en     km
en     km

សិក្សាស្រាវជ្រាវ៖ការបណ្តេញចេញដោយបង្ខំគ្មានសញ្ញាធូរស្បើយទោះជំងឺកូវីដ-១៩នៅបន្តរាតត្បាត

Share

ភ្នំពេញ៖ សាលាកប័ត្រព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ចេញផ្សាយក្នុងខែតុលានេះបានបង្ហាញករណីវិវាទដីធ្លី​ និង ការបណ្តេញចេញដោយបង្ខំ ហាក់មិនមានភាពថមថយឡើយ ទោះបីកម្ពុជាកំពុងរងផលប៉ះពាល់ដោយការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។ ជាងនេះ រូបភាពនៃការបង្ក្រាប ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការលើអ្នករងការបណ្តេញចេញនៅតែកើតមានឡើងក្នុងករណីវិវាទនីមួយៗឆ្នាំ២០២១នេះ។

តើអ្នករងដោយការបណ្តេញចេញពីលំនៅឋាន ជួបប្រទះផលវិបាកអ្វីខ្លះ ខណៈស្ថានភាពជំងឺកូវីដ១៩នៅមិនទាន់មានភាពធូរស្បើយនៅឡើយនោះ?

តទៅនេះសូមនាងកញ្ញាលោក លោកស្រី អញ្ជើញស្តាប់នាទីសិក្សាស្រាវជ្រាវដែលលោក កែវ សុខា បានដកស្រង់ចេញពីសាលាកប័ត្រព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមកចងក្រងជូននាង កញ្ញា ស្តាប់ដូចតទៅ!   

 

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)បានចេញផ្សាយសាលាកប័ត្រព័ត៌មានរបស់ខ្លួនដោយរកឃើញករណីវិវាទដីធ្លី និងការបណ្តេញចេញដោយបង្ខំលើប្រជាពលរដ្ឋដែលជាជនរងគ្រោះក្នុងរាជធានីខេត្តក្រុងចំនួន៥ សរុបមាន ១៣ ករណី។

ប៉ុន្តែមុននឹងឈានទៅបង្ហាញករណីវិវាទដីធ្លីនិងការបណ្តេញចេញពលរដ្ឋដោយបង្ខំពីលំនៅឋានទាំង ១៣ ករណីនេះ យើងយល់អ្វីទៅជាការបណ្តេញដោយបង្ខំជាមុនសិន។

ការបណ្តេញចេញដោយបង្ខំគឺ«ការជម្លៀសបុគ្គល គ្រួសារ និងសហគមន៍ជាបណ្តុះអាសន្ន» ឬជាអចិន្ត្រៃយ៍ចេញពីផ្ទះ ឬដីធ្លីរបស់ពួកគេកំពុងកាន់កាប់ដែលផ្ទុយពីឆន្ទៈ ហើយគ្មានការផ្តល់និងការទទួលបាននូវទម្រង់សមស្របនៃការការពារស្របច្បាប់ ឬទម្រង់ការពារផ្សេងៗទៀត។

បើផ្អែកតាមគោលការណ៍សិទ្ធិមនុស្ស ការបណ្តេញចេញដោយបង្ខំ ស្ថិតក្នុងទម្រង់មួយនៃការរំលោភសិទ្ធិមនុស្សផងដែរ​ ពិសេសរំលោភលើសិទិ្ធទទួលបានលំនៅឋានសមរម្យ ក៏ដូចជាសិទ្ធិដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិជាច្រើន រួមទាំងសិទ្ធិសន្តិសុខបុគ្គល និងសិទ្ធិជនជាតិដើមភាគតិចចំពោះទឹកដីជាលក្ខណៈប្រពៃណី។

ជាងនេះទៀត ការបណ្តេញចេញដោយបង្ខំជាផ្នែកមួយនៃការរំលោភសិទ្ធិដីធ្លី ហើយបង្ខំឱ្យបុគ្គលជាច្រើនក្លាយជាអ្នកគ្មានផ្ទះសម្បែង ឬរារាំងជនរងគ្រោះបាត់បង់ប្រាក់ចំណូលចិញ្ចឹមជីវិត។ បន្ថែមលើសពីនេះ ការបណ្តេញចេញដោយបង្ខំបណ្តាលឱ្យមានវិសមភាពកាន់តែខ្លាំងឡើង និងធ្វើឱ្យប៉ះពាល់ដល់សហគមន៍ក្រីក្រ ព្រមទាំងរុញច្រានឱ្យជនក្រីក្រ និងជនដែលងាយរងគ្រោះបំផុតត្រូវធ្លាក់ក្នុងភាពក្រីក្របន្ថែមទៀត។ ទាំងនេះជានិយមន័យ និងផលវិបាកខ្លះៗដែលកើតចេញពីការបណ្តេញចេញដោយបង្ខំ។

ដោយឡែកក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះវិញ ផ្អែកតាមសាលាកប័ត្រព័ត៌មានរបស់CCHR ឱ្យដឹងថា ការបណ្តាញចេញដោយបង្ខំ ជាបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់ពលរដ្ឋនៅក្នុងបរិបទនៃជំងឺរាតត្បាតជាសកល ខណៈបុគ្គលម្នាក់ៗត្រូវការលំនៅឋាន និងសន្តិសុខប្រសើរជាចាំបាច់ ស្របពេលមានការបិទខ្ទប់ ឬបម្រាមគោចរដែលតម្រូវបុគ្គលៗស្នាក់នៅក្នុងផ្ទះ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិលំនៅឋាន សង្កេតឃើញថា ការរំលោភសិទ្ធិដីធ្លីនិងការបណ្តេញចេញដោយបង្ខំ បានកើនឡើងនៅជុំវិញពិភពលោកទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងណាក្តី។

អ្នករាយការណ៍ពិសេសចាត់ទុកសកម្មភាពនៃការបណ្តេញចេញដោយបង្ខំក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩នេះ ប្រៀបបានទៅនឹងការប្រហារជីវិតជនរងគ្រោះយ៉ាងដូច្នេះដែរ។

និយាយដោយឡែកនៅកម្ពុជាវិញ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារកឃើញថា ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ តែការរំលោភសិទ្ធិដីធ្លីនៅហាក់កើតឡើងជាធម្មតាមដដែរ។ រឹតតែធ្ងន់ធ្ងរជាងនេះ ការបណ្តេញចេញដោយបង្ខំនៅរយៈពេលថ្មីៗនេះមានរូបភាពកាន់តែអាក្រក់ឡើង ដោយគេប្រទះឃើញមានការប្រើប្រាស់កម្លាំងយាយី និង ការគំរាមកំហែង ពីសំណាក់អាជ្ញាធររដ្ឋមកលើអ្នករងដោយការបណ្តេញចេញ។ ជាងនេះ ក៏មានផងដែរ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ដីដាំដំណាំដោយគ្មានការជូនដំណឹងជាមុន រួមទាំងការយាយីតាមផ្លូវតុលាការលើអ្នកដែលសកម្មហ៊ានចេញតវ៉ា និងអ្នកចេញមុខទាមទារសំណងសមរម្យជាដើម។ ក្នុងចំណោមអ្នកត្រូវរងដោយការបណ្តេញចេញទាំងបង្ខំ គេសង្កេតឃើញកើតមានលើ ប្រជាកសិករ ជនជាតិភាគតិច រួមមានជនជាតិដើមភាគតិច ជនជាតិវៀតណាម និងសហគមន៍ជនជាតិចាមផងដែរ។

សាលាកប័ត្រព័ត៌មានរបស់ CCHR បានបង្ហាញករណីវិវាទដីធ្លីតាមបណ្តាលរាជធានីខេត្តក្រុងចំនួន ៥ សរុបមាន ១៣ ករណី កើតឡើងអំឡុងឆ្នាំ ២០២១នេះ។ ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៦ករណី។​ ករណីទី១៖ នៅក្នុងខណ្ឌច្បារអំពៅ ដែលអាជ្ញាធរបោះបង្គោលព្រំលើដីជាង ៣០ហិកតាដោយហាមមិនឱ្យពលរដ្ឋ ១៥៨ គ្រួសារដាំដំណាំលើដីដែលពលរដ្ឋកាន់កាប់តាំងពីឆ្នាំ២០០៨។ ករណីទី២៖ គឺការបណ្តេញជនជាតិវៀតណាមនិងសហគមន៍ខ្មែរឥស្លាមដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យរុះរើផ្ទះសម្បែងនិងផ្លាស់ទីក្រោមមូលហេតុស្តារសោភ័យភាពទីក្រុងនិងបរិស្ថាន។​ ពួកគេបានផ្លាស់ទីលំនៅជាបណ្តុះអាសន្ននៅតាមមាត់ទន្លេក្រៅរាជធានីភ្នំពេញ និងនៅតាមព្រំដែនកម្ពុជា-វៀតណាម។ ពលរដ្ឋខ្លះក៏សម្រេចចិត្តលក់បែត្រីឡើងមកជួលផ្ទះស្នាក់នៅលើគោក ហើយការបណ្តេញចេញនោះពួកគេគ្មានបានទទួលសំណងអ្វីឡើយ។ ករណីទី៣៖ កើតឡើងក្នុងខណ្ឌជ្រោយចង្វារ ដោយកងកម្លាំងសមត្ថកិច្ច និងកងកម្លាំងក្រុមហ៊ុន OCIC ជាង ៦០នាក់ យកគ្រឿងចក្រឈូសឆាយដី ២ ហិតាដោយគ្មានជូនដំណឹងដល់ម្ចាស់ដី។ ករណីនេះបានបង្កឱ្យប្រជាពលរដ្ឋចំនួន ២៦គ្រួសាររងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ ករណីទី៤៖ គឺការរុះរើផ្ទះប្រជាពលរដ្ឋជាង ៥០គ្រួសារដែលរស់នៅតាមមាត់ទន្លេក្នុងខណ្ឌឬស្សីកែវកាលពីខែកក្តដាដោយគ្មានការជួនដំណឹង និងគ្មានសំណង។ ករណីទី៥៖ គឺកើតឡើងក្នុងខែសីហាស្ថិតក្នុងខណ្ឌឬស្សីកែវដូចគ្នា ដោយប្រជាពលរដ្ឋជាង ២០គ្រួសារត្រូវកម្លាំងប៉ូលីសចុះរុះរើផ្ទះដោយជូនដំណឹងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ហើយគ្មានផ្តល់សំណងជូនពលរដ្ឋ។

និងករណីទី៦៖ អាជ្ញាធរខណ្ឌមានជ័យជាង ១០០នាក់បានមកប៉ុនប៉ងរុះរើផ្ទះប្រជាពលរដ្ឋ១០គ្រួសារ​តែដោយមានការតវ៉ាពីប្រជាពលរដ្ឋ អាជ្ញាធរក៏បញ្ឈប់សកម្មភាពវិញ។

សាលាកប័ត្រព័ត៌មានរបស់CCHR ក៏បានដកស្រង់ករណីវិវាទនៅខេត្តកណ្តាលចំនួន ៣ ករណីផងដែរគឺទី១៖ ស្ថិតក្នុងស្រុកកណ្តាលស្ទឹងដែលប្រជាពលជាង ២០០គ្រួសារត្រូវរងផលប៉ះពាល់ពីការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ក្នុងគម្រោងសាងសង់ព្រលានយន្តហោះថ្មី។ ខាងភាគីក្រុមហ៊ុនតែងប្រើគ្រឿងចក្រឈូសឆាយលើដីទំនាស់ដោយពុំទាន់មានការដោះស្រាយបញ្ចប់បញ្ហានៅឡើយ។ ជាងនេះទៀត កម្លាំងសមត្ថកិច្ចបានរារាំងពលរដ្ឋមិនឱ្យចូលមើលដីស្រែដែលនាំឱ្យពលរដ្ឋផ្ទុះការតវ៉ារហូតមានប្រើហិង្សានិងការចាប់ខ្លួនពលរដ្ឋផងដែរ។ ចំណែកករណីទី២៖ នៅក្នុងស្រុកអង្គស្នួល គឺកងកម្លាំងបានបង្ក្រាបលើអ្នកតវ៉ាប្រហែល ៣០០ ដែលបានព្យាយាមរារាំងសកម្មភាពគ្រឿងចក្រ។ ក្នុងហេតុការណ៍នោះទាហានបានបាញ់ប្រជាពលរដ្ឋឱ្យរងរបួលដោយសំអាងហេតុផលថា ដើម្បីការពារខ្លួន ហើយថាដីនោះជាដីរបស់រដ្ឋ។

រីឯករណីទី៣៖ កើតនៅស្រុកស្អាង ដោយសមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន​ ៣ ដែលជាអ្នកតំណាងឱ្យប្រជាពលរដ្ឋ១៥០គ្រួសារមានទំនាស់ដីធ្លី។ ពួកគេទាំងបីនាក់ត្រូវជាប់ពន្ធធនាគារហើយម្នាក់ក្នុងចំណោមពួកគេបានស្លាប់ដោយមានការរាយការណ៍ថា មានបញ្ហាសុខភាពគ្មានថ្នាំព្យាបាលនៅក្នុងពន្ធធនាគារ។

CCHR ក៏បានតាមដានបញ្ហាទំនាស់ដីធ្លីក្នុងខេត្តមណ្ឌលគីរីចំនួន២ករណីផងដែរ។ ទី១៖ គឺសហគមន៍ជនជាតិដើមភាគតិចពូនងជាង ២០០គ្រួសារ ស្ថិតក្នុងភូមិដាក់ដាំ ឃុំពូត្រែង ត្រូវរងការរំលោភបំពានដីធ្លីពីសំណាក់អ្នកមានព្រទ្យសម្បត្តិ និងអំណាចម្នាក់ ដោយដីព្រៃសហគមន៍ជាង២០០០ហិកតា និងជាលំនៅឋានរបស់ជនជាតិដើមពូនងផងនោះ ត្រូវបានបុគ្គលអ្នកមានអំណាចនិងធនធានរូបនោះប្រើគ្រឿងចក្រឈូសឆាយ។ ចំណែកករណីទី២៖ នៅស្រុកពេជ្រាដា ដែលជនជាតិដើមភាគតិចពូនងរាយការណ៍ថា អាជ្ញាធរបានបើកយុទ្ធនាការ បង្ក្រាបបទល្មើសព្រៃឈើនាំឱ្យមានការបណ្តេញចេញប្រជាពលរដ្ឋប្រហែល១០០០គ្រួសារ ខណៈមន្រ្តីបរិស្ថានចោទថាប្រជាពលរដ្ឋរស់នៅលើដីរដ្ឋ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏រកឃើញករណីវិវាទដីធ្លីក្នុងខេត្តក្រចេះមួយករណីផងដែរ ដោយកើតឡើងនៅស្រុកចិត្របុរី រវាងពលរដ្ឋជាង៦០០គ្រួសារជាមួយ​នឹងក្រុមហ៊ុនឯកជនមួយ។ ករណីនេះ ក្រុមហ៊ុនបានបញ្ជាឱ្យសន្តិសុខធ្វើការបង្រ្កាប គំរាមកំហែងប្រជាពលរដ្ឋមិនឱ្យតវ៉ា និងបានគំរាមប្តឹងអ្នកតវ៉ាទៅតុលាការ។ ចុងក្រោយគឺករណីនៅខេត្តស្វាយរៀង ស្រុកស្វាយជ្រុំ ដោយអ្នកតំណាងសហគមន៍ចំនួន២នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធធនាគារ ក្រោយប្រជាពលរដ្ឋតវ៉ាដោយបដិសេធមិនព្រមទទួលសំណងក្នុងទំនាស់ដីធ្លីនោះ។  ទាំងនេះជាករណីជម្លោះដីធ្លីដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរកឃើញក្នុងឆ្នាំ២០២១នេះ ស្របពេលដែលជំងឺកូវីដ១៩នៅតែបន្តរាតត្បាតក្នុងប្រទេសកម្ពុជានៅឡើយ។

សាលាកប័ត្រព័ត៌មានកម្រាស់ ១២ ទំព័របានផ្តល់អនុសាសន៍ដោយជំរុញឱ្យបញ្ឈប់រាល់សកម្មភាពយាយី និងការបណ្តេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ ខណៈពលរដ្ឋកំពុងរងការលំបាកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាងនេះ CCHR ជំរុញឱ្យបញ្ឈប់រាល់សកម្មភាពប្រើប្រាស់កម្លាំងបង្ខំ ការគំរាមកំហែង ការសម្លុត និងការយាយីតាមផ្លូវតុលាការលើប្រជាពលរដ្ឋរងគ្រោះ ដោយត្រូវរកដំណោះស្រាយដោយសន្តិវិធី និងស្វែងរកសំណងសមរម្យជូនប្រជាពលរដ្ឋ។ ​

តាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ការបណ្តេញចេញដោយបង្ខំត្រូវបានអនុញ្ញាតតែនៅក្នុងកាលៈទេសៈជាក់លាក់ និងមានកំណត់អប្បាបរមា ហើយត្រូវតែមានយុត្តិធម៌ពេញលេញដែលអនុញ្ញាតដោយច្បាប់និងត្រូវគោរពតាមវិធានសិទ្ធិមនុស្សអន្តរជាតិ និងការដោះស្រាយតាមផ្លូវច្បាប់ពេញលេញចំពោះអ្នករងផលប៉ះពាល់។ ជាងនេះទៀត រដ្ឋត្រូវទទួលខុសត្រូវដោយធានាថា ការបណ្តេញចេញត្រូវបានអនុញ្ញាតដោយច្បាប់សិទ្ធិមនុស្ស និងត្រូវអនុវត្តតាមលក្ខណៈសមរម្យ និងគោរពសិទ្ធិទទួលបានព័ត៌មានពេញលេញ ការពិគ្រោះយោបល់ត្រឹមត្រូវ ហើយត្រូវប្រាប់ជាមុនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយពលរដ្ឋយល់ព្រមពេញចិត្តផងដែរ។ រដ្ឋក៏ត្រូវចាត់វិធានការចំាបាច់នានាដើម្បីកាត់បន្ថយផលប៉ះពាល់ពីការបណ្តេញចេញ ដើម្បីធានាថានឹងពុំមានលទ្ធផលដែលបណ្តាលឱ្យពលរដ្ឋគ្មានផ្ទះសម្បែងនោះឡើយ។ ជាងនេះត្រូវធានាថា ប្រជាពលរដ្ឋដែលរងការបណ្តេញចេញត្រូវបានផ្តល់សំណងសមរម្យជាមុន និងត្រូវមានដំណោះស្រាយសមស្រប៕

  

Share

ព័ត៌មានទាក់ទង

Image