en     km
en     km

ទីបញ្ចប់នៃថាមពលធ្យូងថ្មជិតមកដល់ហើយ

Share

ធ្យូងថ្មជិតក្លាយជារឿងអតីតកាលហើយ នៅពេលដែលប្រទេសនានា ធនាគារទាំងឡាយ និងបណ្ដាអង្គការអន្តរជាតិ ព្យាយាមគេចចេញពីឥន្ធនៈហ្វូស៊ីលដែលជាចំណែកដ៏ធំបំផុតតែមួយគត់ក្នុងការធ្វើឱ្យអាកាសធាតុភពផែនដីប្រែប្រែល។ នេះជាលទ្ធផលនៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុលើកទី២៦ នៅទីក្រុងគ្លាសហ្កូនៃចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា។

ការផ្លាស់ប្តូរដ៏ត្រឹមត្រូវទៅរកថាមពលស្អាត និងការលុបបំបាត់ថាមពលធ្យូងថ្មក្នុងជំហានដ៏ឆាប់រហ័ស ជាប្រធានបទដ៏សំខាន់នៃសន្និសីទនៅថ្ងៃព្រហស្បតិ៍នោះ។ វាជាផ្នែកមួយនៃការប្រឹងប្រែងដើម្បីបន្ថយល្បឿននៃកំណើនសីតុណ្ហភាព ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុកាលពី៦ឆ្នាំមុន។ ទំហំនៃការប្តេជ្ញាចិត្តនៅទីក្រុងគ្លាសហ្កូ នាថ្ងៃព្រហស្បតិ៍ ជាថ្ងៃដែលគេនិយាយពីថាមពល ផ្ដល់សញ្ញាថា ពិភពលោកកំពុងដើរឆ្ពោះទៅរកថាមពលករកើតឡើងវិញនាថ្ងៃអនាគត។

យ៉ាងហោចណាស់ មាន២៣ប្រទេសដែលបានធ្វើការប្តេជ្ញាចិត្តថ្មី ដើម្បីលុបបំបាត់ថាមពលធ្យូងថ្ម។ ក្នុងចំណោមនោះ រួមមានប្រទេសឥណ្ឌូនេស៊ី វៀតណាម ប៉ូឡូញ កូរ៉េខាងត្បូង អេហ្ស៊ីប អេស្បាញ នេប៉ាល់ សិង្ហបុរី ឈីលី និងអ៊ុយក្រែន។ នៅក្នុងសេចក្ដីថ្លែងការណ៍ស្ដីពី«ការផ្លាស់ប្ដូរពីធ្យូងថ្មសកលទៅថាមពលស្អាត» បណ្តាប្រទេសនានាក៏បានតាំងចិត្តបង្កើនការប្រើប្រាស់ថាមពលស្អាត និងធានាឱ្យមានការចៀសវាងធ្យូងថ្មក្នុងការរយៈពេលសមស្របដែរ។

ការប្រកាសនៅថ្ងៃព្រហស្បតិ៍នោះកើតឡើងបន្ទាប់ពីមានការឈប់ផ្ដល់ហិរញ្ញប្បទានទៅឱ្យការផលិតថាមពលធ្យូងថ្ម ស្របពេលដែលប្រទេសអ្នកមានបានសន្យាផ្ដល់ការគាំទ្រថ្មី ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍឱ្យផ្លាស់ប្តូរទៅប្រើថាមពលស្អាតវិញ។

ធនាគារនិងស្ថាប័នហិរញ្ញវត្ថុនានាក៏បានធ្វើការប្តេជ្ញាចិត្តដ៏សំខាន់ដែរ ដើម្បីបញ្ចប់ការផ្តល់មូលនិធិទៅឱ្យការប្រើប្រាស់ធ្យូងថ្ម។ ក្នុងចំណោមស្ថាប័នទាំងនោះ រួមមានអ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិធំៗ ដូចជា អេចអេសប៊ីស៊ី ហ្វីដែល្លីធី អ៊ីនធើណេសិនណល និងអ៊ីតូស។

ដំណើរប្រែប្រួលនេះកើតឡើងបន្ទាប់ពីការប្រកាសកាលពីពេលថ្មីៗ ដោយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលថានឹងបញ្ចប់ការផ្តល់ហិរញ្ញប្បទានឱ្យរោងចក្រផលិតថាមពលធ្យូងថ្មនៅបរទេស។ ឥឡូវនេះ វាមានន័យថា ការផ្តល់ហិរញ្ញប្បទានសាធារណៈសំខាន់ៗជាអន្តរជាតិ សម្រាប់ទ្រទ្រង់ថាមពលធ្យូងថ្ម ត្រូវបានបញ្ចប់ប្រកបដោយប្រសិទ្ធភាព៕

យោង៖ https://ukcop26.org/end-of-coal-in-sight-at-cop26/

Share

Image
Image
Image