en     km
en     km

នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្លែងថា ការឃាត់ខ្លួននិងការចោទប្រកាន់យុវសកម្មជនបរិស្ថានជារឿងមិនត្រឹមត្រូវ

Share

ការឃាត់ខ្លួនយុវសកម្មជនបរិស្ថានបីនាក់នៅថ្ងៃពុធ ទី ១៦ ខែមិថុនា ឆ្នាំ ២០២១ ដោយនគរបាល និងក្រោយមកការចោទប្រកាន់ពួកគេតាមផ្លូវតុលាការ ពីបទប្រមាថអង្គព្រះមហាក្សត្រនិងបទរួមគំនិតក្បត់ នាថ្ងៃអាទិត្យ ទី ២០ ខែឆ្នាំដដែល បណ្ដាលឱ្យមានការរិះគន់ពីអង្គការសិទ្ធិមនុស្ស។

កាលពីល្ងាចថ្ងៃអាទិត្យ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់យុវសកម្មជនបរិស្ថានចំនួនបីនាក់ និងស្ថាបនិកនៃអង្គការមាតាធម្មជាតិម្នាក់ ក្នុងបទល្មើសប្រមាថអង្គព្រះមហាក្សត្រ តាមមាត្រ ៤៣៧ (ស្ទួន) និងបទល្មើសរួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

ការចោទតាមផ្លូវតុលការនេះបានកើតឡើង បន្ទាប់ពីនគរបាលបានឃាត់ខ្លួន កាលពីថ្ងៃពុធសប្ដាហ៍មុន យុវតីឈ្មោះ ស៊ុន រដ្ឋា និងមិត្តរួមការងាររបស់នាងពីរនាក់ទៀត គឺយុវជនឈ្មោះ លី ចាន់ដារ៉ាវុធ និងយុវជន យឹម លាងហ៊ី ពេលចុះថតទីតាំងបង្ហូរទឹកស្អុយមួយកន្លែងនៅតាមដងទន្លេក្នុងរាជធានីភ្នំពេញ។

ការណ៍នេះបានធ្វើឱ្យអង្គការសិទ្ធិមនុស្សបញ្ចេញប្រតិកម្មថាមិនអាចទទួលយកបាន។ អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ចេញយោបល់ទាក់ទងនឹងការចាប់ខ្លួននិងការចោទប្រកាន់យុវជនទាំងបីនាក់នោះថា៖ « (…) នៅក្នុងច្បាប់ជាតិ ហើយនិងច្បាប់អន្តរជាតិ គឺលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មរបស់ពលរដ្ឋនៅក្នុងជីវភាពសង្គម សេដ្ឋកិច្ចនយោបាយ ហើយជាពិសេសសម្រាប់ច្បាប់ពាក់ព័ន្ធនិងបរិស្ថានទៅ​ទៀត គឺយើងទាំងអស់គ្នាមានកាត្វកិច្ចក្នុងការថែរក្សាបរិស្ថាន ថែរក្សាធនធានធម្មជាតិ។ ប៉ុន្តែផ្ទុយទៅវិញ យើងឃើញនៅក្នុងប្រទេសកម្ពុជាយើង ជាញឹកញយ សកម្មជនទាំងអស់ហ្នឹងគឺគាត់ប្រឈម ប្រឈមនឹង មិនមែនត្រឹមតែប្រឈមដោយសារពួកគាត់ធ្វើការងារប៉ះពាល់ដល់ផលប្រយោជន៍របស់បុគ្គលមួយចំនួន ដែលគាត់បានចំណេញពីការយកផលប្រយោជន៍ពីធនធានធម្មជាតិ ដូចជាការកាប់បំផ្លាញព្រៃឈើអីជាដើមហ្នឹងទេ ប៉ុន្តែពួកគាត់ប្រឈមមួយទៀតហ្នឹង គឺពីអាជ្ញាធរខ្លួនឯងហ្នឹង ក្នុងការចោទប្រកាន់បទចោទនានាហ្នឹង។»

នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបន្តថា៖ «កន្លងមក យើងឃើញទាំងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស ឬក៏សកម្មជនបរិស្ថានហ្នឹង ហាក់ដូចជាប្រឈមនឹងបទចោទដែលតែងតែពេញនិយម ពាក់ព័ន្ធនឹងបទញុះញង់ ឬក៏បទរួមគំនិតក្បត់ ឬក៏បទក្បត់អីហ្នឹង ខ្ញុំមើលទៅគឺជាទិដ្ឋភាពមួយដែលមិនគួរកើតឡើងនោះទេ ព្រោះវាបង្ហាញថា ប្រទេសកម្ពុជាយើងហាក់ដូចជាសំបូរនូវពលរដ្ឋមួយដែលក្បត់ជាតិ ហើយយើងមិនដឹងថាតើពួកគាត់ដែលត្រូវបានចោ​ទប្រកាន់ហ្នឹង តើគាត់ក្បត់រឿងអី? ចាស ពីព្រោះពេលយើងនិយាយថាក្បត់នេះ គឺជាស្ថានទម្ងន់មួយធ្ងន់មែនទែន ហើយយើងដឹងហើយ កន្លងមក ការក្បត់ជាតិអីនេះ លើកលែងតែ ដូចថាមានការបង្ហាញនូវព័ត៌មានសំងាត់ ដែលវាប៉ះពាល់ដល់សន្តិសុខជាតិ ពាក់ព័ន្ធនឹងរឿងទាហាន រឿងអីដែលនាំឱ្យមានការច្បាំងអីហ្នឹង ប៉ុន្តែមកដល់សម័យបច្ចុប្បន្នដែលយើងតែតែឮថាអរគុណសន្តិភាពអីហ្នឹង ទៅជាយុវជនទាំងអស់ហ្នឹងបែរជាប្រឈមនឹងបទរួមគំនិតក្បត់ទៅវិញ។ អ៊ីចឹងនេះគឺជារឿងមួយដែលមិនគួរកើតឡើង ហើយដែលអាជ្ញាធរ លោកគួរតែពិចារណាឡើងវិញ ហើយធ្វើការទម្លាក់នូវបទចោទ ហើយធ្វើការដោះលែងយុវជនដែលត្រូវបានចាប់ខ្លួនថ្មីៗ (…)។»

អង្គការមាតាធម្មជាតិមានទីតាំងនៅខេត្តកំពង់ស្ពឺ ហើយត្រូវបានបង្កើតឡើង និងដឹកនាំដោយលោក អាឡិចហ្សាន់ដ្រូ ហ្គុងហ្សាឡេ ដាវីសុន (Alejandro Gonzalez Davidson) ជាស្ថាបនិកសញ្ជាតិអេស្ប៉ាញ និងដែលកំពុងរស់នៅឯបរទេស។ ប៉ុន្តែនៅឆ្នាំ ២០១៧ ក្រសួងមហាផ្ទៃបានប្រកាសលុបឈ្មោះអង្គការនេះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល ដែលទទួលហិរញ្ញប្បទានពីបរទេស។

លោក ឆាយ គឺមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌មានហ្វ្រេសញូស៍កាលពីថ្ងៃអាទិត្យថា អង្គការនេះជាអង្គការចាត់តាំង«ខុសច្បាប់» និងធ្វើសកម្មភាព«ញុះញង់»ប្រជាពលរដ្ឋ សារធារណជន «ក្នុងគោលដៅប្រឆាំងនិងផ្ដួលរំលំរាជរដ្ឋាភិបាល» ដោយ«ជ្រកក្រោមស្លាកបរិស្ថាន» និងដោយប្រើថវិកាពាក់ព័ន្ធនឹង«ហិរញ្ញប្បទានភេរវកម្ម»។

លោក សំ សុគង់ មេធាវីរបស់យុវសកម្មជនបរិស្ថានទាំងបីនាក់ បានប្រាប់វិទ្យស្ត្រីកម្ពុជានៅព្រឹកថ្ងៃចន្ទ ទី ២១ ខែមិថនា ឆ្នាំ ២០២១ ថា សាលាដំបូងរាជធានីភ្នំពេញមិនទាន់បានចាត់តាំងចៅក្រមស៊ើបសួរនៅឡើយទេ បន្ទាប់ពីមានការចោទប្រកាន់ដោយព្រះរាជអាជ្ញារងឈ្មោះ សេង ហៀង៕

ក្រមព្រហ្មទណ្ឌចែងថា ការប្រមាថព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ ២ លានរៀល ទៅ ១០ លានរៀល រីឯអំពើរួមគំនិតក្បត់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ៕

Share

ព័ត៌មានទាក់ទង

Image