en     km
en     km

តំបន់ប្រាសាទសំបូរព្រៃគុកទទួលបានការថែទាំនិងជួសជុលក្រោយក្លាយជាបេតិកភណ្ឌពិភពលោក

Share

ការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា​ ពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៧ មានរយៈពេល ៤ ឆ្នាំហើយ បើគិតត្រឹមថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ នេះ។ ដូចពីម្សិលមិញដែលអាជ្ញាធរនិងប្រជាពលរដ្ឋទើបបានអបអរសារទរខួបទី ១៣ នៃការចុះបញ្ជីតំបន់ប្រាសាទព្រះវិហារ ថ្ងៃនេះដល់វេនតំបន់ប្រាសាទសំបូរព្រៃគុកម្ដង។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីបានឆ្លៀតឧទ្ទិសសំណេរខ្លីមួយតាមហ្វេសប៊ុក ចំពោះទិវាដែលសម្បត្តិវប្បធម៌ខ្មែរនៅក្នុងខេត្តកំពង់ធំចាប់ផ្ដើមទទួលបានការយកចិត្តទុកដាក់ខ្លាំងជាថ្មី។ សម្ដេច ហ៊ុន សែន បានសង្កេតឃើញថា៖ «ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុកបានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ទាក់ទាញមួយ។»

ប្រមុខរាជរដ្ឋាភិបាលថែមទាំងយល់ឃើញដែរថា ការចុះតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក «មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិផងដែរ»។

ចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈវិញ ការអបអរខួប ៤ ឆ្នាំ នៃព្រឹត្តិការណ៍ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ត្រូវបានធ្វើឡើងតាមរយៈការផ្សាយខ្សែវីដេអូខ្លីស្ដីពីការសម្រេចរបស់អង្គការយូណេស្កូ។ ទន្ទឹមនឹងនេះ ក្រសួងក៏បានថ្លែងសារថា «តំបន់ប្រាសាទសំបូរព្រៃគុកជារតនសម្បត្តិជាតិ»។

បន្ទាប់មកទៀត អាជ្ញាធរជាតិសំបូរព្រៃគុកដែលជាអ្នកទទួលខុសត្រូវផ្ទាល់ក្នុងការងារគ្រប់គ្រងបានឆ្លៀតឱកាសនេះ ដូចប្រមុខរាជរដ្ឋាភិបាល និងក្រសួងវប្បធម៌ដែរ អំពាវនាវប្រជាពលរដ្ឋឱ្យ«ចូលរួមថែរក្សាការពារទាំងអស់គ្នា»នូវបេតិកភណ្ឌវប្បធម៌ពិភពលោកនៅក្នុងប្រទេសកម្ពុជានេះ។

ក្រោយពីក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក តំបន់ប្រាសាទសំបូរព្រៃគុកបានទទួលការថែទាំ ជួសជុល និងអភិវឌ្ឍជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីខែមេសា អាជ្ញាធរជាតិសំបូរព្រៃគុកបានស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញរមណីយដ្ឋានសំបូរព្រៃគុក«បញ្ឈប់ជាបន្ទាន់»ការលួចសាងសង់សំណង់ផ្សេងៗ លួចចាក់ដី លួចរានចម្ការក្នុងតំបន់ដែលត្រូវការពារនោះ ហើយថែមទាំងបានព្រមានចាត់វិធានការចំពោះអំពើល្មើសច្បាប់នានា។ ក្រោយមក ក្នុងខែមិថុនា អាជ្ញាធរជាតិព្រះវិហារបានជួសជុលផ្លូវក្បែរប្រាសាទ ដែលខូចខាតដោយសាររថយន្តដឹកទំនិញធន់ធ្ងន់ និងដែលអាចប៉ះពាល់ដល់ប្រាង្គប្រាសាទដែរ។

បច្ចុប្បន្ន មានគម្រោងសហប្រតិបត្តិការចំនួន ៣ រវាងអាជ្ញាធរជាតិសំបូរព្រៃគុក និងភាគីជប៉ុន៖ ទី១គឺកម្មវិធីផ្លាស់ប្តូរអ្នកជំនាញអភិរក្សនៃអាជ្ញាធរជាតិសំបូរព្រៃគុក និងអ្នកជំនាញជប៉ុន, ទី២គឺកម្មវិធីបណ្តុះបណ្តាលអ្នកភូមិឱ្យយល់ដឹងពីការជួសជុលនិងអភិរក្ស និងទី៣គឺកម្មវិធីបណ្តុះបណ្តាលនិស្សិតរយៈពេលខ្លីស្តីពីការអភិរក្សនិងការស្រាវជ្រាវបុរាណវិទ្យា។

ថ្មីៗនេះ អាជ្ញាធរជាតិសំបូរព្រៃគុកទើបតែបើកការដ្ឋានជួសជុលប្រាសាទកណ្ដាលនៃក្រុមប្រាសាទតោក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋផង។ បើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ការងារនេះ«រួមចំណែកក្នុងកិច្ចអភិរក្ស គាំពារបណ្តាប្រាង្គប្រាសាទ ដែលប្រឈមនឹងហានិភ័យ»៕

Share

Image
Image
Image