en     km
en     km

ក្រសួងប្រាប់អាជ្ញាធរនានាឱ្យចាត់ការអ្នកសារព័ត៌មាន«ល្មើសច្បាប់»ដោយពុំបាច់យោគយល់

Share

ឯកឧត្ដម អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្ដីទីក្រសួងព័ត៌មាន បានសរសេរលិខិតឆ្លើយតបទៅអភិបាលខេត្តកណ្ដាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យ«ចាត់វិធានការតាមនីតិវិធីច្បាប់ ដោយពុំចាំបាច់ស្នើសុំគោលការណ៍ចាត់វិធានការពីក្រសួងព័ត៌មានឡើយ»។

លិខិតនោះ ចុះកាលបរិច្ឆេទថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ មានកម្មវត្ថុឆ្លើយតបទៅនឹង«ករណីស្នើសុំគោលការណ៍ចាត់វិធានការតាមផ្លូវច្បាប់លើអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច»។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (អាកាប៉េ/AKP) ទើបបានចុះផ្សាយលិខិតនោះនៅថ្ងៃចន្ទ ទី ០៥ ខែកក្កដាម្សិលមិញ។

ឯកឧត្ដម អ៊ុក ប្រាថ្នា ដែលជារដ្ឋលេខាធិការប្រចាំការនៃក្រសួងព័ត៌មាន ទើបត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ថែមទៀតបានមួយខែ តាមសំណើសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ការចេញលិខិតរបស់ឯកឧត្ដមរដ្ឋមន្ត្រីស្ដីទីក្រសួងព័ត៌មាននៅថ្ងៃនោះ គាប់ជួនគ្នាជាមួយនឹងអង្គការអ្នករាយការណ៍គ្មានព្រំដែនដែលបានផ្សាយរបាយការណ៍មួយ ដើម្បីលាតត្រដាងនូវឈ្មោះនៃមេដឹកនាំប្រទេសនិងរដ្ឋាភិបាល ចំនួន ៣៧ រូប ​នៅក្នុងពិភពលោក ដែល​បានលេបត្របាក់ បំផ្លាញ និងយាយីសិទ្ធិសេរីភាពសារព័ត៌មាន។

អង្គការអ្នករាយការណ៍គ្មានព្រំដែនបានរៀបរាប់អំពីវិធីសាស្ត្រខុសៗគ្នា ដែលមេដឹកនាំទាំងនោះ​បាន​ប្រើប្រាស់ ក្នុងគោលបំណង​រារាំង គំរាមកំហែងអ្នកសារព័ត៌មាន មិនឲ្យផ្សាយ​ការណ៍ពិត ឬរិះគន់របៀបដឹកនាំរបស់ខ្លួន។

យោងតាមរបាយការណ៍នោះ នៅក្នុងចំណោមមេដឹកនាំ​ទាំង ៣៧ នាក់ ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អង្គការ ក៏មាន​ឈ្មោះសម្ដេច ហ៊ុន សែន នៃកម្ពុជាដែរ៕

Share

Image
Image
Image