មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ចេញសេចក្ដីថ្លែងការណ៍មួយ ដើម្បីចូលរួមរម្លឹកខួប ៥ ឆ្នាំ នៃមរណភាពរបស់បណ្ឌិត កែម ឡី ដែលជាអ្នកស្រាវជ្រាវវឌ្ឍនភាពសង្គមនិងជាអ្នកវិភាគបញ្ហាសង្គមកម្ពុជាដ៏ល្បីល្បាញ។
សេចក្ដីថ្លែងការណ៍ ដែលផ្សាយចេញនៅរសៀលថ្ងៃសុក្រ ទី ០២ ខែកក្កដា បង្ហាញអំពីគម្រោងយុទ្ធនាការនៅលើបណ្ដាញសង្គម តាមរយៈការប្ដូររូបថតក្នុងហ្វេសប៊ុក និងការផ្សាយសារនានាដែលបណ្ឌិត កែម ឡី ធ្លាប់បានថ្លែង, ការចែករំលែកការនឹករលឹកនិងផ្ញើសារទៅវិញ្ញាណខន្ធរបស់គាត់តាមកម្មវិធីអនឡាញ, ការធ្វើកម្មវិធីវិទ្យុក្រោមប្រធានបទ«ចងចាំបណ្ឌិត កែម ឡី» និងប្រធានបទ«ខួប ៥ ឆ្នាំ និងយុត្តិធម៌ដល់លោកបណ្ឌិតកែម ឡី», ការចាក់បញ្ចាំងវីដេអូស្ដីពីខ្សែជីវិតរបស់លោក កែម ឡី និងអំពីអ្នកជិតស្និទនឹងរូបលោក, ព្រមទាំងតាមរយៈការផ្សាយប័ណ្ណព័ត៌មានស្ដីពីនិទណ្ឌភាពនៅកម្ពុជា។
បណ្ឌិត កែម ឡី ត្រូវបានគេធ្វើឃាតកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦ ពេលដែលលោកកំពុងផឹកកាហ្វេនៅស្ថានីយ៍ប្រេងឥន្ធនៈមួយក្នុងរាជធានីភ្នំពេញ។ ក្រោយមក អាជ្ញាធរបានរកឃើញឃាតករឈ្មោះ អឿត អាង ហើយតុលាការក៏បានកាត់ទោសអ្នកបាញ់សម្លាប់រូបលោកនោះ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ឃើញថា ដំណើរការស៊ើបអង្កេតនិងការកាត់ទោសបុគ្គល ដែលមានរហ័សនាមថា «ជួបសម្លាប់» ត្រូវបានធ្វើឡើងដោយ«មិនពេញលេញនិងខ្វះតម្លាភាព» និងថា«មិនបានអនុលោមតាមការជំនុំជម្រះស្របតាមស្តង់ដាអន្តរជាតិ»។
ពីថ្ងៃចន្ទ ទី ០៥ ខែកក្កដានេះ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា បើតាមកម្មវិធី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាត្រូវសម្ពោធកម្មវិធីអនឡាញ អញ្ជើញឱ្យសាធារណជនចូលរួមចែករំលែកនូវការនឹករលឹក និងផ្ញើសារទៅកាន់អតីត«អ្នកវិភាគឯករាជ្យ» គឺបណ្ឌិត កែម ឡី៕