រដ្ឋមន្ត្រីការបរទេសថ្មីនៃប្រទេសជប៉ុន គឺលោក យ៉ូស្ស៊ីម៉ាស្សា ហាយ៉ាស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា បានសន្យាការពារបណ្ដាគុណតម្លៃជាសាកល ព្រមទាំងសន្តិភាពនិងស្ថិរភាពរបស់ប្រទេសជប៉ុន ក៏ដូចជានៅផ្នែកផ្សេងៗទៀតរបស់ពិភពលោក។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ។
លោក ហាយ៉ាស្ស៊ី បានប្ដេជ្ញាដូច្នេះ បន្ទាប់ពីអ្នកនយោបាយអាយុ៦០ឆ្នាំរូបនេះត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ហ្វ៊ូមីអូ គីស្ស៊ីដា ដែលត្រូវបានសភាជប៉ុនបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនជាថ្មី។ ការសន្យារបស់លោក ហាយ៉ាស្ស៊ី ក៏បានកើតឡើងស្របពេលដែលប្រទេសចិននៅជិតខាង បង្កើនឥទ្ធិពលយោធា និងទាមទារវាទយកទឹកដី។
លោក ហាយ៉ាស្ស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូង ចាប់តាំងពីពេលចូលកាន់តំណែងនៅថ្ងៃពុធថា៖ «យើងកំពុងមើលឃើញបញ្ហាប្រឈមកាន់តែធំទៅៗ ចំពោះគុណតម្លៃជាសាកលដែលធានានិរន្តរភាពសន្តិភាពនិងស្ថិរភាពនៃសហគមន៍អន្តរជាតិ ក៏ដូចជាសណ្តាប់ធ្នាប់អន្តរជាតិ»។
កាលពីមុន លោក ហាយ៉ាស្ស៊ី បានបម្រើការជារដ្ឋមន្ត្រីការពារជាតិ កសិកម្ម អប់រំ និងគោលនយោបាយសេដ្ឋកិច្ចនិងសារពើពន្ធ៕
—
យោង៖ https://english.kyodonews.net/news/2021/11/83c9d1f40255-breaking-news-new-foreign-minister-hayashi-vows-to-safeguard-universal-values.html