en     km
en     km

ចិននិងរុស្ស៊ីជំរុញជាថ្មីឱ្យដកទណ្ឌកម្មចេញពីកូរ៉េខាងជើង

Share

ចិននិងរុស្ស៊ីបានព្រាងសេចក្ដីសម្រេចចិត្តមួយ ដែលស្នើឱ្យដកទណ្ឌកម្មអង្គការសហប្រជាជាតិលើកូរ៉េខាងជើង ប៉ុន្តែទំនងជាមិនទទួលបានការគាំទ្រច្រើនពីសមាជិកក្រុមប្រឹក្សាសន្តិសុខ។

ទីភ្នាក់ងារសារព័ត៌មានរើយធើ នៅថ្ងៃទី០១ ខែវិច្ឆិកា បានរាយការណ៍ឱ្យដឹងថា ប្រទេសចិននិងប្រទេសរុស្ស៊ីកំពុងជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង។ សកម្មភាពនេះត្រូវបានគេមើលឃើញថាជាការប្រស់ឱ្យរស់ឡើងវិញនូវការប៉ុនប៉ងកាលពីឆ្នាំ២០១៩ ដែលមានបំណងលុបចោលបម្រាមលើការនាំចេញរូបចម្លាក់ គ្រឿងសមុទ្រ និងវាយនភណ្ឌរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ គេក៏មើលឃើញទៀតថា ជំហានរបស់ប្រទេសទាំងពីរក៏មានចេតនាពង្រីកការប៉ុនប៉ងនោះថែមទៀត សំដៅធ្វើឱ្យអន្តរជាតិទម្លាក់ចោលទណ្ឌកម្មលើការនាំចូលឥន្ធនៈដែលចម្រាញ់រួច។

សូមរម្លឹកថា កូរ៉េ​ខាង​ជើង​បានក្លាយជាកម្មវត្ថុនៃការ​ដាក់ទណ្ឌកម្មដោយ​អង្គការ​សហ​ប្រជាជាតិ​ចាប់​តាំង​ពី​ឆ្នាំ២០០៦មក ដោយសារតែប្រទេសនេះអភិវឌ្ឍកម្មវិធី​នុយក្លេអ៊ែរនិង​កាំជ្រួចផ្លោង​។

យោងតាមសំណៅព្រាងសេចក្ដីសម្រេចដែលត្រូវបានកែលម្អជាថ្មី ហើយដែលទីភ្នាក់ងារសារព័ត៌មានរើយធើបានមើលឃើញកាលពីថ្ងៃចន្ទ ប្រទេសចិននិងប្រទេសរុស្ស៊ីចង់ឱ្យសមាជិកទាំង១៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដកចេញនូវទណ្ឌកម្មទាំងនោះ«ក្នុងបំណងកែលម្អជីវភាពរស់នៅរបស់ប្រជាជនស៊ីវិល»នៅក្នុងប្រទេសកូរ៉េខាងជើង។

សំណៅព្រាងសេចក្ដីសម្រេចខាងលើក៏បញ្ចូលវិធានការផ្សេងៗទៀត ដែលត្រូវស្នើឡើងពីដំបូងដោយរុស្ស៊ី និងចិនកាលពីជិត២ឆ្នាំមុន។ ក្នុងចំណោមវិធានការទាំងនោះ ក៏មានដែរការដកបម្រាមលើជនជាតិកូរ៉េខាងជើងដែលធ្វើការនៅបរទេស និងការដកគម្រោងសហប្រតិបត្តិការផ្លូវដែកនិងផ្លូវគោក រវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ចេញពីបញ្ជីទណ្ឌកម្ម។

អ្នកការទូតជាច្រើននាក់នៅអង្គការសហប្រជាជាតិ ដែលនិយាយក្នុងលក្ខខណ្ឌអនាមិក បាននិយាយថា សំណៅព្រាងថ្មីនៃសេចក្តីសម្រេច ទំនងជាទទួលបានការគាំទ្រតិចតួច។ កាលពីឆ្នាំ២០១៩ ប្រទេសរុស្ស៊ីនិងប្រទេសចិនបានបើកការពិភាក្សាក្រៅផ្លូវការចំនួន២ជុំស្ដីពីសំណៅព្រាងសេចក្តីសម្រេចនោះ ប៉ុន្តែប្រទេសទាំងពីរនេះមិនដែលបានដាក់វាលើតុជាផ្លូវការ ឱ្យក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតសម្រេចទេ។

ក្រុមអ្នកការទូតបាននិយាយកាលពីថ្ងៃចន្ទថា ចិននិងរុស្ស៊ីមិនទាន់បានកំណត់ពេលបើកការពិភាក្សាណាមួយស្តីពីសំណៅព្រាងសេចក្ដីសម្រេចថ្មីរបស់ពួកគេនៅឡើយទេ។ ជាធម្មតា សេចក្ដីសម្រេចចិត្តណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវការការគាំទ្រចំនួនប្រាំបួនសម្លេង ហើយមិនមានការប្រើសិទ្ធិជំទាស់ពីសំណាក់សហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ឬចិនឡើយ ដើម្បីឱ្យមានតម្លៃសម្រាប់អនុវត្តន៍។

រើយធើឱ្យដឹងថា តំណាងប្រទេសរុស្ស៊ី និងតំណាងប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយលើសំណៅព្រាងថ្មីនេះទេ ខណៈដែលអ្នកការទូតនានាបាននិយាយថា វាត្រូវបានបញ្ជូនដល់សមាជិកក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រសប្ដាហ៍មុន។

កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុញ្ញាតឱ្យមានការលើកលែងចំពោះជំនួយមនុស្សធម៌។ អ្នកស៊ើបអង្កេតម្នាក់របស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស បានអំពាវនាវកាលពីខែមុន ឱ្យបន្ធូរបន្ថយទណ្ឌកម្ម ខណៈដែលជនងាយរងគ្រោះបំផុតនៅកូរ៉េខាងជើងប្រឈមមុខនឹងគ្រោះទុរភិក្ស បន្ទាប់ពីប្រទេសនេះបានធ្លាក់ក្នុងភាពឯកោកាន់តែខ្លាំង ក្នុងអំឡុងពេលដែលកូវីដ-១៩រាតត្បាត ពេញពិភពលោក។

សំណៅព្រាងសេចក្តីសម្រេចថ្មីរបស់ចិននិងរុស្ស៊ីនឹងស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលស្គាល់«ស្ថានភាពលំបាកនៃសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការគោរពកង្វល់ផ្នែកសន្តិសុខដ៏សមហេតុផលរបស់កូរ៉េខាងជើង និងភាពចាំបាច់ក្នុងការធានាសុខុមាលភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ប្រជាជនកូរ៉េខាងជើង»៕

Share

ព័ត៌មានទាក់ទង

Image