ខណៈការយកចិត្តទុកដាក់លើបញ្ហាសម្រាម នៅក្នុងរាជធានីភ្នំពេញមិនទាន់បានល្អនៅឡើយ ក្រសួង បរិស្ថាន បានប្រកាសបើកយុទ្ធនាការ ភ្នំពេញស្អាតឆ្នាំ២០២១ ដើម្បីផ្សព្វផ្សាយបន្ថែមលើបញ្ហាសំរាម និងចូលរួមគ្រប់គ្រងសំរាម និងការសម្អាតអនាម័យបរិស្ថាន ទន្ទឹមនេះដែរ ក្រុមយុវជនដែលធ្វើការ លើរឿបញ្ហាសម្រាមបង្ហាញការគាំទ្រចំពោះយុទ្ធនាការនេះដែលដោយលើកឡើងថាជាប្រយោជន៍រួម។
នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងបរិស្ថានបានបើកយុទ្ធនាការ ភ្នំពេញស្អាតឆ្នាំ២០២១ ដែលក្រសួង បានចាត់ទុកយុទ្ធនាការនេះ ជាផ្នែកមួយក្នុងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបញ្ហាសំរាម និងចូលរួមគ្រប់គ្រងសំរាម និងការសម្អាតអនាម័យបរិស្ថាន។ នេះបើតាមក្រសួងបរិស្ថាន ដែលស្រង់សម្ដី ឯកឧត្តម សាយ សំអាល់ មកផ្សាយដូច្នេះ ដោយបន្ដថា គម្រោងភ្នំពេញស្អាតគឺជាដៃគូដ៏សំខាន់របស់ក្រសួងបរិស្ថានក្នុងការបំពេញការងារលើការគ្រប់គ្រងសំណល់រឹង។
ឯកឧត្តមហ៊ុន ម៉ានី ដែលជាសហស្ថាបនិកនៃគម្រោងនេះ បានលើកឡើងថា គម្រោងភ្នំពេញស្អាត ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធ បង្កើតឲ្យមានសំឡេងតែមួយ ពីសំណាក់ស្ថាប័នអង្គការ អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រូបវន្តបុគ្គល និងនីតិបុគ្គល និងគ្រប់មជ្ឈដ្ឋាន គ្រប់វិស័យ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យ រួមគ្នាក្នុងការចូលរួមចំណែកលើកកម្ពស់ មេត្រីភាពបរិស្ថាន ជាពិសេសបញ្ជៀបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយ ស្ដីពី ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីបំផុសការចូលរួមចំណែកទាំងអស់ ក្នុងការថែទាំ និងលើកកម្ពស់សោភ័ណ្ឌភាពប្រទេសកម្ពុជា ឲ្យមានភាពប្រសើរឡើង ព្រមទាំងជំរុញកិច្ចការពារបរិស្ថានល្អ អនាម័យល្អ ភាពស្រស់បំព្រង ផាសុកភាពល្អ ដែលជាភាពស៊ីវិលរបស់សង្គមសម័យទំនើប។
លោក សាន ដារាវីដ ដែលជាស្ថាបនិកនៃក្រុមយុវជនសម្រាម ក្នុងរាជធានីភ្នំពេញ បានលើកឡើងថាលោកមានការគាំទ្រជាមួយយុទ្ធនាការនេះ និងបន្ដថា វាជារឿងប្រយោជន៍រួម សម្រាប់សង្គម។
សំឡេង
ស្ថានបនិកនៃក្រុមយុវជនសម្រាមរូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមយល់ដឹងបន្ថែមពីយុទ្ធ នាការនេះ ដែលនិយាបបានថា ជាមុខមាត់ប្រទេសមួយដែរលើបញ្ហាសម្រាមនេះ
សំឡេង
សូមបញ្ជាក់ថា ផ្អែកតាមឯកឧត្តម ហ៊ុន ម៉ានី «គម្រោងស្អាត» គឺមិនត្រឹមតែ សំដៅដល់ទម្លាប់ក្នុងការគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្វីដែលលើសពីនេះ គឺការជំរុញ និងការលើកកម្ពស់ការរស់នៅ ដោយស្មារតីប្រុងប្រយ័ត្ន និងការបំពេញការងារ ការប្រកបវិជ្ជាជីវៈផ្សេងៗ ប្រកបដោយប្រសិទ្ធភាព ក្នុងបរិបទកូវីដ-១៩ ជាមួយនឹងទម្លាប់ថ្មី ដែលក្នុងន័យ ទម្លាប់ថ្មី ទម្លាប់ស្អាត »។ ទិសស្លោកថ្មី គឺជាការវិវត្តន៍ និងកែសម្រួលពីពាក្យស្លោកចាស់ កាលពីឆ្នាំ២០២០ គឺ ស្អាតជាទម្លាប់ថ្មី ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បច្ចុប្បន្ន ដោយក្ដោបបញ្ចូលទាំងការឆ្លើយតបទៅលើបញ្ហាកូវីដ-១៩ផង ព្រមទាំងវិស័យអប់រំ អនាម័យ និងបរិស្ថានផងដែរ៕