ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធ «គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ» ដែលរៀបចំនៅទីតាំងសួនច្បារ មុខវត្តបទុមវត្តី នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា ក្នុងការធ្វើបាតុកម្មគឺមានសិទ្ធិដូចគ្នា រវាងអ្នកគាំទ្របក្សប្រឆាំង និងអ្នកគាំទ្ររដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ ក្រោយពីមានបាតុកម្មប្រឆាំងលោកជាបន្តបន្ទាប់ ពេលលោកទៅបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិ និងនៅប្រទេសបារាំង ក៏ដូចជាបាតុកម្មទាមទារដកលោក កឹម សុខា ពីអនុប្រធានរដ្ឋសភា បណ្ដាលឱ្យមានរបួសតំណាងរាស្ត្របក្សប្រឆាំងពីររូប ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា គណបក្សកាន់អំណាចមានអ្នកគាំទ្រច្រើនជាងគណបក្សប្រឆាំង ប្រសិនបើគណបក្សប្រឆាំងមានសិទ្ធិធ្វើបាតុកម្ម គណបក្សកាន់អំណាចក៏មានសិទ្ធិធ្វើបាតុកម្មដែរ។ ទោះបីយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា លោកមិនបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើបាតុកម្មឡើយ មិនត្រឹមតែប៉ុណ្ណោះ លោកបានប្រកាសប្រឆាំងជាដាច់ខាតទៅនឹងការប្រើប្រាស់អំពើហិង្សាផងដែរ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា៖ «សូមអស់លោកត្រូវចាំមួយមាត់ ចាំចំណុចមួយឱ្យច្បាស់ ថារាជរដ្ឋាភិបាល គេធ្វើរាជរដ្ឋាភិបាល អ្នកគាំទ្រច្រើនជាងបក្សប្រឆាំង និយាយគ្នាឱ្យច្បាស់។ បើអ្នកឯងមានសិទ្ធិធ្វើបាតុកម្ម គេក៏មានសិទ្ធិដូចអ្នកឯងដែរ គេក៏មានសិទ្ធិដូចអ្នកឯងដែរ។ អ្នកប្រឆាំងមានសិទ្ធិធ្វើបាតុកម្ម អ្នកគាំទ្រក៏មានសិទ្ធិធ្វើបាតុកម្ម។ ខ្ញុំមិនលើកទឹកចិត្តឱ្យធ្វើបាតុកម្មទេ ហើយខ្ញុំកាន់តែប្រឆាំងជាមួយអ្នកហិង្សា» ។
គួររំឭកថា ក្នុងដំណើរបេសកកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក មានបាតុកររាប់រយនាក់បានធ្វើបាតុកម្មប្រឆាំងលោកនៅទីនោះ។ ជាបន្តមកទៀត ពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅប្រទេសបារាំង ដើម្បីជួបជាមួយលោកប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ដ៍ (François Hollande) អំពីបញ្ហាផ្ដល់ជំនួយជាង ១០០ លានដុល្លារ មកកម្ពុជានោះ ក៏មានពលរដ្ឋខ្មែរនៅប្រទេសបារាំងធ្វើបាតុកម្មប្រឆាំងលោកនៅទីនោះដែរ។
ករណីបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលលោកអញ្ជើញទៅក្រៅប្រទេសនេះ គណបក្សប្រជាជនកម្ពុជាបានចោទប្រកាន់ថា ជាការរៀបចំដោយបក្សប្រឆាំង ប៉ុន្តែបក្សប្រឆាំងបានឆ្លើយតបថា ការធ្វើបាតុកម្មទាំងនោះ ជាសិទ្ធិរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។
មួយថ្ងៃមុនការធ្វើបាតុកម្មនៅរាជធានីភ្នំពេញ ដើម្បីទាមទារដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា លោកនាយករដ្ឋមន្ត្រីបានគំរាមនៅប្រទេសបារាំងថា នៅកម្ពុជាអាចនឹងមានបាតុកម្មប្រឆាំងនឹងបក្សប្រឆាំងវិញ។ ពេលនោះលោកថា៖ «បើលេងកុំខឹង បើខឹងកុំលេង ហើយលេងលើកនេះអាចនឹងរបូតតំណែងអនុប្រធានរដ្ឋសភា»៕