកខាងត្បូង។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បាននិយាយថា កាលបរិច្ឆេទដំបូងនៃការចាប់ផ្តើមចេញរោគសញ្ញា គឺថ្ងៃទី១៥ ខែវិច្ឆិកា ដោយចេញលើអ្នកដែលមានប្រវត្តិធ្វើដំណើរជាអន្តរជាតិ៕
—
យោង៖ https://www.reuters.com/world/us/most-reported-us-omicron-cases-have-hit-fully-vaccinated-cdc-2021-12-10/