en     km
en     km

លីកាដូចេញរបាយការណ៍ស្រាវជ្រាវមួយក្រោមចំណងជើងថា«សិទ្ធិទទួលបានការអនុគ្រោះ»

Share

នៅថ្ងៃចន្ទ ទី២៨ ខែមិថុនានេះ អង្គការសិទ្ធិមនុស្ស លីកាដូ បានផ្សាយរបាយការណ៍ស្រាវជ្រាវមួយដោយដាក់ចំណងជើងថា «សិទ្ធិទទួលបានការអនុគ្រោះ៖ សំឡេងសហគមន៍ដីធ្លីដែលជាប់ជំពាក់បំណុល»។

យោងតាមអង្គការសិទ្ធិមនុស្ស លីកាដូ សិទ្ធិ​ទទួល​បាន​ការអនុគ្រោះ«គឺ​ជាការ​ស្នើសុំ​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ពី​សំណាក់​អ្នកផ្ដល់​កម្ចី​ឥណទាន​ខ្នាតតូច​ ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ ក៏ដូចជា​អ្នក​វិនិយោគទុន​អន្តរជាតិ​ ដែល​រួមមាន​​​ធនាគារ​​អភិវឌ្ឍន៍​​របស់​រដ្ឋ ​នៅ​សហភាព​​អឺរ៉ុប​​ និង​​សហរដ្ឋ​​អាមេរិក​ ដើម្បី​ស៊ើបអង្កេត​ទៅលើ​ទំហំនៃ​ការរំលោភ​សិទ្ធិមនុស្ស ​និង​ផ្ដល់ការ​អនុគ្រោះ​ចំពោះ​អ្នកខ្ចីប្រាក់​ដែល​បាន​រងគ្រោះ​ដោយ​ការផ្ដល់កម្ចី​​ និង​ការប្រមូល​ឥណទាន​បែប​កេងចំណេញ»។

សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ បានឱ្យដឹងថា ការ​សិក្សា​ស្រាវជ្រាវរបស់ខ្លួន​ ធ្វើឡើង​នៅក្នុង​ខេត្ត​ចំនួន ៨​ ដោយ​កម្រង​ព័ត៌មាន​សហគមន៍​នីមួយៗ​ ក្នុងចំណោម ១៤ សហគមន៍ មាន​បង្ហាញ​ព័ត៌មាន​អំពី​ការ​បង្កើត​សហគមន៍​ ដើម្បី​ឆ្លើយតប​ទៅនឹង​វិវាទដីធ្លី ​និង​ការគំរាម​កំហែង​ចំពោះ​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី ​និង​បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេងទៀត​ ដែល​បង្កឡើង​ដោយ​ភាពជំពាក់​បំណុល​ច្រើន​លើសលុប ។​

នៅក្នុងរបាយការណ៍របស់ខ្លួន អង្គការលីកាដូបានរកឃើញថា គិត​ត្រឹម​ខែធ្នូ ​ឆ្នាំ២០២០​ សមាគម​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជា ​បាន​កត់ត្រា​ឥណទាន​ប្រមាណ ​២,៨ លាន​កម្ចី ​ដោយ​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ​១១,៨​ លាន​ដុល្លារសហរដ្ឋ​អាមេរិក​ ដោយ​រាប់បញ្ចូល​កម្ចី​ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​ចុះបញ្ជី ​និង​ផលប័ត្រ​ឥណទាន​ “ខ្នាតតូច”​ របស់​ធនាគារ​កម្ពុជា​ជាច្រើន។​

បើតាមលីកាដូដដែល ក្នុងចំណោម “កម្ចី​ឥណទាន​ខ្នាតតូច”​ទាំងនេះ ​ទំហំ​កម្ចី​គិតជា​មធ្យមគឺ​ ៤ ២៨០​ ដុល្លារ​ ​ ដែល​ប្រជា​ពលរដ្ឋ​​ចំនួន​ ៩៥%​​ មាន​ប្រាក់​​ចំណូល​​ប្រចាំ​​ឆ្នាំ​​តិចជាង​​ចំនួន​​កម្ចី​​គិតជា​​មធ្យមនេះ​​ទៅទៀត។​

លីកាដូអះអាងថា «ការកើនឡើង​ដ៏គ្រោះថ្នាក់​នេះ ​បាន​នាំឱ្យ​កើតមាន​ការរីកសាយ​នៃវិបត្តិ​ជំពាក់​បំណុល​ច្រើន​លើសលុប ​ហើយ​ភាគច្រើន​នៃ​ផលប័ត្រ​ឥណទាន​ទាំងនេះ​ ត្រូវ​ដាក់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាទ្រព្យ​ធានា»។

អង្គការសិទ្ធិមនុស្សនេះបន្តថា ដូច​ដែល​បាន​លើកឡើង​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​មុនៗ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា ​អនុវត្ត​អត្រា​ការប្រាក់​ខ្ពស់ ​តម្រូវ​ឱ្យមាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាទ្រព្យធានា ​និង​ដាក់​សម្ពាធ​លើ​អតិថិជន​ក្រីក្រ​ដែល​ងាយ​រងគ្រោះ ​ឱ្យ​បាត់បង់​ដីធ្លី ។​

«ការ​អនុវត្ត​បែប​កេងចំណេញ​ទាំងនេះ ​បាន​នាំឱ្យ​មាន​ផលចំណេញ​ច្រើន​លើសលុប​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងដៃគូ​ផ្ដល់​កម្ចី​បរទេស​របស់​ពួកគេ​ និង​បាន​ធ្វើឱ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ជាពិសេស​សហគមន៍​ដែល​ងាយរងគ្រោះ។» នេះជាអះអាងបន្ថែមរបស់លីកាដូ។​

លីកាដូបានឱ្យដឹងទៀតថា ការសិក្សា​ស្រាវជ្រាវ​នេះ ​ក៏បង្ហាញថា​ ជម្រើស​ដែល​ផ្ដល់​ដោយ​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ សម្រាប់​ការរៀបចំ​ឥណទាន​ឡើងវិញ​ ឬ​ការពន្យារ​ពេល​បង់សង​កម្ចី​ឥណទាន​ខ្នាតតូច​ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​ គឺនៅ​មិនទាន់​គ្រប់គ្រាន់​ និង​មិនទាន់​អាច​បញ្ឈប់​ការលក់ដី​ដោយបង្ខំ ​ឬការ​រំលោភ​បំពាន​ផ្សេងៗ​ អំឡុងពេល​មានការ​រីករាល​ដាល​ជាសកល​នៃជំងឺនេះ​នៅឡើយទេ ​ខណៈដែល​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ធ្លាក់ចុះ ​និង​ប៉ះពាល់​លទ្ធភាព​របស់​ពួកគាត់​ក្នុងការ​បង់សង​កម្ចី៕

Share

Image
Image
Image