en     km
en     km

សិក្សាស្រាវជ្រាវ៖ សិទ្ធិជនជាប់ចោទជាអនីតិជនខ្វះការការពារក្នុងពេលដំណើរការក្តី

Share

ភ្នំពេញ៖ ជនជាប់ចោទជាអនីតិជន ពោលគឺ«ជនប្រព្រឹត្តិបទល្មើសពេលខ្លួនមិនទាន់គ្រប់អាយុ១៨ឆ្នាំ» នៅមិនទាន់ទទួលបានការគោរពសិទ្ធិឯកជនភាពបានពេញលេញនៅឡើយទេក្នុងពេលតុលាការដំណើរនិតីវិធីព្រហ្មទណ្ឌ។ នេះជាការរកឃើញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)លើសំណុំរឿងចំនួន២៣៩ ករណីនៅសាលាឧទ្ធរណ៍ពីឆ្នាំចន្លោះឆ្នាំ២០១៨ ដល់ ២០២០។ លទ្ធផលនេះត្រូវបានចេញផ្សាយលើព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបាការជំនុំជម្រះដោយយុត្តិធម៌ លេខ១៤ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

តើសិទ្ធិឯងជនភាពរបស់ជនជាប់ចោទជាអនីតិជនអ្វីខ្លះដែលស្ថាប័នតុលាការកម្ពុជាពុំទាន់បានគោរពក្នុងពេលដំណើរការក្តីរឿងព្រហ្មទណ្ឌ?

ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញាលោក លោកស្រី អញ្ជើញស្តាប់នាទីសិក្សាស្រាវជ្រាវដែលរៀបរៀងដោយលោក កែវ សុខា​ ដូចតទៅ!

 

ជនជាប់ចោទជាអនីតិជន បើទោះបីបានប្រព្រឹត្តិបទល្មើសក្តី ប៉ុន្តែពួកគេត្រូវបានការការពារផ្នែកច្បាប់ច្រើនជាងនីតិជន។ ជនជាប់ចោទជាអនីតិជន ពួកគេត្រូវទទួលបានកិច្ចគាំពារបន្ថែមដោយសារវ័យនៅក្មេងមិនទាន់ដឹងក្តី ហើយពួកគេត្រូវវិវត្តន៍ចម្រើនវ័យនិងប្រាជ្ញាស្មារតីថែមទៀត។

ទាំងក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិសុទ្ធតែបានចែងអំពីការប្រព្រឹត្តិជាពិសេសលើអនីតិជន។

អនុសញ្ញាស្តីពីសិទ្ធិកុមារ មាត្រា៣(១)ចែងថា នៅក្នុងវិធានការទាំងអស់ដែលពាក់ព័ន្ធកុមារ ទោះធ្វើឡើងដោយស្ថាប័នឯកជន ឬសាធារណៈ ត្រូវទទួលភារៈខាងសុខុមាលភាពសង្គមដោយតុលាការ ឬដោយអាជ្ញាធររដ្ឋបាល ឬអង្គការនីតិបញ្ញត្តិដោយផលប្រយោជន៍ល្អបំផុតរបស់កុមារត្រូវតែយកចិត្តទុកដាក់ជាចម្បង។

ដោយឡែកប្រទេសកម្ពុជាបានអនុម័តច្បាប់ស្តីពីយុត្តិធម៌អនីតិជន នៅឆ្នាំ២០១៦ ដើម្បីការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារដែលបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ។ ជាក់ស្តែងមាត្រា ៥ នៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន ចែងថា គ្រប់បុគ្គលដែលបំពេញមុខងារណាមួយពាក់ព័ន្ធនឹងអនីតិជន ត្រូវធានាឱ្យមានការគោរពគោលការណ៍ដូចជា ត្រូវយកចិត្តទុកដាក់និងពិចារណារាល់សកម្មភាពពាក់ព័ន្ធឧត្តមប្រយោជន៍របស់អនីតិជន ជាពិសេសធានានូវសិទ្ធិរស់រានមានជីវិត និងការរីកចម្រើនលូតលាស់ជាអតិបរមា។

ជនជាប់ចោទកំពុងមានវត្តមានក្នុងបន្ទប់សវនាការ។រូបភាពអង្គការលីកាដូ។

 

បើទោះបីកម្ពុជាបានផ្តល់សច្ចាប័ណ្ណលើកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ និងអនុសញ្ញាស្តីពីសិទ្ធិកុមារហើយក្តី តែឆន្ទៈក្នុងការអនុវត្តកាតព្វកិច្ចក្នុងនាមជារដ្ឋហត្ថលេខីមិនបានបំពេញឱ្យបានគត់មុតឡើយ។

តួយ៉ាងរបកគំហើញបានពីការសង្កេតការណ៍លើសំណុំរឿងចំនួន ២០៣ ដែលមានជនជាប់ចោទ២៥៥នាក់ក្នុងសវនាការនៅសាលាឧទ្ធរណ៍ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ បង្ហាញថា ៩៣% គឺ១៤នាក់ ក្នុងចំណោម ១៥ នៃជនជាប់ចោទជាអនីតិជនមានវត្តមានក្នុងពេលសវនាការជាសាធារណៈ គ្មានវិធានការណាមួយត្រូវបានតុលាការប្រើប្រាស់ដើម្បីការពារសិទ្ធិឯកជនរបស់ពួកគេនោះទេ។ នេះវាផ្ទុយនឹងមាត្រា ៤៧ នៃច្បាប់ស្តីពីយុត្តិធម៌អនីតិជនដែលចែងថា ការពិភាក្សាដេញដោល និងការប្រកាសសាលក្រមលើអនីតិជន ត្រូវធ្វើឡើងក្នុងសវនាការជាអសាធារណៈ។មានន័យថា ពេលជំនុំជម្រះក្តីមិនត្រូវឱ្យមានវត្តមានជនជាប់ចោទជាអនីតិជនក្នុងបន្ទប់សវនាការឡើយ។ ត្រង់ចំណុចនេះ ដើម្បីអាចការពារឯកជនភាពរបស់អនីតិជន អំឡុងពេលសវនាការតុលាការត្រូវប្រើរបាំងការពារ ឬធ្វើតាមរយៈវីដេអូឆ្លើយឆ្លងជាមធ្យោបាយក្នុងការផ្តល់សក្ខីកម្ម។

មួយទៀតដែរ គឺការឃុំខ្លួនបណ្តុះអាសន្នជាជម្រើសចុងក្រោយ ក៏ត្រូវបានរកឃើញថាមានភាគរយខ្ពស់ផងដែរ ដែលតុលាការកម្ពុជាពុំទាន់អាចអនុវត្តបាន។

ការរកឃើញដោយCCHRពីឆ្នាំ២០១៩ ដល់២០២០ដដែរលើជនជាប់ចោទជាអនីតិជនចំនួន១៥ ស្មើនឹង១០០%បង្ហាញថា ពួកគេត្រូវបានឃុំខ្លួនជាបណ្តុះអាសន្នក្នុងពន្ធធនាគារ។ ករណីនេះ ផ្ទុយ​នឹងបញ្ញត្តិច្បាប់មាត្រា ៣៧ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលចែងថា គ្មានកុមារណាម្នាក់ ត្រូវបានដកហូតសេរីភាពដោយខុសច្បាប់ ឬតាមអំពើចិត្តឡើយ។ ការចាប់ខ្លួនការឃាត់ខ្លួន ការឃុំខ្លួន ឬការដាក់ពន្ធធនាគារកុមារត្រូវធ្វើស្របតាមច្បាប់ និងត្រូវប្រើសម្រាប់តែវិធានការចុងក្រោយ និងសម្រាប់រយៈពេលខ្លីបំផុត។

ចំណុចមួយទៀត គឺសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស។ មានត្រា៤០(២)នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ​ សរសេរថា បទបញ្ញាត្តិនៃលិខិតតុបករណ៍អន្តរជាតិដែលពាក់ព័ន្ធរដ្ឋភាគីត្រូវធានា ចាត់ទុកកុមារថា ឥតទោសរហូតទាល់តែពិរុទ្ធភាពត្រូវបានបង្ហាញ។ ត្រង់ចំណុចនេះ ចង់សំដៅដល់ការពាក់ឯកសណ្ឋានដល់ជនជាប់ចោទជាអនីតិជន ដែលពណ៌លើឯកសណ្ឋានហាក់បង្ហាញថា កុមារនោះមានទោសរួចទៅហើយ។

បើយើងមកពិនិត្យលើលិខិតបទដ្ឋានគតិយុត្តិរបស់កម្ពុជា គឺក្រសួងមហាផ្ទៃបានចេញប្រកាសកាលពីឆ្នាំ២០១៣ ដោយបានបង្គាប់ថា បុគ្គលដែលតុលាការមិនទាន់បានកាត់ទោស ឬការកាត់ទោសមិនទាន់ចូលជាស្ថាពរ និងអ្នកដែលអាជ្ញាធរឃុំខ្លួននឹងតម្រូវឱ្យស្លៀកពាក់ឯកសណ្ឋានពណ៌ទឹកក្រូចចាស់។

ក៏ប៉ុន្តែដើម្បីធានាថាសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោសត្រូវបានគោរពយ៉ាងពេញលេញ គឺជនជាប់ចោទជាកុមារដែលមិនទាន់កាត់ទោសជាស្ថាពរគួរតែអាចស្លៀកសម្លៀកបំពាក់ផ្ទាល់ខ្លួនពេលបង្ហាញខ្លួននៅចំពោះមុខតុលាការ។ កម្ពុជាបានបង្ហាញគំរូល្អដែលករណីស្រដៀងគ្នានេះ គឺតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមអាចផ្តល់សិទ្ធិជូនជនជាប់ចោទអាចស្លៀកពាក់ខោអាវផ្ទាល់ខ្លួនពេលបង្ហាញខ្លួនចំពោះមុខតុលាការ។ តែការបង្ហាញខ្លួនរបស់ជនជាប់ចោទជាអនីតិជននៅសាលាឧទ្ធរណ៍ដែលCCHR រកឃើញគឺមានកុមារចំនួន១៥នាក់ក្នុងចំណោម ២២ ត្រូវជា៦៨% បានគ្រងឯកសណ្ឋានទណ្ឌិតពណ៌ខៀវនៅចំពោះមុខតុលាការ ខណៈចំនួន ៣ នាក់ក្នុងចំណោម ២២នាក់ ត្រូវជា១៤% បានស្លៀកពាក់ឯកសណ្ឋានពណ៌ទឹកក្រូច ដែលនេះបានរំលោភបំពានលើសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស។

បញ្ហាដែលបានរកឃើញខាងលើ ត្រូវបានលើកទៅពិភាក្សាជាមួយប្រធានសាលាឧទ្ធរណ៍កាលពីខែសីហា ឆ្នាំ២០២០។ ជាឆន្ទៈ ប្រធានសាលាឧទ្ធរណ៍បានប្តេជ្ញានឹងពិនិត្យមើលការអនុវត្តដែលមានមកហើយ ដើម្បីអនុលោមតាមបទដ្ឋានជាតិ និងអន្តរជាតិ។

ជាចុងបញ្ចប់នៃព្រឹត្តិបត្រព័ត៌មាន​ CCHR បានអំពាវនាវដល់ចៅក្រម និងរដ្ឋាភិបាល អនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ជាពិសេសមាត្រា ៤៧ ដែលតម្រូវឱ្យដំណើរការសវនាការ និងការប្រកាសសេចក្តីត្រូវធ្វើឡើងជាអសាធារណៈ។ ការអនុញ្ញាតឱ្យជនជាប់ចោទជាអនីតិជនបង្ហាញខ្លួនចំពោះមុខតុលាការក្នុងសម្លៀកបំពាក់ផ្ទាល់ខ្លួនជាជម្រើសល្អបំផុត ដែលតុលាការខេត្តក្រុងអាចយកលំនាំតាមសាលាក្តីខ្មែរក្រហមដែលមេដឹកនាំកំពូលៗអាចគ្រងសម្លៀកបំពាក់ផ្ទាល់ខ្លួនក្នុងរង្វង់ក្រចកសេះបាន។

ចៅក្រមគប្បីពិនិត្យជម្រើសផ្សេងៗក្រៅពីការដាក់ពន្ធនាគារសម្រាប់ការផ្តន្ទាទោសលើជនជាប់ចោទជាកុមារ។ ហើយការបណ្តុះបណ្តាលបន្ថែមសម្រាប់ចៅក្រម និងព្រះរាជអាជ្ញា និងការពិនិត្យឱ្យបានល្អិតល្អិននូវច្បាប់ដែលបានចូលជាធរមាន ជាផ្នែកមួយធានាឱ្យការអនុវត្តកាន់តែប្រសើរស្របតាមបទដ្ឋានជាអប្បបរមាសម្រាប់ការអនុវត្តដោយយុត្តិធម៌លើអនីតិជនជាជនជាប់ចោទ៕

 

 

 

Share

Image
Image
Image