ភ្នំពេញ៖ សាច់ញាតិក្រុមគ្រួសារសកម្មជនអតីតគណបក្សសង្គ្រោះជាតិ សម្តែងការសោកស្តាយដែលតុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនអតីតបក្សប្រឆាំងទាំង ១៤ រូប ខណៈសកម្មជនទាំងនោះកំពុងជួបបញ្ហាសុខភាពក្នុងពន្ធនាគារ។ យ៉ាងណា ការបដិសេធនេះខាងតុលាការលើកហេតុផលថា ដើម្បីរក្សាជនជាប់ចោទចូលរួមសវនាការបានងាយស្រួល។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
កញ្ញា ហេង បុរី កូនស្រីរបស់លោក ហេង ចាន់សុធី ជាមន្រ្តីអតីតគណបក្សសង្គ្រោះជាតិប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា កញ្ញាមានការសោកស្តាយនឹងយល់ថារងភាពអយុត្តិធម៌ខ្លាំងណាស់ដែលតុលា ការនៅតែបន្តឃុំខ្លួនឪពុកកញ្ញានិងសកម្មជនដដៃទៀតរយៈពេលដ៏យូរដោយមិនព្រមជំនុំជម្រះក្តី។ កញ្ញាបន្តថា សុខភាពឪពុកកញ្ញាហាក់កាន់តែធ្ងន់ធ្ងរឡើង ដោយសារជំងឺលើសឈាម និងលើសជាតិខ្លាញ់ ខណៈការស្នើសុំព្យាបាលក្រៅពន្ធនាគារក៏ត្រូវបានបដិសេធ។
កញ្ញា ហេង បុរី៖«អំពាវនាវដល់ខាងតុលាការក៏ដូចជារដ្ឋាភិបាលឱ្យដោះលែងពួកគាត់ និងទម្លាក់ការចោទប្រកាន់ទាំងអស់ចំពោះឪពុកខ្ញុំនិងអ្នកទោសមនសិកាទាំងអស់ឱ្យមានសេរីភាពឡើងវិញ ព្រោះពួកគាត់អត់មានកំហុសអីទេ ហើយពួកគេសុទ្ធតែជាបុគ្គលស្អាតស្អំ។ហើយពួកគាត់មានវ័យចំណាស់និងមានជំងឺប្រចាំកាយទាំងអស់។ ចឹងខ្ញុំបារម្ភខ្លាចមានហានិភ័យអ្វីមួយប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត»។
វិទ្យុស្រ្តីពុំទាន់អាចសុំការយល់ឃើញពីលោក សំ សុគង់ មេធាវីការពារក្តីជូនសកម្មជនអតីតបក្សប្រឆាំងបាននៅឡើយទេនៅថ្ងៃនេះ។
តែបើតាមសាច់ញាតិក្រុមគ្រួសារដែលបានទៅស្តាប់សវនាការបានឱ្យដឹងថា មូលហេតុដែលតុលាការបដិសេធសំណើសុំនៅក្រៅឃុំនេះ គឺដើម្បីរក្សាទុកជនជាប់ចោទក្នុងការឃុំខ្លួន ងាយស្រួលដល់ការជំនុំជម្រះក្ដី។
បន្ទាប់ពីបានដឹងលទ្ធផលនៃការប្រកាសច្រានចោលសំណើសុំនៅក្រៅឃុំនេះ នៅថ្ងៃនេះដែរសាច់ញាតិក្រុមគ្រួសារសកម្មជនអតីតគណបក្សប្រឆាំងដែលភាគច្រើនជាស្រ្តី បាននាំគ្នាទៅដាក់ញាត្តិជូនស្ថានទូតអាឡឺម៉ង់ប្រចាំកម្ពុជា ដើម្បីសុំអន្តរាគមន៍ឱ្យមានការដោះលែងនិងទម្លាក់ចោលបទចោទលើអតីតមន្រ្តីនិងសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំទាំងអស់ផងដែរ។
កញ្ញា ហេង បុរី ដែលបានចូលរួមដាក់ញាត្តិដែលនោះរំពឹងថា ខាងស្ថានទូតអាឡឺម៉ង់និងស្ថានទូតនានានឹងមានវិធីសាស្រ្តចរចាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅរកមានកិច្ចអន្តរាគមន៍ដោះលែងសកម្មជនទាំងអស់។
កញ្ញា ហេង បុរី៖«សង្ឃឹមថាខាងទូតនានាក៏ដូចជាអន្តរជាតិ គាត់បានឃើញពីការអំពាវនាវរបស់ពួកខ្ញុំនិងជួយអន្តរាគមន៍ឱ្យមានការដោះលែងឪពុកនិងអ្នកទោសមនសិកាទាំងអស់ដែលគ្មានកំហុសឱ្យមានសេរីភាពឡើងវិញ»។
សកម្មជនអតីតគណបក្សប្រឆាំងទាំង១៤នាក់នេះ រួមមាន លោក កាក់ កម្ភារ, លោក កែវ ថៃ, ថៃ គន្ធា, លោក ជុំ ចាន់, លោក ញែម វាន, លោក ស៊ុន ធន, យឹម ភាណា, លោក សុខ ចាន់ថា, លោក ពៀត ម៉ាប់, លោក យឹម សារ៉េត, ឃុត ច្រឹប, លោក ងិន ឃាង, លោក ហេង ចាន់សុធី និងលោក ឡុង ផារី។
ពួកគេត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់ និងញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា»បទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ជុំវិញរឿងនេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយដោយ ជំរុញអាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកទោសនយោបាយដែលនៅសល់ជាង ៦០នាក់ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
ការជំរុញនេះ ស្របពេលតុលាការបានដោះលែងសកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនសង្គម ជាបន្តបន្ទាប់ជាង ៣០នាក់។ ក៏ប៉ុន្តែ Human Rights Watch សោកស្តាយដែលតុលាការពុំបានទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុង ដែលប្រការនេះអាចឱ្យពួកគេប្រឈមនឹងការចាប់ដាក់ពន្ធនាគារឡើងវិញ។
ជាការកត់សម្គាល់សកម្មជនដែលទើបត្រូវបានដោះលែងពីពន្ធនាគារភាគច្រើនត្រូវបានតុលាការកាត់តម្រឹមទោសនិងព្យួរទោសដែលនៅសល់ ហើយតម្រូវឱ្យពួកគេស្ថិតក្រោមការតាមដានរបស់តុលាការរយៈជាង២ឆ្នាំ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្លាប់ប្រាប់វិទ្យុស្ត្រីថា ការដាក់ឱ្យសកម្មជនទាំងនោះស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ គឺដើម្បីឱ្យពួកគេឆាប់បញ្ជ្រាបខ្លួនរស់នៅក្នុងសង្គមបានឆាប់រហ័ស និងជាផ្នែកមួយនៃការកាត់បន្ថយភាពណែនចង្អៀតក្នុងពន្ធនាគារផងដែរ៕