en     km
en     km

ព្រះមហាក្សត្រតែងតាំងឯកឧត្ដម ប្រាជ្ញ ចន្ទ ជាប្រធានថ្មីនៃ គ.ជ.ប

Share

ឯកឧត្ដម ប្រាជ្ញ ចន្ទ ដែលបានទទួលសេចក្ដីទុកចិត្តពីរដ្ឋសភាឱ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ត្រូវបានព្រះបាទ នរោត្ដម សីហមុនី តែងតាំងជាផ្លូវការឱ្យដឹកនាំ គ.ជ.ប ក្នុងពេលជាមួយគ្នានឹងការបញ្ចប់មុខតំណែងឯកឧត្ដម ស៊ិក ប៊ុនហុក ដែលបានសុំលាលែង ក្រោមហេតុផល«សុខភាព»។

សម្ដេចព្រះ នរោត្ដម សីហមុនី បានចេញព្រះរាជ្យក្រឹត្យតែងតាំងឯកឧត្ដម ប្រាជ្ញ ចន្ទ ជាប្រធានគណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាផ្លូវការ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែមិថុនានេះតទៅ។

ការតែងតាំងឯកឧត្ដម ប្រាជ្ញ ចន្ទ ដោយព្រះមហាក្សត្រ បានកើតឡើង ក្រោយពីសមាជិករដ្ឋសភា ៨២ រូប ដែលមានវត្តមាន បានបោះឆ្នោតផ្ញើសេចក្ដីទុកចិត្តលើរូបលោកនាព្រឹកថ្ងៃដដែល ឱ្យដឹកនាំស្ថាប័នឯករាជ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ព្រះអង្គបានបញ្ចប់តំណែងឯកឧត្ដម ស៊ិក ប៊ុនហុក ពីប្រធាន គ.ជ.ប ព្រមគ្នានឹងការតែងតាំងប្រធានថ្មី។

ឯកឧត្ដម ស៊ិក ប៊ុនហុក បានសុំលាលែងពីតំណែងកាលពីថ្ងៃទី ០១ ខែមិថុនា ក្រោមហេតុផល«សុខភាព» បន្ទាប់ពីឯកឧត្ដមកាន់ចង្កូត គ.ជ.ប បាន ៦ ឆ្នាំ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រជុំសម្រេចអនុញ្ញតតាមសំណើនោះ នៅ ៣ ថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១។

ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏មកពីគណបក្សប្រជាជនកម្ពុជា ដូចឯកឧត្ដម ស៊ិក ប៊ុនហុក ដែរ។ នៅឆ្នាំនេះ ឯកឧត្ដម ប្រាជ ចន្ទ មានអាយុ ៦៤ ឆ្នាំ។

យោងតាមប្រវត្តិរូប មុនពេលក្លាយជាប្រធាន គ.ជ.ប ឯកឧត្ដមធ្លាប់ជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងបានកាន់តំណែងជាប្រធានគណៈកម្មការទី ១ នៃរដ្ឋសភា ដែលទទួលបន្ទុកការងារសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។ លោកជាអតីតអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ ក្រោយពីបានធ្វើជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៣។ លោកបានចំណាយពេលអស់ជិត ២០ ឆ្នាំ ធ្វើការនៅក្រសួងមហាផ្ទៃ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩១ ដល់ ឆ្នាំ ២០០៩។

រដ្ឋធម្មនុញ្ញកំណត់ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុវត្តសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយឯករាជ្យនិងអព្យាក្រឹត្យ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ យោងតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រធាន ក៏ដូចជាអនុប្រធាន និងសមាជិក ៧ រូបទៀត នៃគ.ជ.ប ចាំបាច់ត្រូវលាលែងពីគណបក្សនយោបាយ និងពីមុខងារសាធារណៈឬឯកជនផ្សេងៗទៀត ដែលមានវិសមិតភាពជាមួយនឹងមុខតំណែងថ្មី។

ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៣ ឯកឧត្ដម ប្រាជ្ញ ចន្ទ ដែលបានក្លាយជាប្រធានថ្មីនៃ គ.ជ.ប ជាផ្លូវការ នឹងចំណាយពេលវេលាដើម្បីត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី ៥ នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ នៅឆ្នាំ ២០២៣៕

Share

Image
Image
Image