(តាកែវ)៖ ស្ត្រីជាប្រពន្ធម្នាក់ បានស្លាប់ភ្លាមៗ ក្រោយពីជនសង្ស័យប្រមាណ១០នាក់ ជិះទូកដេញបុក និងវាយ ក្នុងទន្លេ ចំណែកបុរសជាប្ដីរងរបួសធ្ងន់ ។ ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅស្រុកអង្គរបុរី ខេត្តតាកែវ។
ផ្អែកតាមស្នងការដ្ឋាននគរបាលខេត្តតាកែវបញ្ជាក់ថា ករណីមនុស្សឃាតដោយចេតនាមួយករណីនេះបង្ករឡើងដោយជនសង្ស័យចំនួន១០នាក់ មធ្យោបាយធ្វើដំណើរ ដោយទូកចំនួន ០៥គ្រឿង។ នៅថ្ងៃកើតហេតុ ជនសង្ស័យទាំង១០នាក់ បានធ្វើសកម្មភាពបើកទូកដេញបុកទូកជនរងគ្រោះ និងវាយទៅលើជនរងគ្រោះទាំងពីរនាក់ ដែលត្រូវជាប្ដីប្រពន្ធនឹងគ្នា បណ្ដាលឱ្យបុរសជាប្ដីមានឈ្មោះ តឿ ពុធ អាយុ ៣៤ ឆ្នាំ មានទីលំនៅ នៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាល និងស្ត្រីជាប្រពន្ធឈ្មោះ សុខ ស្រីល័ក្ខ អាយុ ២៥ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ រីឯជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាព បានគេចខ្លួនអស់។
ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យបានចំនួន ០៥ នាក់ និងឃាត់ខ្លួនបានម្នាក់ឈ្មោះសុះអាម៉ី ភេទប្រុសនៅថ្ងៃទី២១ ខែតុលា ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។
ចំណែក សមត្ថកិច្ចមិនទាន់អាចកំណត់ មូលហេតុពិតប្រាកដចំពោះករណីនេះបាននៅឡើយទេ ដោយហេតុថាអ្នកជំនាញមិនទាន់បង្ក្រាបអស់មុខសញ្ញា និងជនល្មើសបាន តែយ៉ាងណាសមត្ថកិច្ចថានេះជាករណីមនុស្សឃាតគិតទុកជាមុន និងបន្តស្រាវជ្រាវរកចាប់ខ្លួនបក្សពួកដែលរត់គេចខ្លួនចំនួន០៥នាក់ទៀត ដើម្បីផ្តន្ទាទោសតាមច្បាប់៕
ស្ត្រីរងគ្រោះ សុខ ស្រីល័ក្ខ
បុរសជាប្ដី តឿ ពុធ
ជនល្មើសឈ្មោះ សុះ អាម៉ី