en     km
en     km

សមាជិកព្រឹទ្ធសភាប្រេស៊ីលថា ប្រធានាធិបតីគួរតែត្រូវចោទពីបទមនុស្សឃាត

Share

ទីភ្នាក់ងារសារព័ត៌មានរើយធើ នៅថ្ងៃអង្គារ ទី១៩ ខែតុលា បានការណ៍ឱ្យដឹងថា សមាជិកព្រឹទ្ធសភាដែលដឹកនាំការស៊ើបអង្កេតរបស់សភាទៅលើការគ្រប់គ្រងជំងឺឆ្លងសាកលកូវីដ-១៩ ដោយរដ្ឋាភិបាលប្រេស៊ីល បានផ្តល់អនុសាសន៍ថា លោកប្រធានាធិបតី ហ្ស៊ាអៀរ បុលសូណារ៉ូ គួរតែត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ចំពោះការសង្ស័យលើកំហុសរដ្ឋាភិបាលដែលបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់។

បើតាម រើយធើ លោក បុលសូណារ៉ូ បានច្រានចោលការស៊ើបអង្កេតនេះ ដោយចាត់ទុកថា វាជារឿងនយោបាយ។ រើយធើអះអាងថា វាមិនអាចទៅរួចទេ ដែលរូបលោកត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសណាមួយដោយអគ្គព្រះរដ្ឋអាជ្ញាប្រេស៊ីល ដែលលោកប្រធានាធិបតីបានតែងតាំង។

ទីភ្នាក់ងារសារព័ត៌មាននេះបន្តថា ឯកសារជិត ១ ២០០ ទំព័រ ដែលរៀបចំដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង គឺលោក រីណាន ខាលហេអ៊ីរ៉ូ សម្រាប់គណៈកម្មការមួយនៃព្រឹទ្ធសភាដែលបានស៊ើបអង្កេតរឿងនេះ បានលើកឡើងថា លោក បុលសូណារ៉ូ បានបដិសេធឱកាសដំបូងៗសម្រាប់ឱ្យរដ្ឋាភិបាលទទួលបានថ្នាំបង្ការកូវីដ-១៩ ដោយបានពន្យារពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋប្រេស៊ីល និងបានធ្វើឱ្យមនុស្សប្រមាណ ៩៥ ០០០ នាក់បាត់បង់ជីវិត។

រើយធើបន្ថែមទៀតថា របាយការណ៍នេះនិយាយថា លោក បុលសូណារ៉ូ ស្ថិតក្រោមឥទ្ធិពល«ជំនឿគ្មានមូលដ្ឋានលើទ្រឹស្តីនៃភាពស៊ាំនឹងមេរោគដែលឆ្លងតាមធម្មជាតិ និងជំនឿលើលទ្ធភាពទទួលបានការព្យាបាល»។ បើតាមប្រភពដដែល សេចក្តីព្រាងរបាយការណ៍នេះនៅតែត្រូវការការបោះឆ្នោតដោយគណៈកម្មការព្រឹទ្ធសភា ហើយអាចនឹងត្រូវបានគេប្រឆាំងនិងកែប្រែ។ ការបោះឆ្នោតគ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយ។

ប្រធានាធិបតី បុលសូណារ៉ូ និងក្រសួងសុខាភិបាលប្រេស៊ីល មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែ នៅព្រឹកថ្ងៃអង្គារ លោក បុលសូណារ៉ូ បានប្រាប់អ្នកគាំទ្រថា ការស៊ើបអង្កេតនេះគឺជារឿងកំប្លែង ហើយបាននិយាយថា លោកមិនមានការព្រួយបារម្ភអំពីរឿងនេះទេ។ នេះបើយោងតាមរើយធើ៕

Share

ព័ត៌មានទាក់ទង

Image