en     km
en     km

មេដឹកនាំពិភពលោកអំពាវនាវឱ្យធ្វើសកម្មភាពបន្ទាន់លើបញ្ហាអាកាសធាតុ

Share

មេដឹកនាំពិភពលោកបានអំពាវនាវឱ្យធ្វើសកម្មភាពបន្ទាន់ ដើម្បីដោះស្រាយការឡើងកំដៅភពផែនដី។ ការអំពាវនាវនេះបានកើតឡើងកាលពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា នៅទីក្រុង គ្លាសហ្គូ នៃចក្រភពអង់គ្លេស អំឡុងពេលចាប់ផ្តើមសន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុលើកទី២៦។

នាឱកាសនោះ មេដឹកនាំនៃប្រទេសខ្លះបានសន្យាផ្តល់មូលនិធិថ្មីៗទៀត ដើម្បីជួយបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដែលងាយរងគ្រោះដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងការកើនឡើងនៃកម្រិតទឹកសមុទ្រ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានប្រកាសបើកសន្និសីទរយៈពេល២សប្ដាហ៍នោះ ដោយចេញសារព្រមានដ៏ម៉ឺងម៉ាត់ឱ្យដឹងអំពី«គ្រឿងប្រល័យលោក» និងដោយទាមទារឱ្យមានសកម្មភាពជាក់ស្តែង ដើម្បីបញ្ឈប់ជាជំហានៗ នូវការប្រើថាមពលធ្យូងថ្ម ព្រមទាំងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀត។

មេដឹកនាំពិភពលោកជាង១០០រូបបានផ្តើមកិច្ចចរចាដែលនឹងអាចជួយកំណត់ថា តើប្រទេសនានាអាចរក្សាគោលដៅនៃការកម្រិតកំដៅផែនដីមិនឱ្យកើនឡើងលើសពី១,៥អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតនៅមុនសម័យឧស្សាហ៍កម្ម ឬយ៉ាងណា។

ដើម្បីទប់ស្កាត់កុំឱ្យកំដៅផែនដីឡើងហួសពីខ្សែបន្ទាត់១,៥អង្សាសេ អ្នកវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ការបំភាយឧស្ម័នកាបូនិកត្រូវតែថយចុះប្រហែល៤៥ភាគរយ នៅត្រឹមឆ្នាំ ២០៣០ បើធៀបទៅនឹងកម្រិតនៃការបំភាយនៅឆ្នាំ២០១០ ដោយឈានដល់ការពុំមានការបំភាយសោះនៅជុំវិញឆ្នាំ២០៥០។

នៅពេលដែលប្រទេសអភិវឌ្ឍមិនទាន់បានបំពេញពាក្យសន្យារបស់ខ្លួនដែលថានឹងកៀរគរថវិកាចំនួន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីទ្រទ្រង់សកម្មភាពអាកាសធាតុនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួនមានបំណងផ្តល់ប្រាក់បន្ថែម១,៤ពាន់លានដុល្លារ ទៅក្នុងហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិពីនេះរហូតដល់ឆ្នាំ២០២៥ ឱ្យបានដល់១២,៦ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ២០១៩មក។

នៅក្នុងការដំណើរឆ្ពោះទៅសន្និសីទស្ដីពីអាកាសធាតុឆ្នាំនេះ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានបង្ហាញនូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នឱ្យបានពាក់កណ្តាលនៅឆ្នាំ២០៣០ ធៀបទៅនឹងកម្រិតឆ្នាំ២០០៥។

រដ្ឋបាលលោក បៃឌិន ក៏បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះមានគោលបំណងផ្តល់ហិរញ្ញប្បទានអាកាសធាតុសហរដ្ឋអាមេរិកចំនួន៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ពីពេលនេះដល់ឆ្នាំសារពើពន្ធ២០២៤ ដោយបានហៅបំណងនោះថាជា«ការប្តេជ្ញាចិត្តដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកដែលមិនធ្លាប់មានក្នុងការកាត់បន្ថយផលប៉ះពាល់អាកាសធាតុលើអ្នកដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក»។

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះទេ ប៉ុន្តែបានអំពាវនាវតាមរយៈសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ឱ្យមានសកម្មភាពខ្លាំងជាងមុន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងអាកាសធាតុ។

នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ដែលតំណាងឱ្យប្រទេសបំភាយឧស្ម័នការបូនីកធំជាងគេទី៣ ក្នុងពិភពលោក បាននិយាយថា លោកមានគោលដៅកាត់បន្ថយការបំភាយរបស់ប្រទេសឥណ្ឌាឱ្យនៅត្រឹមសូន្យ នៅឆ្នាំ២០៧០។ រីឯប្រទេស​ចិន រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត​ គ្រោងសម្រេចគោលដៅនេះ​ឆ្នាំ​២០៦០៕

Share

Image
Image
Image