en     km
en     km

ក្រុមខ្មែរថាវរៈនិងសកម្មជននយោបាយត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ២០ ខែនិងពិន័យ ២ លានរៀល

Share

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ​សាលាដំបូង​រាជធានី​ភ្នំពេញ​​បាន​សម្រេច​ផ្ដន្ទាទោស​​សកម្មជន​សង្គម​ ​សកម្មជន​នយោបាយ​ ​និងក្រុម​យុវជនខ្មែរថាវរៈឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​០​ខែ​ ​និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន​ ​២ ​លាន​រៀល​។ អង្គការសង្គមស៊ីវិលយល់ថា ការផ្តន្ទាទោសនេះមានលក្ខណៈធ្ងន់ធ្ងរនិងជាសារមួយគម្រាមដល់អ្នកស្រលាញ់ឈឺឆ្អាលការងារសង្គម។

លោក កែវ​ សុខា រាយការណ៍លម្អិតពីព័ត៌មាននេះ

 

ផ្អែកតាមក្រមព្រហ្មទណ្ឌមាត្រា ​៤៩៤ និងមាត្រា ៤៩៥ ពីបទញុះញង់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសក្រុមយុវជនខ្មែរថាវរៈ និងសកម្មជននយោបាយផ្សេងទៀតជាង១០នាក់ ឱ្យជាប់ពន្ធធនាគាររយៈ ២០ខែ និងពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន​ ​២ ​លាន​រៀល។ នេះបើតាមខ្លឹមសារក្នុងអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយនៅលើទំព័រហ្វេសប៊ុកថ្ងៃនេះ។

តាមលីកាដូ សកម្មជនសង្គម និងក្រុមយុវជនខ្មែរថាវរៈ ដែលត្រូវបានផ្ដន្ទាទោសរួមមាន កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក មាន ព្រហ្មមុន្នី ព្រះតេជព្រះគុណ កើត សារ៉ាយ លោក ថា ឡាវី លោក មួង សុភ័ក្រ និងកញ្ញា អេង ម៉ាឡៃ។

កញ្ញា ដារ៉ាវី និងលោក វណ្ណៈ ត្រូវបានកាត់ទោសម្នាក់ៗឱ្យអនុវត្តទោសជាប់ពន្ធនាគារចំនួន ១៥ខែ ខណៈដែលអ្នកផ្សេងទៀត ត្រូវអនុវត្តទោសជាប់ពន្ធនាគារចំនួន ១៤ខែ។ អ្នកទាំងនេះ ត្រូវបានចាប់ខ្លួន ក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការជួបជុំគ្នាដោយសន្តិវិធីរបស់ពួកគេ នៅក្បែរតុលាការ ដើម្បីអំពាវនាវឱ្យមានការដោះលែង លោក រ៉ុង ឈុន ប្រធានសហជីពលេចធ្លោមួយរូប។

រូបសកម្មជនដែលត្រូវបានតុលាការប្រកាសសាលក្រម។រូបភាពពីហ្វេសប៊ុកមជ្ឈមណ្ដលសិទ្ធិមនុស្សកម្ពុជា។

 

ចំណែកអតីតសកម្មជន ឬសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិចំនួន ៣នាក់ផ្សេងទៀត រួមមានលោក ជុំ ពុទ្ធី និងលោក ឈួ ផេង ត្រូវអនុវត្តទោសជាប់ពន្ធនាគារចំនួន ១៥ខែ ខណៈលោក គង់ សំអាន នឹងត្រូវអនុវត្តទោសចំនួន ១៤ខែ។

ដោយឡែកអតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងមានលោក ហូ វ៉ាន់ លោក អ៊ូ ចាន់រិទ្ធ លោក គង់ សុភា និងលោក សេង ម៉េងប៊ុនរ៉ុង អ្នកទាំងបួននាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ២ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ម្នាក់ៗចំនួន ៤លានរៀល។​ សម្រាប់អ្នកទាំងបួនត្រូវបានកាត់ទោសដោយកំបាំងមុខ ហើយតុលាការបានចេញដីកាចាប់ខ្លួនផងដែរ។ រីឯលោក ហុង លីម ត្រូវបានតុលាការទម្លាក់ចោលបទចោទប្រឆាំងនឹងលោក។

នៅក្នុងសវនាការ សកម្មជនភាគច្រើនត្រូវបានសួររកមេក្លោងនៅក្រៅប្រទេសដែលនៅពីក្រោយសកម្មភាពរបស់ពួកគេ និងការសុំការអនុញ្ញាតមុនមានការជួបជុំ។ ក្នុងសេចក្ដីសន្និដ្ឋាន សកម្មជនជាច្រើនបានកត់សម្គាល់ថា ពួកគេគ្រាន់តែចូលរួមក្នុងការតវ៉ាដោយសន្តិវិធីតែប៉ុណ្ណោះ និងបានលើកឡើងពីស្ថានភាពលំបាកចង្អៀតណែននៅក្នុងពន្ធនាគារ ព្រមទាំងរិះគន់ថា សវនាការមិនមានភាពយុត្តិធម៌។

ទាក់ទិនក្នុងរឿងនេះ លោក អំ សំអាត ​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូនិយាយថា សាលក្រមផ្តន្ទាទោសមកលើសកម្មជននយោបាយ និងក្រុមយុវជនខ្មែរថារវៈនេះ មានលក្ខណៈធ្ងន់ធ្ងរដែលស្តែងឱ្យឃើញរូបភាពគម្រាមកំហែងដល់អ្នកស្រលាញ់ការងារសង្គម បរិស្ថាន និងសិទ្ធិសេរីភាព ឱ្យមានការភិតភ័យលែងហ៊ានចូលរួមកិច្ចការសង្គម។ លោកយល់ថា តុលាការគួរទម្លាក់ចោលបទចោទលើក្រុមយុវជននិងសកម្មជននយោបាយ ដើម្បីឱ្យពួកគេមានឱកាសចូលរួមការងារការពារបរិស្ថាន ការងារសង្គម និងសិទ្ធិមនុស្ស ដែលពួកគេជាធនធានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោក អំ សំអាត៖«ទីមួយយើងសោកស្តាយ ហើយយើងមើលឃើញថាសាលក្រមផ្តន្ទាទោសអ្នកទាំងអស់ហ្នឹងមានសភាពធ្ងន់ធ្ងរណាស់ ដែលកន្លងមកទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អង្គទូត អ្នកជំនាញសិទ្ធិ យល់ថាទង្វើរបស់ក្រុមយុវជនខ្មែរថាវរៈ ឬអ្នកពាក់ព័ន្ធរឿងនេះកន្លងមក គ្រាន់តែជាការចូលរួមជួបជុំប្រមូលផ្តុំដោយសន្តិវិធី និងការបញ្ចេញមតិដោយសន្តិវិធី វាមិនមែនជាបទល្មើសនោះទេ ហើយត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ក៏ដូចជាបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស»។

ជាការកត់សម្គាល់ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានបន្តធ្វើយុទ្ធនាការ«សុំឱ្យដោះលែងសកម្មជននិងអ្នកការពារសិទិ្ធមនុស្ស»តាមរយៈទំព័រហ្វេសប៊ុកជារៀងរាល់សប្តាហ៍ ដែលគិតមកដល់ពេលនេះជាសប្តាហ៍ទី ១១ ហើយ។

តាមរយៈយុទ្ធនាការនេះ ក្រុមអង្គការសង្គមស៊ីវិលបានអំពាវនាវឱ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជននយោបាយ ដែលពួកគេគ្រាន់តែបញ្ចេញមតិលើកឡើងពីបញ្ហាក្នុងសង្គមដូចជា បញ្ហាព្រំដែន សិទ្ធិកម្មករ សិទ្ធិគ្រូបង្រៀនជាដើម។ ក្នុងនោះផងដែរ ពួកគេក៏បានលើកឡើងពីបញ្ហាជំនន់ជន់លិចផ្ទះសម្បែងដែលបណ្តាលមកពីការលុបបឹងធម្មជាតិក្នុងរាជធានីភ្នំពេញ ជាមួយនឹងការបង្ហូរកាកសំណល់ចូលសមុទ្រ និងទន្លេ ផងដែរ។ 

ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើយុទ្ធនាការនេះ សម្គាល់ឃើញថា សកម្មភាពរបស់ក្រុមយុវជននិងអ្នកការពារសិទ្ធិមនុស្សមិនត្រូវបានការគាំទ្រពីអាជ្ញាធរនោះទេ តែផ្ទុយទៅវិញអ្នកទាំងនោះត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារដោយមិនត្រឹមត្រូវទៅវិញ៕

 

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង