បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតី ស.រ.អ និងប្រធានាធិបតីចិន នៅថ្ងៃចន្ទ ពុំមានលទ្ធផលជាក់លាក់ណាមួយត្រូវបានរាយការណ៍ឱ្យដឹងទេ ក្រៅពីការណ៍ដែលលោក ចូ បៃឌិន និងលោក ស៊ី ជីនពិង យល់ស្របគ្នាក្នុងការរក្សាទំនាក់ទំនងទៅវិញទៅមក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា បានយល់ព្រមនឹងសមភាគីចិនលោក ស៊ី ជិនពីង ក្នុងការរក្សាទំនាក់ទំនង នៅពេលដែលប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរ ព្យាយាមធានាថា ទំនាក់ទំនងដ៏តឹងតែងរបស់ពួកគេ នឹងមិននាំឱ្យមានជម្លោះ។
មិនមានលទ្ធផលជាក់លាក់ណាមួយត្រូវបានរាយការណ៍ឱ្យដឹងដោយភាគីអាមេរិកទេ បន្ទាប់ពីការជួបទល់មុខគ្នាពីចម្ងាយជាលើកដំបូងរបស់មេដឹកនាំទាំងពីរ ក្នុងរយៈពេលប្រហែល៣ម៉ោងកន្លះនោះ។
ប្រទេសទាំងពីរបានប្រេះឆានឹងគ្នាលើបញ្ហាជាច្រើន រាប់ចាប់ពីពាណិជ្ជកម្មរហូត ដល់សិទ្ធិមនុស្ស និងកោះតៃវ៉ាន់។
កិច្ចពិភាក្សា ដែលរៀបចំឡើងបន្ទាប់ពីមានការទាក់ទងគ្នាតាមទូរស័ព្ទ២លើកកន្លងទៅក្នុងឆ្នាំនេះ បានចាប់ផ្តើមនៅក្នុងបរិយាកាសស្និទ្ធស្នាល។ លោក ស៊ី បានហៅលោក បៃឌិន ដែលជាអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក ថាជា«មិត្តចាស់»របស់គាត់។
មេដឹកនាំទាំងពីរក៏បាននិយាយអំពីបញ្ហាចម្រូងចម្រាស់នានា ដូចជាការចោទប្រកាន់ថាទីក្រុងប៉េកាំងរំលោភសិទ្ធិជនជាតិភាគតិចមូស្លីម អ៊ុយហ្គួរ ក្នុងតំបន់ស៊ីនជាំង ដែលស្ថិតនៅចុងខាងលិចរបស់ប្រទេសចិន ការបំបាក់លទ្ធិប្រជាធិបតេយ្យហុងកុង និងស្ថានភាពកោះតៃវ៉ាន់ជាដើម។
លោក បៃឌិន «បានលើកឡើងនូវក្ដីបារម្ភ»អំពីការអនុវត្តរបស់ចិននៅតំបន់ស៊ីនជាំង នៅទីក្រុងហុងកុង ក៏ដូចជាអំពីសិទ្ធិមនុស្សជាទូទៅ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ដែលប្រាប់ទៀតថា លោក បៃឌិន ក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់ ស.រ.អ ក្នុងការជំរុញឱ្យ«តំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែសេរីនិងបើកចំហ»ដែរ នៅចំពោះមុខការបង្កើនឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់។
អំពីកោះតៃវ៉ាន់វិញ យោងតាមសម្រង់សម្ដីក្នុងសេចក្ដីថ្លែងការណ៍នោះ លោកលោក បៃឌិន បានប្រាប់លោក ស៊ី ថា សហរដ្ឋអាមេរិក«ប្រឆាំងយ៉ាងខ្លាំងចំពោះការខិតខំជាឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬធ្វើឱ្យខូចដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
លោក បៃឌិន បានប្រាប់លោក ស៊ី ដែរថា រូបលោកនឹងប្រកាន់ជំហរម៉ឺងម៉ាត់ ប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថាជាការអនុវត្តវិធានពាណិជ្ជកម្មនិងសេដ្ឋកិច្ចមិនយុត្តិធម៌ដោយប្រទេសចិន ប្រហែលជាតាមរយៈការប្រើយ៉ាងទូលំទូលាយនូវនយោបាយឧបត្ថម្ភធនផ្នែកឧស្សាហកម្ម ដែលមានចរិតប្រឆាំងនឹងពលករអាមេរិក។
ក្នុងសម្រង់សម្ដីដើម លោក បៃឌិន បាននិយាយថា «ប្រទេសទាំងអស់ត្រូវតែលេងដោយប្រើច្បាប់ដូចគ្នានៅលើផ្លូវតែមួយ» ហើយសហរដ្ឋអាមេរិក«តែងតែក្រោកឡើងដើម្បីផលប្រយោជន៍និងគុណតម្លៃរបស់យើង ក៏ដូចជារបស់សម្ព័ន្ធមិត្ត និងដៃគូរបស់យើង»។
ខាងភាគីចិនវិញ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី បានឃាត់លោក បៃឌិន កុំលូកដៃចូល«កិច្ចការផ្ទៃក្នុង»របស់ប្រទេសចិន ដែលទំនងជាសំដៅដល់កោះតៃវ៉ាន់ កោះហុងកុង និងតំបន់ស៊ីនជាំង។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ក្រោមការគ្រប់គ្រងរបស់រដ្ឋចិន បានរាយការណ៍ទៀតថា ប្រទេសចិនក៏បានព្រមាន ស.រ.អ ដែលបាននិងកំពុងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលទីក្រុងតៃប៉ិដែរ។ ចិនទាមទារឱ្យ ស.រ.អ គោរពគោលនយោបាយចិនតែមួយ និងបញ្ឈប់ការបញ្ជូន«សញ្ញាខុស»ដល់កងកម្លាំងទាមទារឯករាជ្យតៃវ៉ាន់ ប្រសិនបើអាមេរិកចង់«រក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់»។
បើតាមស៊ីនហួដដែល លោក បៃឌិន បានប្រាប់លោក ស៊ី ថា សហរដ្ឋអាមេរិកមិនគាំទ្រកងកម្លាំងទាមទារឯករាជ្យរបស់តៃវ៉ាន់ទេ។
តៃវ៉ាន់ត្រូវបានគេមើលឃើញថាជាចំណុចសំខាន់ខាងយោធា ដែលអាចទាញសហរដ្ឋអាមេរិកឲ្យចូលក្នុងជម្លោះទល់នឹងប្រទេសចិន ហើយដែលអាចនឹងបង្កបញ្ហាសន្តិសុខធំដុំចំពោះប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកដែរ។
កោះតៃវ៉ាន់ស្ថិតនៅចម្ងាយតែ១៧០គីឡូម៉ែត្រប៉ុណ្ណោះពីប្រជុំកោះ សេនកាគុ ដែលគ្រប់គ្រងដោយជប៉ុន ក្នុងសមុទ្រចិនខាងកើត និងដែលទាមទារដោយប្រទេសចិន។
លោក បៃឌិន បានព្យាយាមទប់ទល់នឹងការបង្កើនឥទ្ធិពលរបស់ប្រទេសចិន តាមរយៈការប្រមូលផ្តុំបណ្ដាសម្ព័ន្ធមិត្ត និងដៃគូនានាដែលមានគំនិតដូចអាមេរិក ឆ្ពោះទៅបង្កើតអ្វីដែលរដ្ឋបាលរបស់លោកហៅថាជា «វិធីរៀបចំកម្លាំង» ។
ការប្រឹងប្រែងរបស់ ស.រ.អ មានជាអាទិ៍ការអភិវឌ្ឍទំនាក់ទំនងចតុភាគី ដែលពាក់ព័ន្ធនឹងប្រទេសប្រជាធិបតេយ្យនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសំខាន់ៗបីផ្សេងទៀត គឺជប៉ុន អូស្ត្រាលី និងឥណ្ឌា និងការបង្កើតភាពជាដៃគូសន្តិសុខថ្មីត្រីភាគី ក្នុងចំណោមប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ថា អូគុស (AUKUS)៕
—
យោង៖ https://english.kyodonews.net/news/2021/11/fa35b613abc6-update1-biden-xi-meet-virtually-amid-tense-us-china-relations.html