ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួន ៩ ស្នើដោយទទូចដល់អាជ្ញាធរចាត់វិធានការលើជនដែលបានប្រព្រឹត្តិបទល្មើសលើអ្នកសារព័ត៌មាន ដើម្បីរកភាពយុត្តិធម៌ជូនជនរងគ្រោះនិងគ្រួសារជនរងគ្រោះនិងឈានទៅបញ្ចប់វប្បធម៌និទណ្ឌភាពប្រឆាំងអ្នកសារព័ត៌មាន។ តែមន្រ្តីក្រសួងព័ត៌មានយល់ថា កម្ពុជាមិនមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងអ្នកសារព័ត៌មាននោះទេ។
លោក កែវ សុខា រាយការណ៍លម្អិតពីព័ត៌មាននេះ
យ៉ាងហោចណាស់អ្នកសារព័ត៌មានចំនួន ១៧ នាក់ត្រូវបានសម្លាប់ដោយសារការធ្វើសេចក្តីរាយការណ៍ទាក់ទងបញ្ហារសើបរបស់អ្នកមានតួនាទីជួរបក្សកាន់អំណាច និងមន្រ្តីយោធាជាដើមចាប់តាំងពីឆ្នាំ១៩៩៤មក។ ការបាត់បង់ជីវិតរបស់អ្នកសារព័ត៌មានពុំទាន់ទទួលបានពន្លឺនៃភាពយុត្តិធម៌នៅឡើយទេ ខណៈឧក្រិដ្ឋប្រឆាំងអ្នកសារព័ត៌មាន និងការធ្វើទុកបុកម្នេញហាក់នៅកើកឡើងគួរឱ្យព្រួយបារម្ភដដែលនាពេលបច្ចុប្បន្ននេះ។
នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលក្នុងឱកាសប្រារព្ធទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពលើឧកិ្រដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍រួមបានកត់សម្គាល់ហេតុការណ៍កើតឡើងនារយៈពេល ១០ ចុងក្រោយក្នុងឆ្នាំ២០២១នេះលើអ្នកសារព័ត៌មានផងដែរ ដោយក្នុងនោះអ្នកសារព័ត៌មានសរុប ៨១នាក់ បានរងការប្រើអំពើហិង្សាផ្លូវកាយ ការគម្រាមកំហែង ការឃាត់ខ្លួនសួរចម្លើយពីសមត្ថកិច្ច រងបណ្តឹងតាមផ្លូវតុលាការ និងអ្នកសារព័ត៌មានស្រ្តីម្នាក់រងការបៀតបៀនផ្លូវភេទ។
សង្គមស៊ីវិលខាងលើចាត់ទុកឧកិ្រដ្ឋកម្មប្រឆាំងលើអ្នកសារព័ត៌មាន ថាជាការរារាំងដល់សេរីភាពបញ្ចេញមតិ ធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការទទួលបានព័ត៌មានរបស់សាធារណជន ហើយអ្នកមានអំណាចដែលប្រព្រឹត្តិអំពើខុសឆ្គងមិនត្រូវបានលាតត្រដាងឱ្យទទួលខុសត្រូវលើទង្វើរបស់ខ្លួន។
ចុងក្រោយនៃសេចក្តីថ្លែងការណ៍ អង្គការសង្គមស៊ីវិលទាំង៩ បានអំពាវនាវដល់រដ្ឋាភិបាលបើកការស៊ើបអង្កេតដោយឯករាជ្យ នាំយកជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ជាងនេះពួកគេក៏ស្នើឱ្យមានការធានាសុវត្ថិភាពនិងសន្តិសុខដល់អ្នកសារព័ត៌មានដើម្បីឱ្យអ្នកសារព័ត៌មានធ្វើសេចក្តីរាយការណ៍ដោយមិនមានការភ័យខ្លាច។
យ៉ាងណាអ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្នុងបរិបទកម្ពុជាមិនមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងអ្នកសារព័ត៌មាននោះទេ។ តែផ្ទុយទៅវិញរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើអ្នកសារព័ត៌មានជាច្រើនតាមរយៈយន្តការបង្កើតឱ្យមានអ្នកនាំពាក្យតាមស្ថាប័នរដ្ឋ ការផ្តល់សិទ្ធិដល់ជនបរទេសអាចធ្វើជាម្ចាស់ស្ថាប័នព័ត៌មាន និងការផ្តល់វ៉ាក់សាំងជាអត្ថិភាពដល់អ្នកសារព័ត៌ជាដើម៕