en     km
en     km

រដ្ឋមន្ដ្រីកសិកម្មលើកទឹកចិត្តឱ្យប្រើបច្ចេកវិទ្យាថាមពលកកើតឡើងវិញក្នុងវិស័យកសិកម្ម

Share

ដោយមើលឃើញពី ភាពចំណេញច្រើនលើការប្រើបច្ចេកវិទ្យាថាមពលកកើតឡើងវិញសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានលើកទឹកចិត្ត ដល់អ្នកធ្វើកសិកម្មថា ការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញទៅក្នុងផលិតកម្មកសិកម្ម ក៏ដូចជាការកែច្នៃកសិផល គឺជាជម្រើសដ៏ប្រសើរបំផុត។

ឯកឧត្តម វេង សាខុន បានលើកឡើងនៅក្នុងហ្វេសប៊ុក របស់ឯកឧត្តមថា ថាមពលទាំងឡាយណាដែលទាញយកបានពីធម្មជាតិអាចកកើតឡើងវិញជាប្រចាំដូចជា៖ ថាមពលបានពីពន្លឺព្រះអាទិត្យ កម្លាំងខ្យល់ កម្លាំងទឹកហូរ កម្លាំងរលកសមុទ្រ ជីវឥន្ធនៈ ជីវម៉ាស ជីវឧស្ម័ន និងកម្តៅផែនដី គឺជាជម្រើសដ៏ប្រសើរបំផុត ក្នុងផលិតកម្មកសិកម្ម ក៏ដូចជាការកែច្នៃកសិផល ។  នៅកម្ពុជាយើង ថាមពលពន្លឺព្រះ អាទិត្យមានសក្កានុពល និងសមស្របបំផុតដែលអាចប្រើប្រាស់បានដោយចីរភាព និងប្រកប ដោយសុវត្ថិភាពតាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្របក្នុងការស្រូបយកថាមពលពីពន្លឺព្រះ អាទិត្យដើម្បីផលិតអគ្គិសនីបម្រើក្នុងផលិតកម្មកសិកម្មតាមរយៈឧបករណ៍មួយចំនួនដូចជាផ្ទាំងសូឡា ឧបករណ៍គ្រប់គ្រង និងត្រួតពិនិត្យអគ្គិសនី និងអាគុយសម្រាប់ផ្ទុកអគ្គិសនីជាដើម។

យោងតាមឯកឧត្តមដដែល បានបន្ថែមថា នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បង្ហាញនូវឧបករណ៍កសិកម្ម ប្រើថាមពលព្រះអាទិត្យមួយចំនួនដែលមានសក្ដានុពលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ មានប្រសិទ្ធភាព រួមចំណែកកាត់បន្ថយថ្លៃដើមក្នុងការផលិត និងកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស និងជាពិសេសចូលរួមកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ និងធ្យូងថ្ម ដែលគ្មាននិរន្តរភាព និងសុវត្ថិភាព។ ក្រោមក្របខ័ណ្ឌថវិកាហិរញ្ញប្បទានឥតសំណងពីមូលនិធិបរិស្ថានសកល (GEF) និងដោយមានកិច្ចសហការល្អជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា បច្ចុប្បន្ននេះការផ្សព្វផ្សាយបច្ចេកវិទ្យាស្តីពីការប្រើថាមពលព្រះអាទិត្យ ក្នុងវិស័យកសិកម្ម និង វិស័យផ្សេងៗទៀត មានលក្ខណទូលាយនៅទូទាំងប្រទេស ហើយបាននិងកំពុងចាប់អារម្មណ៍យកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ឯកឧត្តមបន្ដថា​ ឧបករណ៍ដែលជួយដល់កសិកម្មទាំងនោះរួមមាន៖១. ម៉ូទ័របូមទឹកប្រើថាមពលព្រះអាទិត្យ សម្រាប់ស្រោចស្រពដំណាំជាលក្ខណ:គ្រួសារ។ ២. ទូភ្ញាស់ស៊ុតមាន់ប្រើថាមពលព្រះអាទិត្យ

៣. ទូហាលសម្ងួតប្រើថាមពលព្រះអាទិត្យ សម្រាប់ហាលសម្ងួតត្រី សាច់ បន្លែ និងផ្លែឈើ ដែលអាចរក្សាគុណភាព និងអនាម័យ។

ដើម្បីរួមចំណែកកាត់បន្ថយចំណាយក្នុងផលិតកម្ម ការប្រែប្រួលអាកាសធាតុ និងការបំពុល បរិស្ថានដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញទៅក្នុងផលិតកម្មកសិកម្ម ក៏ដូចជាការកែច្នៃកសិផល គឺជាជម្រើសដ៏ប្រសើរបំផុត។ ជាទិសដៅបន្ត នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម នឹងសហការជាមួយវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីផ្សព្វផ្សាយអំពីបច្ចេកវិទ្យាថាមពលកកើតឡើងវិញឱ្យមានភាពទូលំ ទូលាយដើម្បីផ្តល់អត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕

 

Share

Image
Image
Image