en     km
en     km

រដ្ឋមន្ត្រីការបរទេសនៃប្រទេស ទូវ៉ាលូ មូរជើងខោថ្លែងសុន្ទរកថាក្នុងទឹកសមុទ្រ

Share

រដ្ឋមន្ត្រីការបរទេសនៃប្រទេស ទូវ៉ាលូ បានថ្លែងសុន្ទរកថាទៅកាន់សន្និសីទអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុលើកទី២៦ នៅទីក្រុងគ្លាសហ្កូ ដោយឈរក្នុងទឹកសមុទ្រជម្រៅត្រឹមជង្គង់។

ទីភ្នាក់ងារសារព័ត៌មានរើយធើពន្យល់ថា ការធ្វើរបៀបនេះគឺដើម្បីបង្ហាញពីរបៀបដែលប្រទេសកោះប្របទឹកសមុទ្រប៉ាស៊ីហ្វិកមួយនេះ ស្ថិតនៅជួរមុខក្នុងវិបត្តិនៃការប្រែប្រួលអាកាសធាតុ។

រូបភាពរបស់រដ្ឋមន្ត្រី ស៊ីម៉ុន កូហ្វ ដែលពាក់អាវធំនិងចងក្រវាត់ក លាត់ជើងខោរឡើងលើ ឈរនៅនឹងតុមួយ ដាក់ក្នុងទឹកសមុទ្រ ត្រូវបានចែកបន្តយ៉ាងទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាបានទាក់ទាញចំណាប់អារម្មណ៍មហាជន ចំពោះការតស៊ូរបស់ប្រទេស ទូវ៉ាលូ ទល់នឹងកំណើនកម្រិតទឹកសមុទ្រ។

លោក កូហ្វ បាននិយាយអំពីសារជាវីដេអូរបស់គាត់ដែលបញ្ជូនទៅកាន់សន្និសីទស្ដីពីអាកាសធាតុនោះថា៖ «សេចក្តីថ្លែងការណ៍នេះបង្ហាញឱ្យឃើញភាពខុសគ្នា រវាងការរៀបចំធ្វើសន្និសីទអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុលើកទី២៦ និងស្ថានភាពជីវិតពិតដែលប្រជាជនកំពុងប្រឈមមុខក្នុងប្រទេស ទូវ៉ាលូ ដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនិងការកើនឡើងនៃកម្រិតទឹកសមុទ្រ។ វាគូសបញ្ជាក់អំពីសកម្មភាពអង់អាចដែលប្រទេស ទូវ៉ាលូ កំពុងចាត់វិធានការធ្វើ ដើម្បីដោះស្រាយជាបន្ទាន់នូវបញ្ហាបំលាស់ទីរបស់ប្រជាជន បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ»។

មន្ត្រីរដ្ឋាភិបាល ទូវ៉ាលូ មួយរូប បាននិយាយថា ខ្សែវីដេអូនេះត្រូវបានថតដោយទូរទស្សន៍រដ្ឋ ធីវីប៊ីស៊ី ពីចុងបំផុតនៃកោះ ហ្វុងហ្គាហ្វាល់ ទីដែលរដ្ឋធានី ហ្វ៊ូណាហ្វ៊ូទី ស្ថិតនៅ។

ខ្សែវីដេអូនោះនឹងត្រូវចាក់បញ្ចាំងនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុនៅថ្ងៃអង្គារ ហើយគេផលិតវាឡើងស្របពេលដែលបណ្ដាមេដឹកនាំនៃប្រទេសក្នុងតំបន់ជំរុញឱ្យមានសកម្មភាពខ្លាំងក្លាបន្ថែមទៀត ដើម្បីកម្រិតទំហំផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុឱ្យនៅតូច។

មុននេះ បណ្ដាប្រទេសអ្នកបំពុលបរិស្ថានខ្លាំងៗ បានប្តេជ្ញាថានឹងបង្កើនល្បឿនកាត់បន្ថយកាបូនក្នុងប្រទេសរបស់ពួកគេសម្រាប់រយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ ក្នុងចំណោមនោះ ប្រទេសខ្លះមានគោលដៅធ្វើឱ្យការបំភាយឧស្ម័នការបូនិកឈានដល់កម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០៕

ប៉ុន្តែបណ្ដាមេដឹកនាំនៃប្រទេសនៅតាមកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានទាមទារឱ្យមានសកម្មភាពជាបន្ទាន់ ដោយចង្អុលបង្ហាញថា ការរស់រានមានជីវិតនៃបណ្តាប្រទេសរបស់ពួកគេដែលនៅប្របៗមាត់ទឹក គឺស្ថិតក្នុងគ្រោះថ្នាក់៕

យោង៖ https://www.reuters.com/business/cop/tuvalu-minister-stands-sea-film-cop26-speech-show-climate-change-2021-11-08/

Share

Image
Image
Image