រដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតី ចូ បៃឌិន នៅថ្ងៃចន្ទ បាននិយាយថា ខ្លួនបានសម្រេចចិត្តធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងប៉េកាំងនៅឆ្នាំក្រោយ ដើម្បីបង្ហាញការតវ៉ាចំពោះប្រទេសចិនដែលរងការចោទប្រកាន់ថារំលោភសិទ្ធិជនជាតិភាគតិចនៅតំបន់ស៊ីនជាំង។
រដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតី ចូ បៃឌិន នៅថ្ងៃចន្ទ បាននិយាយថា ខ្លួនបានសម្រេចចិត្តធ្វើពហិការការទូតចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងប៉េកាំងនៅឆ្នាំក្រោយ។
នេះជាការបង្ហាញការតវ៉ារបស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិនដែលត្រូវបានចោទប្រកាន់ថាបានរំលោភសិទ្ធិជនជាតិភាគតិចមូស្លីម អ៊ុយហ្គួរ និងជនជាតិភាគតិចដទៃៗទៀត។
អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន សាគី បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា៖ «រដ្ឋបាលលោក បៃឌិន នឹងមិនបញ្ជូនអ្នកការទូត ឬតំណាងផ្លូវការណាមួយ ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានិងកីឡាប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ឡើយ»។
ទោះបីជាយ៉ាងនេះក្ដី អត្តពលិកអាមេរិកនឹងនៅតែត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោកមួយនេះ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ។
លោកស្រី សាគី បានប្រាប់សន្និសីទសារព័ត៌មានថា ជំហរនេះគឺចង់ផ្ញើ«សារច្បាស់លាស់»មួយថា សហរដ្ឋអាមេរិកមិនអាចប្រព្រឹត្ត«ដូចគ្មានរឿងអ្វីកើតឡើង»នោះទេ ដោយហេតុថាមានរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សដោយប្រទេសចិន។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានហៅការរំលោភសិទ្ធិជនជាតិភាគតិចពីសំណាក់ប្រទេសចិនថាជា«អំពើប្រល័យពូជសាសន៍»។
អ្នកនាំពាក្យបាននិយាយទៀតថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់សម្ព័ន្ធមិត្តរបស់ខ្លួន អំពីការសម្រេចចិត្តនេះហើយ។ បើតាមសម្រង់សម្ដីផ្ទាល់ លោកស្រី សាគី បានថ្លែងថា៖ «យើងទុកឱ្យពួកគេសម្រេចចិត្តដោយខ្លួនឯង»។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស្ស៊ីម៉ាសា ហាយ៉ាស្ស៊ី នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ បាននិយាយថា រដ្ឋាភិបាលមិនទាន់សម្រេចថាតើត្រូវប្រកាន់ជំហរបែបណាទាក់ទងនឹងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានោះទេ។
លោក យ៉ូស្ស៊ីម៉ាសា បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូថា៖ «ដោយគិតគូរពីកត្តាជាច្រើនគ្រប់ជ្រុងជ្រោយ យើងនឹងសម្រេចចិត្តអំពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះព្រឹត្តិការណ៍កីឡានោះ នៅពេលសមស្រប»។
កាលពីខែមុន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស្ស៊ីដា បានថ្លែងថា រដ្ឋាភិបាលនឹងធ្វើការសម្រេចចិត្ត ស្របពេលនឹងការគិតគូរពីផលប្រយោជន៍ជាតិជប៉ុន។
ប្រទេសខ្លះទៀតដូចជាអូស្ត្រាលី និងអង់គ្លេស ត្រូវបានរាយការណ៍ថា កំពុងពិចារណាធ្វើពហិការការទូត។
ប្រទេសចិនបានស្ថិតនៅក្រោមការពិនិត្យពិច័យជាអន្តរជាតិ ជុំវិញការប្រព្រឹត្តចំពោះជនជាតិ អ៊ុយហ្គួរ និងក្រុមជនជាតិភាគតិចផ្សេងៗទៀតក្នុងតំបន់ស៊ីនជាំង ដែលនៅចុងខាងលិចនៃប្រទេសនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចោទអាជ្ញាធរចិនពីរឿងឃុំឃាំងមនុស្សតាមអំពើចិត្តក្នុងទ្រង់ទ្រាយធំ ពីរឿងបង្ខំឲ្យក្រៀវកុំឱ្យមានកូន និងពីរឿងបង្ខំឲ្យធ្វើពលកម្ម ក្នុងចំណោមការរំលោភបំពានផ្សេងៗទៀត។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់ខាងលើ ហើយបានសម្ដែងការប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពនានាដែល«ធ្វើនយោបាយ»ពីលើវិស័យកីឡា។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថា វត្តមានរបស់មន្ត្រីរដ្ឋាភិបាល និងរបស់អ្នកការទូត គឺជា«ការសម្រេចចិត្តផ្នែកនយោបាយសុទ្ធសាធសម្រាប់រដ្ឋាភិបាលនីមួយៗ ដែលគណៈកម្មាធិការគោរពយ៉ាងពេញលេញ ស្របតាមជំហរអព្យាក្រឹតផ្នែកនយោបាយរបស់គណៈកម្មាធិការ»។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិក៏បាននិយាយផងដែរថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់«ច្បាស់លាស់»ថា ការចូលរួមរបស់អត្តពលិកអាមេរិកគឺ«មិនទាក់ទងនឹងនយោបាយទេ ហើយយើងសូមស្វាគមន៍ចំពោះរឿងនេះ»។
ពេលត្រូវគេសួរថាហេតុអ្វីបានជារដ្ឋបាលលោក បៃឌិន មិនហាមឃាត់អត្តពលិកកុំឱ្យចូលរួមក្នុងការប្រកួតនោះ, លោកស្រី សាគី ដែលជាអ្នកនាំពាក្យ បានឆ្លើយថា ពហិការការទូតគឺគ្រប់គ្រាន់ហើយ ដើម្បីបង្ហាញពីចេតនារបស់សហរដ្ឋអាមេរិក។
លោកស្រីបាននិយាយដោយទទូចថា អត្តពលិកដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ និងរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍នោះ គួរតែអាចចូលរួមប្រកួតប្រជែងបាន៕
—
យោង៖ https://english.kyodonews.net/news/2021/12/ce002322ab13-urgent-us-decides-on-diplomatic-boycott-of-beijing-olympics.html