en     km
en     km

កងទ័ពស៊ូដង់បានបណ្តេញរដ្ឋាភិបាលស៊ីវិលចេញ ហើយថាដើម្បីបញ្ចៀសសង្គ្រាម

Share

យោធាប្រទេសស៊ូដង់បានដណ្ដើមកាន់កាប់អំណាចពីរដ្ឋាភិបាលស៊ីវិល នៅថ្ងៃចន្ទ ទី២៥ ខែតុលា ជាហេតុនាំទៅដល់ការផ្អាកដំណើរការផ្លាស់ប្តូរប្រទេសស៊ូដង់ទៅរកលទ្ធិប្រជាធិបតេយ្យ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើពីរដ្ឋធានីខាទុំ នៅថ្ងៃអង្គារ ទី២៦ ខែតុលា។

យោងតាមរើយធើ សម័យអន្តរកាលដែលមានរយៈពេល ២ ឆ្នាំ បន្ទាប់ពីការផ្តួលរំលំមេដឹកនាំផ្ដាច់ការអ៊ីស្លាមនិយម អូម៉ា អាល់-បាសៀរ ដែលកាន់អំណាចយូរឆ្នាំ ដោយការបះបោររបស់ប្រជាជន ត្រូវបានផ្អាក។

រើយធើបន្តថា មេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ ឧត្ដមសេនីយ៍ អាប់ដែល ហ្វាតា អាល់-បួរហាន បានថ្លែងការពារការដណ្តើមអំណាចដោយយោធាកាលពីដើមសប្ដាហ៍ ដោយនិយាយថា លោកបានបណ្តេញរដ្ឋាភិបាលចេញ ដើម្បីបញ្ចៀសសង្គ្រាមស៊ីវិល។

ប៉ុន្តែ ទន្ទឹមនឹងការថ្លែងដូច្នេះ បើតាមរើយធើ បាតុករជាច្រើននាក់បានដើរតាមផ្លូវកាលពីថ្ងៃអង្គារ ដើម្បីប្រឆាំងនឹងការកាន់កាប់អំណាចដោយពួកយោធា បន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទ។

កាលពីល្ងាចថ្ងៃអង្គារ សមាគមអ្នកវិជ្ជាជីវៈនៃប្រទេសស៊ូដង់ ដែលជាបណ្ដុំសហជីព បាននិយាយថា ខ្លួនមាន«របាយការណ៍ស្ដីពីការវាយសងសឹកទៅលើកន្លែងប្រមូលផ្តុំរបស់ក្រុមបាតុករ ពីសំណាក់កងកម្លាំងដែលធ្វើរដ្ឋប្រហារ» នៅក្នុងរដ្ឋធានីខាទុំ និងទីក្រុងផ្សេងៗទៀត «ដោយប្រើគ្រាប់កាំភ្លើង និងការប៉ុនប៉ងទម្លុះរបាំងការពារ»។ រើយធើរាយការណ៍ឱ្យដឹងដូច្នេះ។

រើយធើប្រាប់បន្តទៀតថា ទំព័រហ្វេសប៊ុកសម្រាប់ការិយាល័យនាយករដ្ឋមន្ត្រី អាប់ដាល់ឡា ហាំដក់ ដែលទំនងជានៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នកស្មោះត្រង់នឹងលោក ហាំដក់ បានសរសេរថា រដ្ឋមន្ត្រីនិងអ្នកនយោបាយស៊ីវិលមួយចំនួននៅតែត្រូវបានឃុំខ្លួននៅក្នុងទីតាំងដែលគេមិនស្គាល់។ ដោយផ្អែកតាមសាក្សី រើយធើបញ្ជាក់ថា មនុស្សដែលគេមិនស្គាល់អត្តសញ្ញាណបានចាប់ខ្លួនអតីតទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រី ហាំដក់ ឈ្មោះ ហ្វេស អាល់-សាលីក។

យោងតាមរើយធើ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា លោករដ្ឋមន្ត្រី អែនថូនី ប្លីងខិន បានសន្ទនាជាមួយលោក ហាំដក់ នៅថ្ងៃអង្គារ ដោយថ្លែងអបអរ«ការដោះលែងរូបលោកពីការឃុំឃាំង» និងដោយអំពាវនាវជាថ្មីទៀត ឱ្យយោធាស៊ូដង់ដោះលែងមេដឹកនាំស៊ីវិលទាំងអស់ដែលកំពុងជាប់ឃុំ៕

Share

Image
Image
Image