en     km
en     km

ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាស្ថិតក្នុងដំណើរពិគ្រោះយោបល់ជាសាធារណៈ

Share

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល បានប្រកាសទទួល ចាប់ពីខែកក្កដា ឆ្នាំ ២០២១ នេះ នូវមតិពីសាធារណៈជន អង្គការសង្គមស៊ីវិល ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានា ចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃព្រហស្បតិ៍ ទី ០៨ ខែកក្កដា ប្រាប់ថា ដំណើរការពិគ្រោះយោបល់នេះ មានគោលបំណង​«ប្រមូលធាតុចូល» ហើយសាធារណៈជនអាចចូលរួមកែលម្អសេចក្ដីព្រាងច្បាប់ខាងលើ តាមរយៈទំព័រហ្វេសប៊ុក Cambodian Human Rights Committee និងក្រុមតេលេក្រាម Comment on NHRC Law។

កិច្ចពិគ្រោះយោបល់ក៏នឹងត្រូវធ្វើជាក្រុមៗ តាមវិស័យនីមួយៗនៃសិទ្ធិមនុស្ស ចំនួន ៦០ ដង ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ ២០២១ តាមរយៈការប្រជុំពិគ្រោះយោបល់ដោយផ្ទាល់ ឬតាមរយៈសន្និសិទទូរសោតទស្សន៍។ នេះបើយោងតាមប្រភពដដែល ដែលបញ្ជាក់ឱ្យដឹងទៀតថា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជាអ្នកសហការរៀបចំឱ្យមានការពិគ្រោះយោបល់នេះ។

យោងតាមសេចក្ដីព្រាងច្បាប់ដែលអាចរកបានដោយងាយ នៅក្នុងបណ្ដាញសង្គមនិងនៅលើវេបសាយត៍ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដែលនឹងត្រូវបង្កើតឡើង«ស្របតាមគោលការណ៍ទីក្រុងប៉ារីស» ជាស្ថាប័នជាតិឯករាជ្យនិងអព្យាក្រិត ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស ហើយមានគោលបំណង​«លើកកម្ពស់និងការពារសិទ្ធិមនុស្ស ដោយអនុលោមតាម (…) រដ្ឋធម្មនុញ្ញ ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស» និងឯកសារច្បាប់អន្តរជាតិផ្សេងៗទៀត ទាក់ទងនឹងសិទ្ធិមនុស្ស។

កន្លងទៅ អង្គការសង្គមស៊ីវិលតែងតែទាមទារឱ្យរដ្ឋផ្សាយសេចក្ដីព្រាងច្បាប់នានាជាសារធារណៈ និងទទួលស្ដាប់យោបល់រិះគន់ស្ថាបនា ពីសាធារណៈជន ជាពិសេសចំពោះសេចក្ដីព្រាងច្បាប់ណាដែលទាក់ទងនឹងបញ្ហារមាស់៕

Share

ព័ត៌មានទាក់ទង

Image