en     km
en     km

បញ្ជូនមន្ត្រីប៉ូលីសប្រើហិង្សាលើកុមារីបម្រើការតាមផ្ទះនៅខេត្តក្រចេះទៅសាលាដំបូង

Share

(ក្រចេះ)៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​២០២១ កងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជូនខ្លួនឈ្មោះ ទេព ហ៊ុយ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបុគ្គលពាក់ព័ន្ធមួយរូបទៀត ទៅសាលាដំបូងខេត្ត ដើម្បីបន្តនិតិវិធី ក្នុងសំណុំរឿងហិង្សាដោយចេតនា ទៅលើក្មេងស្រីពីរនាក់ដែលជាអ្នកបម្រើការតាមផ្ទះ ក្នុងផ្ទះរបស់ខ្លួន។

ក្រោយពីបានប្រើហិង្សាដោយចេតនាទៅលើក្មេងស្រីពីរនាក់ ដែលជាអ្នកបម្រើការតាមផ្ទះក្នុងផ្ទះរបស់ខ្លួន ពេលនេះជនសង្ស័យឈ្មោះ ទេព ហ៊ុយ តួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ និងបុគ្គលពាក់ព័ន្ធមួយរូបទៀតឈ្មោះ គឹម សុវណ្ណារឹទ្ធ តួនាទីជាមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានកងរាជអាវុធហត្ថខេត្តក្រចេះ បញ្ជូនទៅសាលាដំបូងខេត្តក្រចេះហើយកាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃទី៣០-៣១ ខែតុលា។

ការឈានដល់ការបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ជារផ្ទាល់ពីលោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  ករណីជនសង្ស័យទាំងពីរនេះប្រើហិង្សាដោយចេតនាទៅលើក្មេងស្រី ដែលជាអ្នកបម្រើការតាមផ្ទះ ក្នុងផ្ទះរបស់ខ្លួន បណ្តាលឱ្យរងរបួស ខណ:បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។​

បើតាមសំដីម្តាយក្មេងស្រីរងគ្រោះករណីឈានដល់ការប្រើហិង្សាបែបនេះគឺដោយសារក្មេងស្រីទាំងពីរ បានធ្វើឲ្យកូនឆ្កែចិញ្ចឹមរបស់ជនសង្ស័យងាប់។

ពាក់ព័ន្ធនឹងអំពើអមនុស្សធម៌នេះ គណ:កម្មការការពារកុមារថ្នាក់ជាតិ នៃ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ កាលពីថ្ងៃទី៣១ ខែតុលា​ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសមិនទទួលយកដាច់ខាតចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាងឃោឃៅ យង់ឃ្នង ព្រៃផ្សៃ ដែលបង្ករឡើងដោយឈ្មោះ ទេព ហ៊ុយ និងបានសូមឱ្យ អាជ្ញាធគ្រប់លំដាប់ថ្នាក់ ចាត់វិធានការ តាមនីតិវិធីច្បាប់ ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិកម្ពុជា។

ជាមួយគ្នានេះដែរ លោក​ វ៉ន ពៅ ដែលប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធយល់ថា នេះជាទង្វើមួយអសីលធម៌បំផុតនៅក្នុងសង្គម ជាងនេះទៀតលោកថាវាបានរំលោភគោលការណ៍ច្បាប់ សិទ្ធិ និងកំលាំងពលកម្មកុមារយ៉ាងធ្ងន់ធ្ងរ ត្បិតថាកុមារីទាំងពីរនៅជាអនិតិជននៅឡើយ។

លោកបន្តថា យោងតាមសេចក្ដីប្រកាសលេខ​២៣៥ ដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: រាល់វិវាទរវាងនិយោជក និងអ្នកធ្វើការតាមផ្ទះជាដែនសមត្ថកិច្ចរបស់មន្ទីរការងារ អាជ្ញាធរដែនដី ពាក់ព័ន្ធទៅនឹងច្បាប់ណាមួយគឺការផ្ដន្ទារទោស នឹងធ្វើឡើងតាមប្រព័ន្ធតុលាការ​តាមនិតិវិធីច្បាប់។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី លើកឡើងថា តាមក្រមព្រហ្មទណ្ឌ មាត្រា២១៩ ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល កាលបើអំពើហិង្សានេះត្រូវបានប្រព្រឹត្តទៅលើ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ…។

យោងតាមការស៊ើបអង្កេតបឋមរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតតាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ ទោះជាយ៉ាងណា ជនជាប់ចោទរូបនេះ អាចត្រូវប្រឈមនឹងជាប់ពន្ធនាគារ ប្រសិនបើតុលាការរកឃើញពិតប្រាដកមែន។

សូមបញ្ជាក់ថា ករណីអំពើហិង្សាទៅលើក្មេងស្រីបម្រើការតាមផ្ទះទាំងពីរនាក់នេះកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ ដោយក្មេងស្រីទី១. មានឈ្មោះ ត្រេក ធារ៉ា អាយុ ១២ឆ្នាំ និងក្មេងស្រីទី២. ឈ្មោះ វ៉ន ពិសី អាយុ ១២ឆ្នាំត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានស្រុកកំណើតនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ៕

រូបភាព៖

Share

Image
Image
Image