អង្គការសង្គមស៊ីវិលជាង ២០ ស្ថាប័នចេញសេចក្ដីថ្លែងការណ៍រួមដោយអំពាវនាវសុំឲ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ ការរើសអើង និងអំពើហិង្សា ក្នុងអំឡុងធ្វើចត្តាឡីស័កនិងនៅតំបន់បិទខ្ទប់។ សេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នទាំងនោះកាល ពីថ្ងៃទី១៧ ខែមេសា ។
សេចក្តីថ្លែងការណ៍របស់ អង្គការសង្គមស៊ីវិល សង្កេតឃើញថា ការធ្វើចត្តាឡីស័កអាចបណ្តាលឲ្យប្រឈមនឹងផលវិបាកផ្លូវចិត្តនិងផលរំខាននានាដែលជាហេតុនាំឲ្យមានការកើនឡើងនៃអំពើហិង្សា ការរំលោភបំពានផ្លូវភេទ លើស្ត្រីនិងកុមារ។
សេចក្តីថ្លែងការណ៍ប្រាប់ថា ស្ត្រី កុមារ និងក្រុមអ្នកប្តូរភេទ គឺជាក្រុមដែលងាយរងគ្រោះជាងគេ។
ភាពតានតឹងរបស់ឪពុកម្តាយដែលគ្មានប្រាក់ចំណូលនិងបញ្ហាប្រឈមជាច្រើនទៀតបណ្តាលឲ្យឪពុកម្តាយប្រើអំពើហិង្សាលើកូន។ ចំណែកកុមារវិញ ក៏ប្រឈមនឹងសម្ពាធផ្លូវចិត្ត ធុញថប់ ដោយសារពួកគេមិនអាចចេញក្រៅផ្ទះ និងទៅរៀនសូត្រតាមសាលារៀនដូចមុន។
ក្នុងន័យនេះអង្គការសង្គមស៊ីវិល ទទូចដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមយកចិត្តទុកដាក់ដោយបង្កើនយន្តការច្បាស់លាស់ក្នុងការឆ្លើយតបក្នុងករណីអំពើហិង្សាផ្តល់អាទិភាពដល់ស្ត្រីនិងកុមារ ដើម្បីស្វែងរកនិងផ្តល់ទីតាំងមានសុវត្ថិភាពដល់ពួកគេនៅពេលផ្ទះពួកគេគ្មានសុវត្ថិភាពក្នុងការធ្វើចត្តាឡីស័ក។
បន្តធានាឲ្យមានទីធ្លាសុវត្ថិភាពនិងឯកជនភាពគ្រប់គ្រាន់ សំរាប់អ្នកធ្វើចត្តាឡីស័ករួម ដូចជាកន្លែងគេងដែលកំណត់ដោយស្ត្រី បុរសម្នាក់ៗនិងក្រុមគ្រួសារជាដើម។
ក្រៅពីនេះ អង្គការសង្គមស៊ីវិល បានសុំអោយអាជ្ញាធរបង្កើនការផ្សព្វផ្សាយនិងមានវិធានការតឹងរឹង ដោយស្នើអោយ បង្កើតវិធីសាស្ត្រថ្មីៗ ក្នុងការបង្កើនការគាំទ្រនានាដើម្បីអាចជួយទប់ស្កាត់អំពើហិង្សា ការរំលោភបំពាន ការលុបបំបាត់ការរើសអើងនិងការប្រមាថជាដើម។
ក្នុងន័យនេះទៀត អង្គការសង្គមស៊ីវិល បានផ្ដល់អនុសាសន៍ ដល់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តនិងគាំទ្រកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ ដែលជាដៃគូអភិវឌ្ឍន៍និងក្រុមហ៊ុនឯកជនជាដើម។
ក្នុងអំឡុងបិទខ្ទប់ក្រុងភ្នំពេញ គេសង្កេតឃើញកម្មករ និងពលរដ្ឋ ស្នាក់នៅតាមបន្ទប់ជួលច្រើនរយនាក់ អំពាវនាវសម អំណោយពីអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ក្នុងពេលពួកគេរងការបិទខ្ទប់មិនឱ្យធ្វើដំណើរ ។
អាជ្ញាធរខណ្ឌទាំង២ បានបិទខ្ទប់កម្មករច្រើនម៉ឺននាក់ ឱ្យស្នាក់នៅក្នុងបន្ទប់ជួលជិតដប់ថ្ងៃ។ កម្មករនិងអ្នកប្រកបរបរក្រៅប្រព័ន្ធខ្លះ ឱ្យដឹងថាអ្នកខ្លះ ចាប់ផ្ដើមអស់លុយទិញម្ហូប និងគ្មានអង្ករហូបបណ្ដើរៗហើយ។
កម្មការិនីម្នាក់ធ្វើការនៅរោងចក្រឌីនឡាក់ ក្នុងខណ្ឌពោធិ៍សែនជ័យកញ្ញា នី សុគន្ធ ប្រាប់ថា កម្មករមិនអាចចេញទៅក្រៅបានហើយខ្វះខាតទៀតផង ទើបនាំគ្នាតវ៉ា។
កញ្ញាបន្តថា អាជ្ញាធរបានបិទខ្ទប់កម្មករនិងអ្នករស់នៅតាមបន្ទប់ជួល តាំងពីថ្ងៃទី៩ មេសា ហើយជាងមួយសប្ដាហ៍មកនេះ គ្មាននរណា បានទទួលអំណោយពីអាជ្ញាធររដ្ឋនោះទេ។
ទន្ទឹមនឹងនេះ អាជ្ញាធរបានបិទខ្ទប់បរិវេណនោះទាំងស្រុងមិនអនុញ្ញាតឱ្យកម្មករចេញក្រៅបរិវេណនៃម្ដុំបន្ទប់ជួលបានទេ ។
កញ្ញាបន្តថា កម្មករទាំងអស់អាចទិញម្ហូបអាហារបានតែនៅខាងក្នុងបរិវេណនៃម្ដុំបន្ទប់ជួលទេ ហើយមានអ្នកលក់ម្ហូប ចូលមកលក់ដល់ក្នុងនោះ តែបន្លែ សាច់ ថ្លៃជាងនៅផ្សារ។
កម្មករតាមរោងចក្រនានា និងអ្នកស្នាក់នៅក្នុងបន្ទប់ជួល នៅចន្លោះខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានជួបជុំនាំគ្នាតវ៉ាក្នុងបរិវេណបន្ទប់ជួល នៅម្ដុំផ្លូវវេងស្រេង នៅព្រឹកថ្ងៃទី១៧ ខែមេសា ។
បើទោះជាយ៉ាងណា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះមកសម្របសម្រួល និងសន្យាថា អាជ្ញាធរនឹងដោះស្រាយបញ្ហានេះ ក្នុងចន្លោះពីរ ទៅបីថ្ងៃទៀត។ គេពុំដឹងថា មានកម្មករប៉ុន្មាននាក់នោះទេ ដែល បានអំពាវនាវដូចនេះ ប៉ុន្តែនៅសង្កាត់ខ្លះ ក្នុងតំបន់រាំងខ្ទប់ក្នុងរាជធានីភ្នពេញ ក៏ត្រូវបានអាជ្ញាធរបានចែកអំណោយដែរ ហើយក្នុងនោះមានកម្មករស្នាក់នៅបន្ទប់ជួលផងដែរ។ អំណោយមានដូចជា អង្ករ២០គីឡូក្រាម មីមួយកេះ ត្រីខ២០កំប៉ុង និងថវិកា ៣០ម៉ឺនរៀល។សម្រាប់អង្ករនិងថវិកា៣០ម៉ឺនរៀលដាក់ក្នុងស្រោបសំបុត្រ ដោយសរសេរថាជាអំណោយរបស់សម្ដេចហ៊ុនសែន៕