en     km
en     km

ប្រធានាធិបតីប្រេស៊ីលស្នើឱ្យតុលាការកំពូលធ្វើអន្តរាគមន៍ជួយរូបលោក

Share

ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ាអៀរ បុលសូណារ៉ូ នៅថ្ងៃពុធ ទី២៧ ខែតុលា បានស្នើសុំឱ្យតុលាការកំពូលឱ្យជួយខ្ទាស់ការសម្រេចសេចក្ដីមួយ ដែលអាចព្យួររូបគាត់មិនឱ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាកងារសារព័ត៌មានរើយធើនៅថ្ងៃព្រហស្បតិ៍។

កាលពីថ្ងៃអង្គារ គណៈកម្មការស៊ើបអង្កេតមួយរបស់ព្រឹទ្ធសភាប្រេស៊ីល បានបង្គាប់ឱ្យចោទប្រកាន់លោក បុលសូណារ៉ូ ក្នុងបទល្មើសព្រហ្មទណ្ឌចំនួន ៩ ករណី ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាឆ្លងរាលដាលនៃមេរោគកូរ៉ូណា។​

រើយធើប្រាប់ឱ្យដឹងដូច្នេះ ដោយបន្ថែមថា គណកម្មការនោះក៏បានស្នើឱ្យព្យួរគណនីរបស់លោកក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារមានការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកូវីដ-១៩។

រើយធើបន្តថា គណៈកម្មការព្រឹទ្ធសភាដដែល ថែមទាំងបានស្នើសុំចូលមើលសកម្មភាពប្រើប្រាស់អ៊ីនធើណិតរបស់លោក បុលសូណារ៉ូ ចាប់តាំងពីខែមេសា ឆ្នាំ ២០២០ ទៀតផង។

យោងតាមប្រភពដដែល អ្នកច្បាប់ជាន់ខ្ពស់របស់រដ្ឋាភិបាលប្រេស៊ីលបានស្នើសុំឱ្យតុលាការកំពូលហាមមិនឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្តល់ព័ត៌មាននោះទៅឱ្យគណៈកម្មការស៊ើបអង្កេត។

រើយធើរម្លឹកថា របាយការណ៍ដែលត្រូវបានអនុម័តដោយគណៈកម្មការព្រឹទ្ធសភាកាលពីថ្ងៃអង្គារ បានដាក់បន្ទុកឱ្យលោកប្រធានាធិបតី បុលសូណារ៉ូ ទទួលខុសត្រូវចំពោះកំហុសនានា ដែលបានប្រព្រឹត្តក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតសាកល ដែលបានសម្លាប់ប្រជាជនប្រេស៊ីលអស់រាប់សែននាក់។

ប្រភពបន្តទៀតថា របាយការណ៍នោះត្រូវបានបញ្ជូនទៅឱ្យអគ្គរដ្ឋអាជ្ញាប្រេស៊ីល ដែលលោក បុលសូណារ៉ូ ត្រូវបានតែងតាំង ហើយបើតាមរើយធើ គេមិនរំពឹងថាអគ្គរដ្ឋអាជ្ញាសម្រេចចិត្តចោទប្រកាន់លោកប្រធានាធិបតីទេ។

ក្រុមហ៊ុន ហ្វេសប៊ុក និង យូធ្យូប កាលពីដើមសប្តាហ៍នេះ បានដកវីដេអូមួយរបស់លោក បុលសូណារ៉ូចេញពីប្រព័ន្ធរបស់ពួកគេ។ រើយធើប្រាប់ដូច្នេះ ដោយរំលេចឱ្យដឹងថា នៅក្នុងវីដេអូនោះ ប្រធានាធិបតីប្រេស៊ីល បានអះអាងមិនត្រឹមត្រូវថា វ៉ាក់សាំងកូវីដ-១៩ មានទំនាក់ទំនងជាមួយនឹងការវិវឌ្ឍនៃជំងឺអេដស៍។

សារព័ត៌មានបរទេសជាច្រើនបានរាយការណ៍ថា​ បន្ទាប់ពីគណៈកម្មការព្រឹទ្ធសភាប្រេស៊ីលបង្គាប់ឱ្យចោទប្រកាន់ប្រធានាធិបតី បុលសូណារ៉ូ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងគាំទ្រលោក បុលសូណារ៉ូ ដែលចង់ឈរឈ្មោះធ្វើប្រធានាធិបតីប្រេស៊ីលជាថ្មីនៅឆ្នាំ២០២២។

យោងតាមវេបសាយត៍សារព័ត៌មាន ឌិ ហ៊ីល លោក ដូណាល់​ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា៖ «ប្រធានាធិបតី ហ្ស៊ាអៀរ បុលសូណារ៉ូ និងរូបខ្ញុំ បានក្លាយជាមិត្តដ៏អស្ចារ្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គាត់តស៊ូយ៉ាងស្វិត​ស្វាញដើម្បីប្រជាជន និងស្រឡាញ់ប្រជាជនប្រេស៊ីល ដូចដែលខ្ញុំធ្វើសម្រាប់ប្រជាជនសហរដ្ឋអាមេរិកដែរ»៕

Share

Image
Image
Image