en     km
en     km

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា អ្នកកាសែតមានសិទ្ធិសរសេរព័ត៌មាន តែអាជ្ញាធរ«មានសិទ្ធិប្តឹង»

Share

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា អ្នកកាសែតមានសិទ្ធិ​សរសេរព័ត៌មាន តែអាជ្ញាធរមានសិទ្ធិបំភ្លឺនិង«មានសិទ្ធិប្តឹង» ស្របពេលដែលអង្គការមិនមែនរដ្ឋាភិបាលវាយតម្លៃសេរីភាពសារព័ត៌មាននៅកម្ពុជាថា«អាក្រក់»។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា អ្នកកាសែតមានសិទ្ធិ​សរសេរព័ត៌មាន តែអាជ្ញាធរមានសិទ្ធិបំភ្លឺនិង«មានសិទ្ធិប្តឹង» បើសិនអ្នកសារព័ត៌មាន​បំពានវិជ្ជាជីវៈរបស់ខ្លួន។ ការថ្លែងបែបនេះត្រូវបានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លើកយកមកប្រាប់ថា ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំ​សប្តាហ៍ នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នៅទីស្ដីការ​ក្រសួង។

អាកាប៉េរាយការណ៍បន្តតាមប្រសាសន៍របស់រដ្ឋមន្ត្រីថា ការផ្សាយរបស់អ្នកសារព័ត៌មានត្រូវតែ​មានតុល្យភាព​ និងថា«អាជ្ញាធរអាចចាត់វិធានការនៅ​ពេលអ្នកកាសែតបានសរសេរអត្ថបទធ្វើឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ ដោយឱ្យ​កាសែតនោះសរសេរកែតម្រូវ និងសុំទោសជាសាធារណៈ បើសិននៅតែមិនកែតម្រូវគឺ​អាច​ធ្វើការប្តឹងទៅស្ថាប័នតុលាការតែម្តង»។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានលើកឡើងទៀតថា អាជ្ញាធរដែលត្រួតត្រានៅតាមតំបន់នីមួយៗ​ជាអ្នកសម្រេច​ឱ្យ​អ្នកសារព័ត៌មានចូលឬមិនឱ្យចូល នៅពេលចុះបំពេញបេសកកម្មការងារនៅកន្លែង​ណា​មួយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជាដដែល។

កន្លងទៅ អង្គការមិនមែនរដ្ឋាភិបាលជាច្រើន ទាំងជាតិ ទាំងអន្តរជាតិ រួមទាំងអង្គភាពសារព័ត៌មានមួយចំនួនផង បានលើកឡើងថា​ អាជ្ញាធរកម្ពុជាបានរឹតត្បិតសេរីភាពសារព័ត៌មាន និងបាន«កាត់បន្ថយយ៉ាងខ្លាំង» នូវសិទ្ធិសម្ដែងមតិរបស់ប្រជាពលរដ្ឋនៅតាមសារព័ត៌មាន ក៏ដូចជានៅតាមបណ្ដាញសង្គម។

ជាក់ស្ដែង អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានវាយតម្លៃសេរីភាពសារព័ត៌មាននៅកម្ពុជាថាស្ថិតក្នុងស្ថានភាព«អាក្រក់»។ នៅឆ្នាំ ២០២១ ក៏ដូចជានៅឆ្នាំ ២០២០ ដែរ អង្គការនេះបានដាក់ចំណាត់ថ្នាក់ទី ១៤៤ ឱ្យកម្ពុជា ក្នុងចំណោម ១៨០ ប្រទេស នៅទូទាំងពិភពលោក៕

Share

Image
Image
Image