en     km
en     km

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្តេជ្ញាបង្កើនជំនឿទុកចិត្តលើ គ.ជ.ប និងធានារៀបចំការបោះឆ្នោតតាមគម្រោង

Share

ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺឯកឧត្ដម ប្រាជ្ញ ចន្ទ បានចូលកាន់តំណែងជាផ្លូវការនៅព្រឹកថ្ងៃពុធ ទី ៣០ ខែមិថុនានេះ តាមរយៈពិធីមួយក្រោមអធិបតីភាពនៃព្រះរាជតំណាងព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី។ ពិធីប្រកាសចូលកាន់តំណែងប្រធានថ្មីនៃ គ.ជ.ប បានប្រព្រឹត្តទៅដោយមានវត្តមានរបស់ឥស្សរជនជាច្រើនរូបទៀតមកពីព្រះបរមរាជវាំង ព្រឹទ្ធសភា ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃ រួមទាំងវត្តមានសមាជិកផ្សេងទៀតនៃ គ.ជ.ប ផង។

ក្នុងនាមជាអ្នកកាន់ចង្កូតថ្មី ឯកឧត្ដម ប្រាជ្ញ ចន្ទ ឱកាសនោះ បានប្រកាសតាំងចិត្ត«រៀបចំ ចាត់ចែង និងគ្រប់គ្រងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោត ឱ្យបានកាន់តែល្អប្រសើរឡើង»។ ឯកឧត្ដមបានសន្យាថានឹងបំពេញការងារ«ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ»។

ទន្ទឹមនឹងនេះដែរ អ្នកដឹកនាំថ្មីនៃ គ.ជ.ប បានអំពាវនាវចំពោះអ្នកពាក់ព័ន្ធនឹងការបោះឆ្នោតទាំងឡាយ ឱ្យបន្តផ្ដល់កិច្ចសហការជាមួយ គ.ជ.ប «ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ស្របតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តិនានា (…) រួមចំណែកលើកកម្ពស់ការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស»។

យោងតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីពេលនេះ គឺឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២៤ កម្ពុជាត្រូវរៀបចំការបោះឆ្នោតចំនួន ៤ លើក។ ក្នុងចំណោមនោះ មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ នៅឆ្នាំ ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៅឆ្នាំ ២០២៣, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅឆ្នាំ ២០២៤ និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ អាណត្តិទី ៤ នៅឆ្នាំ ២០២៤ ដែរ។ នេះមិនគិតបញ្ចូលនូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោក្នុងខេត្តកំពត ជាលើកទី ១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ ទេ។

សម្រាប់អាណត្តិ ៥ ឆ្នាំដំបូងរបស់ខ្លួន ឯកឧត្ដម ប្រាជ្ញ ចន្ទ បានអះអាងថា ការរៀបចំការបោះឆ្នោតជាបន្តបន្ទាប់នៅពេលខាងមុខ«ពិតជា»ប្រព្រឹត្តទៅតាមការគ្រោងទុក ទោះបីជាជំងឺកូវី-១៩ កំពុងគំរាមកំហែងកម្ពុជាយ៉ាងណាក៏ដោយ។

ប្រធានថ្មីនៃ គ.ជ.ប បានពន្យល់ថា កាធានាបានដូចនេះគឺដោយសម្អាងលើ«ការគិតគូរយកចិត្តទុកដាក់ខ្ពស់ ក្នុងការងារបង្ការ ការពារ និងគ្រប់គ្រង ក៏ដូចជាការគោរពតាមវិធានការចាំបាច់នានា ទាក់ទងនឹងការប្រយុទ្ធប្រឆាំង[នឹង]ជំងឺកូវីដ-១៩ រួមទាំងអត្រាកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់នៃការចាក់វ៉ាក់សាំង»៕

Share

Image
Image
Image