en     km
en     km

កូរ៉េប្រកាសជួយ ៩,២ លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា

Share

លោកស្រី ជី យៀក្យុង (Ms. Ji Yea Kyung) អនុប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា/KOICA) ប្រចាំប្រទេសកម្ពុជា នៅថ្ងៃពុធ ទី ៣០ ខែមិថុនា បានប្រកាសឱ្យដឹងថា ចាប់ពីឆ្នាំ ២០២១ នេះ រហូតដល់ឆ្នាំ ២០២៥ រដ្ឋាភិបាលកូរ៉េបានសម្រេចផ្តល់ថវិកាចំនួន ៩,២ លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា។ នេះបើយោងតាមដំណឹងពីការិយាល័យកយកានៅកម្ពុជាដែលផ្សាយចេញនៅថ្ងៃដដែល។

ការិយាល័យ កយកា នៅកម្ពុជាបានប្រាប់ថា ការប្រកាសរបស់លោកស្រីដូច្នេះបានកើតឡើងក្នុងអំឡុងពេលប្រជុំតាមប្រព័ន្ធទូរសោតទស្សន៍នៅថ្ងៃពុធដដែលនោះ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ, អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន, អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (យូអ៊ិនឌីភី/UNDP) ព្រមទាំងសហគមន៍ម្ចាស់ជំនួយ។

«ថវិកានេះនឹងជួយបង្កើនការបោសសំអាតមីន ជំនួយដល់ជនរងគ្រោះ និងការអប់រំអំពីហានិភ័យមីន ការអភិវឌ្ឍសមត្ថភាពរបស់អាជ្ញាធរជាតិ និងការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន ធ្វើឲ្យជីវិតប្រជាជន
កម្ពុជាមានសុវត្ថិភាព និងការសំអាតមីននិងប្រគល់ដីធ្លីសម្រាប់ការប្រើប្រាស់ដែលមានផលិតភាព ដើម្បីគាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។» ប្រភពដដែលបានរាយការណ៍ឱ្យដឹងបន្ថែមដូច្នេះ ដោយបញ្ជាក់ទៀតថា កិច្ចប្រជុំក្រុមប្រឹក្សាគម្រោងពាក់កណ្តាលឆ្នាំនោះ មានគោលបំណងពិនិត្យមើលសមិទ្ធិផលគម្រោងចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ ២០២១ ពិនិត្យមើលអាទិភាពសំខាន់ៗសម្រាប់ខែកក្កដាដល់ខែធ្នូ ឆ្នាំ ២០២១ និងពិនិត្យមើលបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងបោសសម្អាតមីនសម្រាប់អភិវឌ្ឍន៍មនុស្ស។

ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃអាជ្ញាធរមីន, លោក និក ប៊ែរ៉េសហ្វ័ដ (Nick Beresford) តំណាង UNDP ប្រចាំប្រទេសកម្ពុជា, តំណាងមកពីនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មរបស់ប្រទេសអូស្រ្តាលីនិងប្រទេសនូវែលហ្សេឡង់ ព្រមទាំងតំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចូលរួមក្នុងកិច្ចប្រជុំនោះ។

របាយការណ៍ស្ដីពីខ្លឹមសារនៃកិច្ចប្រជុំបង្ហាញថា កយកា និងសហគមន៍អ្នកផ្តល់ជំនួយរួមមាន យូអិនឌីភី, អូស្ត្រាលី និងនូវែលសេឡង់ បានសាទរចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការសំរេចបាននូវគោលដៅក្លាយជាប្រទេសគ្មានមីននៅត្រឹមឆ្នាំ ២០២៥។

បើតាមការិយាល័យ កយកា នៅកម្ពុជា ឯកឧត្ដម លី ធុជ បានថ្លែងអំណរគុណ ចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងម្ចាស់ជំនួយដទៃទៀត ដែលបានគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ទាំងបច្ចេកទេសសម្រាប់ការអនុវត្តយុទ្ធសាស្ត្រជាតិកម្ចាត់មីនឆ្នាំ ២០១៨-២០២៥ ក៏ដូចជាដើម្បីឈានទៅសម្រេចជោគជ័យក្នុងការអនុវត្តគម្រោងបោសសម្អាតមីនពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥៕

Share

Image
Image
Image