en     km
en     km

អព្យាក្រឹតភាពកម្ពុជាក្នុងនាមប្រធានអាស៊ានស្ថិតក្នុងមន្ទិលសង្ស័យ

Share

នៅសល់មិនដល់១ខែទៀតទេ កម្ពុជានឹងក្លាយជាប្រធានប្ដូរវេននៃសមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ជាផ្លូវការ។ ក្នុងពេលកន្លងទៅមិនយូរប៉ុន្មាន នៅតាមទីសាធារណៈ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែថ្លែងកោតសរសើរនិងការពារប្រទេសចិនដែលជាម្ចាស់ជំនួយដ៏ធំសម្រាប់កម្ពុជា ហើយច្រើនតែបន្តុះបង្អាប់បស្ចឹមប្រទេសដែលជាទីផ្សារដ៏ធំសម្រាប់ទំនិញកម្ពុជា។ ការណ៍នេះធ្វើឱ្យបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បង្ហាញមន្ទិលសង្ស័យលើអព្យាក្រឹតភាពរបស់កម្ពុជា ក្នុងនាមប្រធានអាស៊ាននៅឆ្នាំក្រោយ។

 

 

សូមរម្លឹកថា សម្ដេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី០១ ខែធ្នូ បានគូសបញ្ជាក់នៅចំពោះមុខលោកស្រី រីណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីថា ចំពោះទស្សនទាននៅក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក គឺត្រូវធ្វើយ៉ាងណាឱ្យមានគោលដៅគាំទ្រ គោលដៅសន្តិភាព និងការអភិវឌ្ឍគោលដៅ ដោយធ្វើយ៉ាងណាកុំឱ្យមានការប្រឆាំងនឹងប្រទេសណាក្នុងតំបន់នេះ ហើយសំខាន់ជាងនេះទៅទៀត គឺគាំទ្រតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់។

បណ្ឌិត ប៉ា ចន្ទរឿន បានរម្លឹកពីអព្យាក្រឹតភាពរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជារូបនេះបារម្ភថា អព្យាក្រឹតភាពក្លែងក្លាយអាចនឹងធ្វើឱ្យកម្ពុជាឆេះខ្លោចជាថ្មី នៅក្នុងជម្លោះរវាងប្រទេសមហាអំណាចដែលប្រៀបដូចជាភ្លើង ទោះបីជាទំនាក់ទំនងជាមួយប្រទេសទាំងនោះអាចជាឱកាសសម្រាប់កម្ពុជាក៏ដោយ៕

Share

ព័ត៌មានទាក់ទង

Image