en     km
en     km

អង់គ្លេសប្រកាសបន្តជួយកម្ពុជា និងរំពឹងថានឹងធ្វើការជិតស្និទជាមួយកម្ពុជានៅឆ្នាំក្រោយ

Share

លោក ដូមីនិក រ៉ាអាប (Dominic Raab) រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជាហើយ នៅថ្ងៃពុធ ទី ២៣ ខែមិថុនានេះ ហើយលោកក៏បានបន្តដំណើរទៅប្រទេសសិង្ហបុរីនាល្ងាចថ្ងៃដដែល។

ការពិភាក្សាការងាររវាងលោក ដូមីនិក រ៉ាអាប និងឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃពុធ សម្រេចបានលទ្ធផលទូទៅមួយដែលថា អង់គ្លេសនឹងបន្តជួយកម្ពុជាតទៅមុខទៀត ហើយក៏នឹងធ្វើការកាន់តែជិតស្និទជាមួយកម្ពុជានៅឆ្នាំក្រោយ។ នេះបើយោងតាមរបាយការណ៍ស្ដីពីកិច្ចប្រជុំនោះ ដែលផ្សាយចេញនាល្ងាចថ្ងៃពុធ។

ក្នុងទំនាក់ទំនងទ្វេភាគី សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឱ្យដឹងថា ចក្រភពអង់គ្លេសបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធចំពោះទំនិញកម្ពុជា ហើយកន្លងទៅអង់គ្លេសបានជួយកម្ពុជាផ្នែកអប់រំ ផ្នែកបោសសម្អាតមីន និងផ្នែកអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

ប្រភពដដែលបន្តថា ភាគីទាំងពីរបានឯកភាពគ្នាថា «កិច្ចសន្ទនាអំពីបញ្ហាពាណិជ្ជកម្ម»ជារឿង«សំខាន់» ហើយបានបង្ហាញ«គោលបំណងរួមក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការនៅលើ (…) វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសម្អាតមីន សុខាភិបាល និងបរិស្ថាន»។

ក្នុងក្របខ័ណ្ឌអាស៊ានវិញ ឯកឧត្ដម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជា ប្រកបដោយការកោតសរសើរ ចំពោះអង់គ្លេសដែលមានបំណងបង្កើតភាពជាដៃគូសន្ទនាជាមួយអាស៊ាន «អាស្រ័យដោយចក្រភពអង់គ្លេសតែងតែមានទំនាក់ទំនងយ៉ាងសកម្មជាមួយអាស៊ាន»។ នេះជាខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានដែលបន្តថា អង់គ្លេសបានផ្ដល់វិភាគទាន ១ លានផោន ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩។

កម្ពុជានឹងធ្វើជាប្រធានសមាគមអាស៊ាននៅឆ្នាំ ២០២២ ហើយបើតាមការប្រកាសរបស់ក្រសួងការបរទេស ការដឹកនាំរបស់កម្ពុជានឹងផ្តោតជាសំខាន់លើការលើកកម្ពស់មជ្ឈភាពនិងឯកភាពអាស៊ាន ផ្តោតលើការពន្លឿនការស្ដារឡើងវិញក្រោយកូវីដ-១៩ ព្រមទាំងផ្តោតលើការពង្រឹងសុខុមាលភាពសាធារណៈ។

«ចក្រភពអង់គ្លេសទន្ទឹងរង់ចាំក្នុងការធ្វើការយ៉ាងជិតដិតជាមួយកម្ពុជា នាពេលខាងមុខ ក្នុងអំឡុងពេលប្រទេសកម្ពុជាជាប្រធានកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ ២០២២។» នេះជាសេចក្ដីប្រកាសរបស់ស្ថានទូតអង់គ្លេសនៅលើទំព័របណ្ដាញសង្គមកាលពីថ្ងៃពុធ។

ស្ថានទូតអង់គ្លេសបានបន្ថែមថា លោក ដូមីនិក រ៉ាអាប «មានសេចក្តីរីករាយ» ដែលបានជួបពិភាក្សាជាមួយឯកឧត្តម ប្រាក់សុខុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេសនិងប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជុំវិញ«អាទិភាពរួម»។

«អាទិភាពរួម»ដែលស្ថានទូតអង់គ្លេសប្រកាសឱ្យដឹងគឺ«ពាណិជ្ជកម្ម ភាពប្រសើរឡើងវិញពីស្ថានភាពកូវីដ-១៩ សិទ្ធិមនុស្ស និងអំពីប្រទេសមីយ៉ាន់ម៉ា»។ ប៉ុន្តែបញ្ហាសិទ្ធិមនុស្សពុំឃើញមានលើកឡើងក្នុងរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជាឡើយ៕

Share

Image
Image
Image