en     km
en     km

សម្ព័ន្ធភាព កឹម សុខា – សម រង្ស៊ី លេចសញ្ញារកាំរកូស

Share

ទំព័រហ្វេសប៊ុករបស់ឯកឧត្ដម កឹម សុខា និងទំព័រហ្វេសប៊ុករបស់ឯកឧត្ដម សម រង្ស៊ី បានផ្សាយសារឆ្លើយឆ្លងគ្នា ដែលបង្ហាញសញ្ញាបែកបាក់ក្នុងសម្ព័ន្ធភាពរវាងមេដឹកនាំនៃអតីគណបក្សសង្គ្រោះជាតិ។

ទំព័រហ្វេសប៊ុករបស់ឯកឧត្ដម កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យ បានផ្សាយសារខ្លីមួយ ដោយចោទសម្ព័ន្ធមិត្តរបស់ឯកឧត្ដម គឺឯកឧត្ដម សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ថា«បានដើរចេញពីគោលការណ៍និងស្មារតីដើមនៃការរួបរួម»។

ឯកឧត្ដម កឹម សុខា ដែលឥឡូវត្រូវតុលាការហាមមិនឱ្យធ្វើនយោបាយ និងឯកឧត្ដម សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯបរទេស «មិនមែនជាមនុស្សតែមួយទេ»។ នេះបើយោងតាមសំណេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម កឹម សុខា ដែលមានមនុស្សជិត១លាន៣សែននាក់តាមដាន។

សារខ្លីក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្ដម កឹម សុខា បានអះអាងតាមសំណេរដើមថា «លោក សម រង្ស៊ី និងសហការី នៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាស់ ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតឬគាំទ្រពីខ្ញុំ»។

ទំព័រហ្វេសប៊ុកដដែលលើកឡើងថា ឯកឧត្ដម សម រង្ស៊ី និងសហការី បាននាំគ្នា«ទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះ គឺការត្រលប់ទៅគាំទ្រដោយចំហរ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន»។

«អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និងក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំ ដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាស់ ភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ»។ នេះជាសំណេរដើមក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្ដម កឹម សុខា ដែលបន្តថា «ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមនោះឡើយ»។

ឆ្លើយតបទៅនឹងការលើកឡើងដូច្នេះ ទំព័រហ្វេសប៊ុករបស់ឯកឧត្ដម សម រង្ស៊ី បានបញ្ចេញសារមួយនៅថ្ងៃអាទិត្យដដែល ដោយអះអាងថា សេចក្តីថ្លែងការណ៍លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិ មិនផុសចេញពីឆន្ទៈរបស់សម្ព័ន្ធមិត្តឯកឧត្ដមឡើយ។

ទំព័រហ្វេសប៊ុករបស់ឯកឧត្ដម សម រង្ស៊ី ដែលមានមនុស្ស៥លាននាក់តាមដាន បានលើកឡើងក្នុងសំណេរផ្ទាល់ថា៖ «សេចក្តីថ្លែងការណ៍នេះគឺជាលទ្ធផលនៃការគំរាមកំហែង ពីសំណាក់លោក ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់»។

ការចោទប្រកាន់របស់ឯកឧត្ដម សម រង្ស៊ី មកលើសម្ដេច ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺបង្ហាញពី«ការមិនទទួលខុសត្រូវ និងការមិនទទួលស្គាល់បរាជ័យ» របស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ នេះបើយោងតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺឯកឧត្ដម សុខ ឥសាន ដែលបានពន្យល់ប្រាប់វិទ្យុស្ត្រីថា «អ្នកណាក៏ដឹងដែរថា លោក សម រង្ស៊ី និងលោក កឹម សុខា មិនត្រូវគ្នាតាំងពីយូរមកហើយ»។ ឯកឧត្ដម សុខ ឥសាន បានបញ្ជាក់ថា ទំនាស់រវាងមេដឹកនាំនៃអតីតគណបក្សប្រឆាំងដ៏ធំនេះ «មិនពាក់ព័ន្ធនឹងភាគីទី៣ទេ»៕

Share

ព័ត៌មានទាក់ទង

Image