ភ្នំពេញ៖ លោក រ៉ុង វិជ្ជា ក្មួយប្រុសលោក រ៉ុង ឈុន ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះថា ពូរបស់លោក គឺលោក រ៉ុង ឈុន អាចនឹងត្រូវបានដោះលែងនៅល្ងាចថ្ងៃនេះ បន្ទាប់ពីសាលាឧទ្ធរណ៍បានប្រកាសសាលក្រមលើលោក រ៉ុង ឈុន និងសកម្មជនពីររូបផ្សេងទៀតកាលពីព្រឹកមិញ។
បើតាមលោក រ៉ុង វិជ្ជា សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការផ្ដន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ តែកាត់តម្រឹមទោសដោយឱ្យលោក រ៉ុង ឈុន អនុវត្តទោសជាប់ពន្ធនាគាររយៈ១៥ ខែ និង១១ថ្ងៃ នៃទោសពន្ធនាគារសរុប ២៤ខែ ហើយទោសនៅសល់ត្រូវបានព្យួរ។
លោក រ៉ុង វិជ្ជា ដែលទទួលបានព័ត៌មានពីមេធាវីឱ្យដឹងថា គិតរាប់ពីថ្ងៃលោក រ៉ុង ឈុន បានជាប់ក្នុងពន្ធនាគារដែលមានរយៈជាង ១៥ ហើយនោះ ដូច្នេះពូរបស់លោកប្រហែលជាអាចត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃសនៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកានេះ។
យោងតាមអត្ថបទព័ត៌មានខ្លីរបស់អង្គការលីកាដូចេញផ្សាយនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះឱ្យដឹងថា ក្រៅប្រកាសសាលក្រមលើលោក រ៉ុង ឈុន ក៏មានផងដែរសកម្មជនសង្គមពីរូបទៀត ដែលត្រូវបានសាលាឧទ្ធរណ៍ប្រកាសសាលក្រមគឺកញ្ញា ស កន្និកា និងលោក តុន និមល។
បើតាមលីកាដូ កញ្ញា កន្និកា ត្រូវសម្រេចឱ្យជាប់ពន្ធនាគារចំនួន ១៥ ខែ និង ៥ថ្ងៃ នៃទោសសរុបចំនួន ២០ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ។ រីឯលោក តុន និមល ត្រូវជាប់ពន្ធនាគារចំនួន ១៤ ខែ និង ២៤ ថ្ងៃ នៃទោសសរុបចំនួន ២០ ខែ ហើយទោសដែលនៅសល់ត្រូវព្យួរ។
ក្រៅពីនេះ អ្នកទាំងបីត្រូវបានសាលាឧទ្ធរណ៍ បានសម្រេចព្យួរទោសសាកល្បងចំនួន ៣ឆ្នាំ ផងដែរ ក្រោយពេលដោះលែង។ ការព្យួរទោសនេះ តុលាការតម្រូវឱ្យអ្នកទាំងបីគោរពវិធានការតឹងរ៉ឹងជាច្រើន ដូចជាហាមមិនឱ្យទាក់ទងជាមួយគ្នា ហើយត្រូវរាយការណ៍ជូនព្រះរាជអាជ្ញានៅពេលផ្លាស់ប្តូរទីលំនៅ ឬការងារ យោងតាមមាត្រា ១១៩ និង ១២០ នៃក្រមព្រហ្មទណ្ឌ។
ជាងនេះ សាលាឧទ្ធរណ៍តម្រូវឱ្យទាំង ៣ នាក់បង់ប្រាក់ពិន័យម្នាក់ៗចំនួន ២ លានរៀល (៥០០ដុល្លារ) និងបង្គាប់ឱ្យអ្នកទាំង ៣នាក់ សងសំណងជំងឺចិត្តរួមចំនួន ៤០០លានរៀល (១០០.០០០ ដុល្លារ) សម្រាប់ការខូចខាតផ្សេងៗ។
លោក រ៉ុង វិជ្ជា បន្តថាលោកមិនមានចិត្តសប្បាយរីករាយខ្លាំងនោះទេ បើទោះបីលោកពូជិតបានចេញពីពន្ធនាគារក៏ដោយ ព្រោះថាសកម្មភាពរបស់លោក រ៉ុង ឈុន ក្នុងការតស៊ូមតិលើកឡើងពីបញ្ហាទឹកដី បញ្ហាសិទ្ធិគ្រូបង្រៀន និងសិទ្ធិកម្មករជាដើម គឺជារឿងត្រឹមត្រូវដែលមិនគួរត្រូវមានទោស។ យ៉ាងណា ក្មួយប្រុសលោក រ៉ុង ឈុន រូបនេះនៅតែបន្តគាំទ្រសកម្មភាពរបស់លោក រ៉ុង ឈុន ដដែរក្រោយចេញពីពន្ធនាគារ ព្រោះលោកយល់ថា សកម្មភាពរបស់លោក រ៉ុង ឈុន គឺដើម្បីការពារផលប្រយជន៍របស់ប្រជាជនទន់ខ្សោយ និងផលប្រយោជន៍ជាតិតែប៉ុណ្ណោះ។
សូមស្តាប់ការលើកឡើងបន្ថែមរបស់លោក រ៉ុង វិជ្ជា
សូមរំលឹកថាលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកបានទៅមើលដីតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តត្បូងឃ្មុំ ហើយបានធ្វើការអត្ថាធិប្បាយពីសកម្មភាពរបស់អាជ្ញាធរវៀតណាមដែលបានហាមមិនឱ្យកសិកម្មខ្មែរធ្វើស្រែចម្ការ និងការបោះបង្គោលព្រំដែនចូលទឹកដីកម្ពុជាជាដើម។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ពី«បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»ពាក់ព័ន្ធនឹងការចុះទៅពិនិត្យមើលព្រំដែន និងការចេញសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តត្បូងឃ្មុំ។
ទាក់ទងរឿងនេះ អង្គការសង្គមស៊ីវិលមួយចំនួនបានធ្វើយុទ្ធនាការតាមបណ្តេញសង្គម ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន និងសកម្មជននានា ដែលរហូតមកទល់បច្ចុប្បន្ននេះជាសប្តាហ៍ទី១៣ហើយ។ ក្នុងយុទ្ធនាការនោះ អង្គការសង្គមស៊ីវិលយល់ឃើញថា សកម្មភាពតស៊ូមតិដើម្បីសិទ្ធិសេរីភាពពលរដ្ឋ និងការបញ្ចេញមតិពាក់ព័ន្ធផលប្រយោជន៍ជាតិ មិនសូវមានការគាំទ្រពីអាជ្ញាធរនោះទេ តែផ្ទុយទៅវិញអាជ្ញាធរបែរជាត្រូវបានចាប់ខ្លួន និងផ្តន្ទានទោសទៅវិញ៕